ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើអ្នកនយោបាយជប៉ុនឃុបឃិតគ្នាជាមួយអង្គការណាតូប្រៀបដូចជានាំចចកឱ្យចូលផ្ទះបានបង្កប់នូវគោលបំណងដ៏អាក្រក់យ៉ាងណា ?
2023-02-03 15:07:30cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានជួបពិភាក្សាជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន ។ ក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានឃោសនាបំប៉ោងយ៉ាងគឃ្លើននូវអ្វីដែលហៅថា "ការគំរាមកំហែងខាងយោធាពីប្រទេសចិន" ។ លោក Fumio Kishida បានអះអាងថា ជប៉ុននឹងគិតពិចារណាពីការចូលរួមជាប្រចាំក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអាត្លង់ទិកខាងជើងដែលជាស្ថាប័នសម្រេចគោលនយោបាយរបស់អង្គការណាតូ ហើយបានលើកឡើងយ៉ាងច្បាស់លាស់ថា នឹងចូលរួមកិច្ចសហប្រតិបត្តិការខាងការពារសន្តិសុខរបស់អង្គការណាតូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ប្រការនេះបានបញ្ជាក់ពីការវិនិច្ឆ័យរបស់មជ្ឈដ្ឋានខាងក្រៅជាប់រហូតមក ពោលគឺ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន កម្លាំងមួយចំនួនរបស់ជប៉ុនកំពុងពន្លឿនឃុបឃិតគ្នាជាមួយកម្លាំងខាងក្រៅ ក៏ដូចជាបាននិងកំពុងនាំមកនូវហានិភ័យនៃការប៉ះទង្គិចនិងបដិបក្ខគ្នាដល់តំបន់អាស៊ីប៉ាស៊ីហ្វិក ។

   ក្រោមការគាំទ្រនិងញុះញង់របស់សហរដ្ឋអាមេរិក អង្គការណាតូបាននិងកំពុងបង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាបន្តបន្ទាប់ដែលប៉ុនប៉ងបង្កបង្កើតអ្វីដែលហៅថា "អង្គការណាតូនៅអាស៊ីប៉ាស៊ីហ្វិក "។ បន្ទាប់ពីវិបត្តិអ៊ុយក្រែនបានផ្ទុះឡើងកាលពីដើមឆ្នាំ ២០២២ ប្រទេសជប៉ុនបានធ្វើតាមអាមេរិកដោយផ្តល់សម្ភារៈយោធាដល់អ៊ុយក្រែននិងអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលទទួលបាន"ការកោតសរសើរ"ពីអង្គការណាតូ ។ កាលពីខែមិថុនា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីជប៉ុនបានចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូជាលើកដំបូងតាមការអញ្ជើញដែលបានក្លាយជាហេតុការណ៍ជានិមិត្តសញ្ញាមួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរឱ្យឡើងដល់កម្រិតថ្មី ។

    សូមបញ្ជាក់ថា កាលពីខែមករាឆ្នាំនេ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានព្រលយសម្តីក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅសហរដ្ឋអាមេរិកថា "ប្រទេសចិនគឺជាបញ្ហាប្រឈមស្នូលដែលជប៉ុននិងសហរដ្ឋអាមេរិកបាននិងកំពុងប្រឈមមុខ" ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃប្រទេស G7 ឆ្នាំនេះ ប្រទេសជប៉ុនកំពុងរកគ្រប់មធ្យោបាយដើម្បីសម្តែងឆាកល្ខោននយោបាយប្រឆាំងប្រទេសចិន ។ ប្រការនេះមិនត្រឹមតែអាចបំភាន់ភ្នែករបស់ប្រជាជនជប៉ុននិងញាក់ខ្សែបញ្ជាមតិសាធារណៈក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏បានសម្របទៅតាមចេតនានយោបាយនៃកម្លាំងប្រឆាំងប្រទេសចិនរបស់សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចផងដែរ ។

    បើមើលពីគោលនយោបាយការពារសន្តិសុខអាចឃើញថា នៅចុងឆ្នាំ ២០២២ រដ្ឋាភិបាលជប៉ុនបានអនុម័តលើ"ឯកសារបីច្បាប់ស្តីពីការការពារសន្តិសុខ"របស់ជប៉ុន ពោលគឺ «យុទ្ធសាស្ត្រធានាសន្តិសុខជាតិ» «យុទ្ធសាស្ត្រការពារជាតិ»និង«ផែនការសម្របសម្រួលកម្លាំងការពារជាតិ» ។ "ឯកសារបីច្បាប់ស្តីពីការការពារសន្តិសុខ"បានកំណត់យ៉ាងច្បាស់លាស់ថា ជប៉ុននឹងពង្រីក"សមត្ថភាពវាយតបតវិញ"ដែលអាចបំផុសការវាយប្រហារដោយផ្ទាល់ទៅលើមូលដ្ឋានមីស៊ីលរបស់សត្រូវព្រមនិងដំឡើងថវិកាការពារជាតិនិងអនុវត្តវិធានការជាច្រើនដើម្បីពង្រឹងសមត្ថភាពការពារជាតិ ។ ប្រព័ន្ធសារព័ត៌មានជប៉ុនភាគច្រើនបានលើកឡើងថា កម្រិតសម្របសម្រួលយុទ្ធសាស្ត្រការពារជាតិរបស់រដ្ឋាភិបាលលោក Fumio Kishida គឺ មានភាពខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមកទេ វាជាលើកទីមួយហើយបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ដែលជាសញ្ញាកត់សម្គាល់ថា គោលនយោបាយការពារជាតិរបស់ជប៉ុនមានការកែប្រែដ៏សំខាន់ ។ បន្ទាប់ពីឯកសារនេះត្រូវបែកធ្លាយ ក៏បានលេចចេញសំឡេងប្រឆាំងក្នុងប្រទេសជប៉ុនភ្លាម ។ អ្នកវិភាគបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គោលការណ៍"ការពារជាតិបែបការពារ"របស់ជប៉ុនប្រហែលនឹងកើតមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហេតុនេះហើយ ស្ថានការណ៍សន្តិសុខនិងស្ថិរភាពក្នុងតំបន់អាស៊ីខាងកើតក៏នឹងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ ។

    បើនិយាយចំពោះកម្លាំងពួកស្តាំនិយមរបស់ជប៉ុនដែលមិនត្រូវបានជម្រះចោលពីឬសគល់បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ពួកគេកំពុងព្យាយាមបង្ករឿង ហើយប៉ុនប៉ងឆ្លៀតប្រើឱកាសនេះដើម្បីរស់ក្នុងសុបិន្ត"គំនិតចក្រពត្តិនិយម"ជាថ្មីឡើងវិញ" ។ ប្រសិនបើអ្នកនយោបាយជប៉ុនចចេសនាំចចកឱ្យចូលផ្ទះ ក៏ដូចជាបង្កភាពចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នោះ លទ្ធផលរបស់ពួកគេមានតែមួយ ពោលគឺ៖ជប៉ុនមុខជានឹងត្រូវអូសចូលក្នុងអន្លង់កាន់តែជ្រៅជាក់ជាមិនខាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស