ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើកិច្ចពិភាក្សាជាមួយលោក Korosi ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧
2023-02-03 15:06:06cri
Share with:

 លោក Wang Yi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមចិនបានធ្វើកិច្ចពិភាក្សាជាមួយលោក Korosi ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅក្រុងប៉េកាំងប្រទេសចិននាថ្ងៃទី២ខែកុម្ភៈ។

ក្នុងកិច្ចជំនួប លោក Wang Yi បានថ្លែងថា ប្រទេសចិនរីករាយរួមជាមួយប្រទេសនានា គាំពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល គាំពារយ៉ាងម៉ឺងម៉ាត់នូវសណ្តាប់ធ្នាប់អន្តរជាតិដែលឈរលើមូលដ្ឋាននៃកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំចំពោះអង្គការសហប្រជាជាតិ រីករាយបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតជាមួយអង្គការសហប្រជាជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ជំរុញរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល ដែលមានដូចជាធនធានទឹក បម្រែបម្រួលអាកាសធាតុ និងជីវចម្រុះជាដើម។

ជាការឆ្លើយតប លោក Korosi បានថ្លែងថា អង្គការសហប្រជាជាតិរំពឹងទុកចំពោះការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ពួតដៃគ្នាដើម្បីយកឈ្នះលើជំងឺឆ្លង រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកលដែលមានដូចជា ហិរញ្ញប្បទានអភិវឌ្ឍន៍ ធនធានទឹក និងបម្រែបម្រួលអាកាសធាតុជាដើម ដើម្បីជំរុញការសម្រេចរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស