ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ មុនពេលធ្វើការពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយភាគីពាក់ព័ន្ធ ភាគីជប៉ុនមិនត្រូវបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រតាមតែទំនើងចិត្តរបស់ខ្លួននោះឡើយ
2023-02-02 16:18:45cri
Share with:

   លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ១ ខែកុម្ភៈថា មុនពេលមានការពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយប្រទេសជិតខាង ភាគីដែលពាក់ព័ន្ធផលប្រយោជន៍ពាក់ព័ន្ធដទៃទៀត និងអង្គការអន្តរជាតិពាក់ព័ន្ធ ប្រទេសជប៉ុនមិនត្រូវបង្ហូរទឹកសំណល់នុយក្លេអ៊ែរតាមតែទំនើបចិត្តរបស់ខ្លួននោះឡើយ។

      យោងតាមការផ្សាយដំណឹងឱ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់អង្គការថាមពលបរមាណូអន្តរជាតិ (IAEA) បានទៅកាន់ប្រទេសជប៉ុនម្តងទៀតពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ ដើម្បីធ្វើការត្រួតពិនិត្យអំពីបញ្ហាទឹកសំណល់នុយក្លេអ៊ែរនៅរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushima ហើយរបាយការណ៍ពាក់ព័ន្ធនឹងត្រូវចេញផ្សាយក្នុងរយៈពេលបីខែខាងមុខ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅថ្ងៃទី ១៣ ខែមករា រដ្ឋាភិបាលជប៉ុនបានប្រកាសជាឯកតោភាគីថា ខ្លួននឹងចាប់ផ្តើមបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រក្នុងអំឡុងពេលនិទាឃរដូវ និងរដូវក្តៅឆ្នាំនេះ។

      ទាក់ទិននឹងករណីនេះ លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀតឱ្យជប៉ុនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភដ៏សមហេតុផលរបស់ភាគីនានា ដោយដោះស្រាយបញ្ហាទឹកសំណល់នុយក្លេអ៊ែរប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ បើកចំហ តម្លាភាព និងមានសុវត្ថិភាព ព្រមនិងទទួលយកការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដើម្បីការពារបរិស្ថានសមុទ្រ ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ខាងសុខភាពរបស់ប្រជាជននៃបណ្តាប្រទេសនានា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស