ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរបស់លោកDeng QingmingអវកាសយានិកចិននៃយានអវកាសShenzhou-15 ភាគទី១
2023-02-02 18:01:50cri
Share with:

 



ទីបំផុតរៀនចេះបើកបរហើយ

នៅអាកាសលើវាលខ្សាច់ gobi មានយន្តហោះពណ៌បៃតងតូចមួយគ្រឿងដែលមានលាបផ្កាយពណ៌ក្រហមនៅលើស្លាប កំពុងចុះចតដោយឆ្ពោះទៅរកផ្លូវរត់តូចចង្អៀតមួយនៅខាងមុខ។ ភ្លាមៗនោះ យន្តហោះមួយនេះបានចាប់ផ្តើមយោលឆ្វេងយោលស្តាំ ផ្អៀងទៅមុខនិងថយក្រោយ ហាក់ដូចជាមិនអាចតម្រឹមជាមួយផ្លូវរត់បានសោះ។

គ្រូបង្រៀនដែលអង្គុយនៅក្នុងកាប៊ីនក្រោយបានស្រែកទៅកាន់កាប៊ីនខាងមុខថា

ហោះហើរឡើងវិញ!បង្កើនល្បឿន!

លោកXiao Deng នៅក្នុងកាប៊ីនខាងមុខគឺជាបុរសវ័យក្មេងម្នាក់ដែលមានអាយុតែ២០ឆ្នាំ គាត់កំពុងសម្លឹងមើលត្រង់ទៅខាងមុខ  ហើយបញ្ជាយន្តហោះយ៉ាងតឹងរ៉ឹងដោយដៃនិងជើងរបស់គាត់។ យន្តហោះកាន់តែហោះយោល  Xiao Deng កាន់តែព្រួយបារម្ភ ដៃស្ដាំរបស់គាត់កាន់ដៃចង្កូតគ្រប់គ្រងយ៉ាងតឹង ហើយរុញនិងទាញដៃចង្កូតល្បឿនដោយដៃឆ្វេងរបស់គាត់ បាតដៃទាំងសងខាងបែកញើស ប៉ុន្តែគាត់នៅតែមិនអាចរៀបចំយន្តហោះឱ្យចំត្រូវជាមួយផ្លូវរត់បានឡើយ។

ដោយមើលឃើញឃ្លាតពីដីកាន់តែជិត គ្រូបង្រៀននៅកាប៊ីនខាងក្រោយបានស្រែកថា:

"លែងដៃ! ទុកឱ្យយើង!"

ពេលគាត់និយាយបែបនេះ គាត់កាន់ចង្កូតដោយដៃម្ខាងដើម្បីឱ្យយន្តហោះមានលំនឹង ហើយដៃម្ខាងទៀតបានបង្កើនល្បឿនស្ទុះឡើង យន្តហោះបានគ្រហឹមងើបក្បាលឡើងវិញ ផ្អៀងខ្លួនទៅម្ខាង ហើយហោះឡើងទៅលើមេឃពណ៌ខៀវ។

នៅកន្លែងចតយន្តហោះ Deng Qingming បានឱនក្បាលដើរតាមគ្រូបង្រៀន ដៃកាន់មួកសុវត្ថិភាព។ គ្រូបង្រៀននោះ តាមពិតគ្រាន់តែជាបុរសដែលចាស់ជាង Deng Qingming ប៉ុន្មានឆ្នាំប៉ុណ្ណោះ។

" Qingming បើហោះបែបនេះ ពួកយើងនឹងមិនអនុញ្ញាតឱ្យឯងហោះហើរដោយខ្លួនឯងបានទេ!" គ្រូបង្រៀននិយាយដោយសំឡេងស្មើ។

Deng Qingming ដឹងច្បាស់ថាសម្តីនេះមានន័យយ៉ាងណា។

នៅយប់នោះ ក្រុមហោះហើរធំកំពុងស្រាវជ្រាវពីបញ្ជីឈ្មោះទាហានឈប់ហោះហើយ។

"លោកGuo សូមនិយាយមើល តើលោកមាន ចាប់អារម្មណ៍អ្នកណាទេ?" មេក្រុមបានងាកទៅរកគ្រូ Guo

"ក្មេងប្រុសដែលខ្ញុំនាំមកគឺមិនអីទេ ប៉ុន្តែ Deng Qingming មានបញ្ហាខ្លះ។"

" Deng Qingming! ក្មេងនេះប្រឹងប្រែងណាស់មែនទេ?"

"អៃ! ប៉ុន្តែការយល់ដឹងមិនល្អទេ!"

" Deng Qingming ទទួលបានចំណាត់ថ្នាក់លេខ 1 ក្នុងការប្រឡងអាកាសយានិកនៃសាលាត្រៀម ហើយគាត់ចាំទិន្នន័យកម្មវិធីយ៉ាងល្អ។ ខ្ញុំមានចំណាប់អារម្មណ៍បន្តិចចំពោះគាត់ ហេតុអ្វីបានគាត់ក្លាយជាមនុស្សសំខាន់?" មេដឹកនាំក្រុមហោះហើរធំបានដាក់ដែកកេះទៅលើតុហើយនិយាយថា៖ " ពីរថ្ងៃក្រោយ ខ្ញុំនឹងហោះហើរជាមួយគាត់ម្តង" ។

  យប់ថ្ងៃដដែល នៅក្នុងបន្ទប់ស្នាក់នៅរបស់និស្សិត។

Deng Qingmingដេកលើគ្រែ ដេកមិនលក់ ដោយបានស្រមៃ ត្រឡប់ទៅស្រុកកំណើតឆ្ងាយវិញ។

គាត់នៅចាំបានថា ពេលគាត់រៀននៅវិទ្យាល័យថ្នាក់ទី១១ ឪពុករបស់គាត់បានលក់ស្បៀង ទិញកង់ឱ្យគាត់ ដើម្បីឱ្យគាត់សន្សំបានពេល២ម៉ោងនៅពេលធ្វើដំណើរទៅសាលារៀន។

គាត់ស្រមៃដល់ស្ថានីយរថភ្លើងនៅស្រុកកំណើត ដែលមានទិដ្ឋភាពអ៊ូអរ និងសំឡេងកងរំពង។ បដាក្រហមធំសរសេរជាអក្សរដិតថា ជូនដំណើរអាកាសយានិក Deng Qingming ហោះហើរខ្ពស់ និងឆ្ងាយ

គាត់ស្រមៃដល់ឪពុកម្ដាយដេញតាមរថភ្លើងដែលទើបចេញដំណើរ ហើយស្រែកប្រាប់គាត់ថា៖ “Ming! ប្រយ័ត្នពេលបើកយន្តហោះ ហោះយឺតៗ...ញ៉ាំស៊ុតនៅតាមផ្លូវ កុំស្ដាយមិនញ៉ាំអី...

    ទឹកភ្នែកពីរជួរហូរដោយស្ងៀមស្ងាត់ចុះមកជ្រុងភ្នែករបស់Deng Qingming ហូរតាមត្រចៀក ហើយធ្លាក់លើខ្នើយ។

នៅកន្លែងចតយន្តហោះ យន្តហោះមួយជួរបានចាប់ផ្តើមដំណើរការ ហើយក្លិនប្រេងសាំងអាកាសចរណ៍លាយឡំជាមួយប្រេងរំអិល រសាត់ពេញខ្យល់។

គ្រូបង្រៀនGuoបាននិយាយនៅក្បែរDeng Qingmingថា មេក្រុមនឹងហោះហើរជាមួយឯងនៅថ្ងៃខានស្អែក។

តើលោកគ្រូ ចង់បញ្ឈប់ខ្ញុំពីការហោះហើរមែនទេ?

មិនប្រាកដទេ មើលតាមជាក់ស្ដែង។

 “លោកគ្រូ ខ្ញុំ…”

លោកគ្រូGuoលើកដៃម្ខាង បង្អាក់សម្តីរបស់Deng Qingming៖  “Qingming បញ្ហារបស់ឯងមិនមែនថាឯងមិនខិតខំទេ ប៉ុន្តែគឺឯងខិតខំខ្លាំងពេក។ ហោះហើរត្រូវចេះសម្រួលអារម្មណ៍ ឯងត្រូវរកវិធីសម្រួលអារម្មណ៍ខ្លួនឯង។

លោកគ្រូ ខ្ញុំក៏ចង់សម្រួលអារម្មណ៍ដែរ ប៉ុន្តែខ្ញុំមិនដឹងពីរបៀបសម្រួលអារម្មណ៍ទេ។

 “ឯងមើលនេះ។លោកគ្រូ Guoបានប្រគល់កាសែត« កងទ័ពរំដោះប្រជាជនចិន។ ឯងរមូរកាសែតមួយសន្លឹកនេះ ហើយកាន់ក្ដាប់ឱ្យជាប់។ មិនត្រូវក្ដាប់រមូរនេះឱ្យជ្រួញទេ មក។

Deng Qingmingកាន់ក្រដាសកាសែតក្នុងដៃតាមគ្រូនិយាយ។

"មើលចុះ ធ្វើបានល្អហើយ។ ពេលបើកយន្តហោះ ឯងត្រូវប្រើកម្លាំងកាន់ចង្កូតបញ្ជាឱ្យដូចឯងកាន់រមូរកាសែតឥឡូវនេះ កុំប្រើកម្លាំងខ្លាំងពេក ប្រសិនបើអ្នកភ័យម្តងទៀតនៅលើយន្តហោះ ឯងត្រូវស្រមៃដល់អារម្មណ៍កាន់រមូរកាសែតនៅថ្ងៃនេះ។"

ពីរថ្ងៃក្រោយមក នៅក្នុងកាប៊ីនយន្ដហោះDeng Qingmingបានបញ្ចប់ការត្រួតពិនិត្យមុនការហោះហើរ ហើយបែរមុខទៅមើលមេក្រុមនៅក្នុងកាប៊ីនខាងក្រោយ។

មេក្រុមហាក់មើលឃើញគំនិតរបស់Deng Qingming លោកប្អូនDeng ឯងហោះដូចរាល់ដងទៅបានហើយ។ តោះចាប់ផ្ដើមទៅ។

Deng Qingmingបានបញ្ចប់កិច្ចការប្រុងមុនការបើកបរភ្លាមៗ ហើយចុចប៊ូតុងចាប់ផ្តើម។

   យន្តហោះបានហោះហើរទៅក្នុងមេឃពណ៌ខៀវ ក្រោមការបញ្ជារបស់Deng Qingming

"ការហោះឡើងអំបាញ់នេះគ្មានបញ្ហាទេ។ យើងនៅខាងក្រោយមិនបានធ្វើអីទាំងអស់ គឺឯងជាអ្នកបញ្ជាទាំងស្រុង។" បន្ទាប់ពីយន្តហោះបានឈានដល់ការហោះឡើងដ៏មានស្ថេរភាពហើយ ប្រធានក្រុមហោះហើរបានផ្តល់ការលើកទឹកចិត្តតាមឧបករណ៍ទាក់ទង ។

នៅពេលយន្តហោះមកដល់ដែនអាកាសហ្វឹកហ្វឺន ប្រធានក្រុមបាននិយាយទៅកាន់ Deng Qingmingថា "Xiao Deng លែងដៃ និងជើងរបស់ឯងទៅ"។

"លោកប្រធាន ... "

"មិនអីទេ ឯងលែងដៃទាំងពីរ ហើយដកជើងចេញ"

ដោយឮសំឡេងស្មើរបស់ប្រធាន Deng Qingming លែងដៃទាំងពីរហើយដកជើងចេញពីឈ្នាន់ ដោយមានមន្ទិលសង្ស័យ ។

"ឯងមើល យើងក៏មិនបានបញ្ជាវាដែរ។ ដរាបណាយន្តហោះត្រូវបានគ្រប់គ្រងឱ្យបានស្ថេរភាពហើយ វានឹងហោះហើរដោយខ្លួនឯងបាន"។

Deng Qingming សឹងតែមិនជឿនឹងភ្នែករបស់គាត់ ពួកគេទាំងពីរមិនបានបញ្ជាយន្តហោះនោះទេ ប៉ុន្តែយន្តហោះកំពុងហោះហើរតាមខ្យល់ត្រជាក់នាពេលព្រឹករលឹមយ៉ាងរលូន  ។

"Xiao Deng ឯងមានការយល់ច្រឡំមួយ គឺការគ្រប់គ្រងបញ្ជាហួសហេតុ។ អ្នកពូកែខាងទ្រឹស្តីអាកាសចរណ៍ដូចជាឯងនេះ ហេតុអីនៅតែមិនយល់? តួខ្លួនយន្តហោះ មានលំនឹង ហើយវាអាចហោះបានដោយខ្លួនឯងបាន ។ អ្វីដែលឯងត្រូវធ្វើ គឺត្រូវបញ្ជាវានៅពេលសមរម្យ ដូចជាការជិះសេះអ៊ីចឹងដែរ  ។ "

"មិនអីទេ ឥឡូវនេះធ្វើតាមវិធីដែលយើងបាននិយាយ ធ្វើការចុះចតឱ្យយើងមើល។"

Deng Qingming ព្យាយាមកែសម្រួលទិសយន្តហោះទៅផ្លូវរត់តាមអ្វីដែលគាត់យល់ថាជាចលនា "ទន់ភ្លន់" ។ យន្តហោះដែលធ្លាប់លោតឡើងចុះដូចសេះដ៏កាចសាហាវនៅក្រោមការគ្រប់គ្រងរបស់គាត់ ស្រាប់តែមានសភាពស្លូតខ្លាំងនៅថ្ងៃនេះ សំដៅទៅរកផ្លូវរត់តាមបទបញ្ជា ។ ធ្លាក់ចុះបន្តិចម្តង ៗ ធ្លាក់ចុះជាលំដាប់និងចុះចតយ៉ាងទន់ភ្លន់នៅលើផ្លូវរត់ ។

យន្តហោះបានរអិលត្រឡប់ទៅទីលានចុះចត។ ប្រធានក្រុមបានចុះពីលើយន្តហោះ ព្រមទាំងនិយាយទៅកាន់គ្រូ Guo ដែលកំពុងរង់ចាំនៅម្ខាងថា "អំបាញ់មិញ គេបានធ្វើការហោះហើរ និងចុះចតដោយខ្លួនឯង ហើយខ្ញុំមិនបានជួយគាត់ទេ។ ចាំមើលធ្វើប៉ុន្មានដងទៀតទៅ" ។

បន្ទាប់ពីប្រធានក្រុមបានចាកចេញ លោកគ្រូ Guo "បានបញ្ជា  Deng Qingming ឱ្យធ្វើការហោះឡើងនិងការចុះចតចំនួន ១០ ដងទៀត ។ យន្តហោះបានរអិលទៅទីលានចុះចត និងរំលត់ម៉ាស៊ីន ។ Deng Qingming ហៀបនឹងដោះខ្សែក្រវ៉ាត់សុវត្ថិភាពរបស់គាត់។ គ្រូ Guo បានដើរចេញពីកាប៊ីនយន្ដហោះមុន ហើយឈរនៅលើស្លាប និងសង្កត់ស្មារបស់ Deng Qingming ប្រាប់គាត់ថា "ឯងមិនបាច់ចុះក្រោមទេ។ បន្ទាប់ពីយើងចុះហើយ ឯងបើកចេញហោះឡើងដូចអំបាញ់មិញទៅ"។

Deng Qingming មានអារម្មណ៍រំភើបចិត្ត ហើយបេះដូងរបស់គាត់ក៏លោតលឿនជាងមុន។

បន្ទាប់មក Deng Qingming  ខំប្រឹងឱ្យមានការស្ងប់ចិត្ត រួចបញ្ឆេះម៉ាស៊ីន រាយការណ៍សារ ហើយបើកចេញមួយជំហានៗ។ ក្រោមការគ្រប់គ្រងបញ្ជារបស់ Deng Qingming យន្តហោះបានហោះពីលើវាលខ្សាច់ Gobi ។ យន្តហោះបានហោះហើរក្នុងកម្ពស់ខ្ពស់ Deng Qingming មើលទៅក្រោយដោយមានមន្ទិលសង្ស័យ មើលទៅឃើញកាប៊ីនខាងក្រោយគឺទទេ។ គ្រូដែលបានផ្តល់ការលើកទឹកចិត្ត និងសម្ពាធយ៉ាងខ្លាំងដល់គាត់មិននៅទេ ។ ពីលើមេឃ មានតែ Deng Qingming ម្នាក់ឯង ។

ប៉ា ម៉ាក់ ទីបំផុតខ្ញុំរៀនចេះបើកយន្តហោះហើយ!” 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស