ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប៉ាឡេស្ទីនប្រកាសថា នឹងបញ្ឈប់ធ្វើកិច្ចសម្របសម្រួលខាងសន្តិសុខជាមួយអ៊ីស្រាអែល
2023-01-27 15:30:08cri
Share with:

កាលពីថ្ងៃទី២៦ខែមករា ប៉ាឡេស្ទីនបានប្រកាសថា នឹងបញ្ឈប់ធ្វើកិច្ចសម្របសម្រួលខាងសន្តិសុខជាមួយអ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងការដែលកងទ័ពអ៊ីស្រាអែលបានបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន៩នាក់នៅត្រើយខាងលិចទន្លេហ្សក់ដង់នៅព្រឹកថ្ងៃដដែល ។

អ្នកនាំពាក្យនៃទីស្តីការប្រធានាធិបតីប៉ាឡេស្ទីនបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលថា ដោយសារភាគីអ៊ីស្រាអែលបានរំលោភបំពានលើប្រជាជនប៉ាឡេស្ទីនឥតឈប់ឈរនិងបំផ្លាញកិច្ចព្រមព្រៀងដែលភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែលបានចុះហត្ថលេខា ដូច្នេះ ភាគីប៉ាឡេស្ទីនសម្រេចចិត្តនឹងបញ្ឈប់ធ្វើកិច្ចសម្របសម្រួលខាងសន្តិសុខជាមួយភាគីអ៊ីស្រាអែល ថ្នាក់ដឹកនាំរបស់ប៉ាឡេស្ទីននឹងទាក់ទងជាមួយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិភា្លម ដើម្បីទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ចាត់វិធានការដែលសំដៅចំពោះប្រជាជនប៉ាឡេស្ទីនដោយឯកតោភាគី ។

សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យបក្សពួកនយោបាយប៉ាឡេស្ទីននានាបើកធ្វើកិច្ចប្រជុំ ដើម្បីពិគ្រោះពិភាក្សាអំពីទស្សនវិស័យជនជាតិដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងឯកភាពគ្នា ដើម្បីទប់ទល់នឹង ការឈ្លានពានរបស់អ៊ីស្រាអែល ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស