ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ប្រទេសជាច្រើនស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ហើយរំពឹងទុកប្រទេសចិនជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក
2023-01-23 15:38:35cri
Share with:

        ចាប់តាំងពីប្រទេសចិនបានកែលំអវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩   យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិនិងសមត្ថភាពផ្តល់សេវាកម្មធានាលើគ្រប់វិស័យ ប្រទេសចិនបានបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនឡើងវិញដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង ។   ទីផ្សារទេសចរណ៍សកល  បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងរាក់ទាក់កក់ក្តៅ ។  សហគមន៍អន្តរជាតិទទួលសម្គាល់ជាទូទៅថា  ការដែលប្រទេសចិនកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩   ធ្វើឱ្យបែបបទចេញទៅក្រៅប្រទេសមានភាពងាយស្រួល  និងបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេស  ប្រការទាំងនេះមានអំណោយផលដល់ការជំរុញការអភិវឌ្ឍទេសចរណ៍ពិភពលោក  ជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច  ក៏ដូចជាបំពេញបន្ថែមភាពរស់រវើកកាន់តែច្រើនដល់ការជំរុញការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជនចិននិងបរទេស ។

       ប្រទេសជាច្រើនដូចជារុស្សី  កម្ពុជា  ថៃ  ឥណ្ឌូណេស៊ី  ម៉ាល់ឌីវ និងសិង្ហបុរីជាដើមបានសំដែងថា ពួកគេនឹងមិនចាត់វិធានការដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិននោះទេ ហើយបាននាំគ្នាបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ។  សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា  សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់នៅឆ្នាំ២០២៣នេះ  ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាស្តារឡើងវិញក្នុងពេលឆាប់ៗ។ វេបសាយLianhe Zaobaoប្រទេសសិង្ហបុរីបានរាយការណ៍ថា  ប្រទេសចិនបើកឡើងវិញឱ្យប្រជាពលរដ្ឋចិនធ្វើដំណើរទៅក្រៅប្រទេសដ៏មានសណ្តាប់ធ្នាប់   នឹងជំរុញឱ្យភ្ញៀវទេសចរណ៍ចិនត្រឡប់ទៅធ្វើទេសចរណ៍នៅសិង្ហបុរីវិញ ដែលអាចលើកកម្ពស់ចំណាយនៅក្នុងស្រុក ។   ឧបនាយករដ្ឋមន្ត្រីថៃនិងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតបានធ្វើធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីទទួលស្វាគមន៍ជើងយន្តហោះចិនទៅកាន់ប្រទេសថៃ   ព្រមទាំងបានជូនកញ្ចប់បង្ការជំងឺឆ្លងនិងកម្រងផ្កា   អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍ជាតិថៃបាននិយាយជាភាសាចិនទៅកាន់ភ្ញៀវទេសចរណ៍ចិនថា"ចិននិងថៃជាគ្រួសារតែមួយ"។ នៅថ្ងៃទី១៨ខែមករា  រដ្ឋាភិបាលម៉ាល់ឌីវបានរៀបចំពិធីទ្វារទឹកយ៉ាងឱឡារិក ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ចិនដែលធ្វើដំណើរតាមជើងយន្តហោះហើរត្រង់ជាលើកដំបូងពីប្រទេសចិនទៅកាន់ម៉ាល់ឌីវ...

       ក្នុងរយៈពេល៣ឆ្នាំដែលទប់ទល់នឹងជំងឺកូវីដ១៩   រដ្ឋាភិបាលចិនបានធ្វើការខិតខំពេញទំហឹង  ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ជនជាតិចិនគ្រប់រូប។ ក្នុងពេលជាមួយគ្នានេះ  ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ចំនួនជាង២ពាន់២រយលានដូស ដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៥០   បានផ្តល់សម្ភារៈទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ សរុបរាប់រយពាន់លានដល់១៥៣ប្រទេសនិងអង្គការអន្តរជាតិចំនួន១៥   ព្រមទាំងបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ចំនួន៣៨ក្រុមទៅកាន់៣៤ប្រទេស។ ពិភពលោកទាំងមូលមើលឃើញយ៉ាងច្បាស់លាស់នូវការរួមចំណែករបស់ប្រទេសចិនដល់ពិភពលោក  ។

      នាពេលបច្ចុប្បន្ននេះ  ស្របពេលជាមួយនឹងចិនបានកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩   គ្រប់ទីកន្លែងនៃប្រទេសចិន ហាក់ដូចជាបានចុចប៊ូតុង"ឆ្ពោះទៅមុខលឿន"  នៃការស្ដារសេដ្ឋកិច្ចឡើងវិញ   ដែលបានពន្លឿនការស្តារផលិតកម្មឡើងវិញ  ធ្វើឱ្យទីផ្សារពាណិជ្ជកម្មងើបឡើងវិញ  តំបន់ទេសចរណ៍ជាង៧០ភាគរយបានធ្វើអាជីវកម្មឡើងវិញ  ហើយនៅតាមផ្លូវ  ក្នុងផ្សារទំនើបនិងភោជនីយដ្ឋានក៏មានអ្នកដំណើរនិងភ្ញៀវពេញទាំងអស់ ។   ថ្ងៃទី២១ខែមករា  ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលជាបុណ្យសំខាន់បំផុតរបស់ជនជាតិចិន។ ប៉ុន្មានថ្ងៃនេះ  ការដឹកជញ្ជូននៅប្រទេសចិនក៏បានឈានដល់ដំណាក់កាលកំពូលនៃការធ្វើដំណើរនៅបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ។ យោងតាមទិន្នន័យស្ថិតិបានបង្ហាញឱ្យឃើញថា អំឡុងពេល ១២ ថ្ងៃដំបូងនៃការដឹកអ្នកដំណើរក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន(ពីថ្ងៃទី៧ ដល់ថ្ងៃទី ១ ខែមករា) ផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងអាកាសចរណ៍ស៊ីវិលនៅទូទាំងប្រទេសចិនបានដឹកអ្នកដំណើរសរុបចំនួន ៤ រយ ៨០ លាននាក់ដែលបានកើនឡើង ៤៧,១ ភាគរយប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ នេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ១៩  សង្គមចិនបានបង្ហាញឱ្យឃើញនូវកម្លាំងរស់រវើកដែលមិនអាចប្រៀបផ្ទឹមបាន ។

     រយៈពេល៣ឆ្នាំនៃការរីករាលដាលជំងឺកូវីដ១៩  សេដ្ឋកិច្ចពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំង។  ចំណែកប្រទេសចិនបានដើរតាមផ្លូវដែលអាចបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពខ្ពស់ផង  ហើយក៏អាចអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ  ដូច្នេះចិនបានក្លាយជា“ក្បាលម៉ាស៊ីន”នៃការងើបឡើងវិញសេដ្ឋកិច្ចសកល។ មតិមហាជនក្នុងស្រុកនិងអន្តរជាតិសម្គាល់ឃើញជាទូទៅថា ឆ្នាំនេះ ដំណើរសេដ្ឋកិច្ចរបស់ចិនមានសង្ឃឹមកើនឡើងជាទូទៅ។  ធនាគារវិនិយោគនិងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ។លោកBrende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងកាលពីប៉ុន្មានថ្ងៃមុនថា  ការកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ១៩របស់ប្រទេសចិន  នឹងជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត និងជួយដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ មូលនិធិរូបិយវត្ថុអន្តរជាតិសម្គាល់ឃើញថា  នៅឆ្នាំ២០២៣  សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងជាលំដាប់ ហើយនឹងក្លាយជាកត្តាវិជ្ជមានដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចពិភពលោក។

       នៅដើមឆ្នាំ២០២៣  ភាពរស់រវើកនៃសេដ្ឋកិច្ចសង្គមចិនកំពុងត្រូវបានបញ្ចេញបន្ថែមទៀត  ហើយបណ្តាប្រទេសពិភពលោកក៏កំពុងរំពឹងទុកប្រទេសចិនរួមចំណែកក្នុងការអភិវឌ្ឍទេសចរណ៍ពិភពលោក និងជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ  ក៏មានប្រទេសមួយចំនួនតិចមិនអើពើការពិតផ្នែកវិទ្យាសាស្ត្រ និងស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩របស់ខ្លួន  ចាត់វិធានការដាក់កំហិតលើការចូលដែនប្រកបដោយភាពរើសអើងសំដៅចំពោះប្រទេសចិន។ យ៉ាងណាមិញ មិនថាពួកគេធ្វើឧបាយកលនយោបាយប៉ុណ្ណាក៏ដោយ   ពួកគេក៏មិនអាចលុបបំបាត់ចោលសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នោះដែរ។

         បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩សកលនៅមិនទាន់បញ្ចប់នៅឡើយទេ បណ្តាប្រទេសនានាមានតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទើបអាចដើរចេញផុតពីស្រមោលខ្មៅក្នុងពេលឆាប់ៗ ។ ប្រទេសចិនដែលបាននិងកំពុងស្តារឡើងវិញឥតឈប់ឈរ នឹងជំរុញការទប់ទល់នឹងជំងឺកូវីដ១៩ប្រកបដោយសាមគ្គីភាពជាបន្តបន្ទាប់ ដើម្បីរួមចំណែករបស់ចិនក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស