បន្ទាប់ពីរំលងរយៈពេល ៣ ឆ្នាំ "ចរន្តមនុស្សដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក"គឺ ការដឹកអ្នកដំណើរក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានលេចចេញទិដ្ឋភាពដ៏អស្ចារ្យជាថ្មីឡើងវិញ ។ យោងតាមទិន្នន័យស្ថិតិបានបង្ហាញឱ្យឃើញថា អំឡុងពេល ១២ ថ្ងៃដំបូងនៃការដឹកអ្នកដំណើរក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន(ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៨ ខែមករា) ផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងអាកាសចរណ៍ស៊ីវិលនៅទូទាំងប្រទេសចិនបានដឹកអ្នកដំណើរសរុបចំនួន ៤ រយ ៨០ លាននាក់ដែលកើនឡើង ៤៧,១ ភាគរយប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ នេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លង សង្គមចិនបានបង្ហាញឱ្យឃើញនូវកម្លាំងរស់រវើកដែលមិនអាចប្រៀបផ្ទឹមបាន ។
នៅចំពោះមុខនឹងទិដ្ឋភាពដ៏រុងរឿងនិងអ៊ូអររបស់ប្រទេសចិន ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបែរជាបានព្យាករណ៍ដែលគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងជាញឹកញាប់ថា ប្រទេសចិនមិនបានត្រៀមលក្ខណៈឱ្យបានល្អដើម្បីកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងនោះទេ ដូច្នេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងក្លាយជា"គ្រាងងឹត"នៃការរីករាលដាលជំងឺឆ្លងរបស់ប្រទេសចិន ។ អ្នកផងទាំងពួងមិនដឹងថា តើសន្និដ្ឋានបែបនេះគឺមកពីណា ប៉ុន្តែ ពួកយើងដឹងច្បាស់ថា ពាក្យទាំងនេះខុសគ្នាយ៉ាងជ្រះស្រឡះជាមួយនឹងការយល់ដឹងនិងចំណាប់អារម្មណ៍ជាទូទៅរបស់ប្រជាជនចិននិងសហគមន៍អន្តរជាតិ ។
សូមបញ្ជាក់ថា បន្ទាប់ពីបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងនៅដំណាច់ឆ្នាំ ២០២២ ការងារសំខាន់នៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលចិនបានផ្លាស់ប្ដូរពីការបង្ការឆ្លងជំងឺទៅជាការព្យាបាលរោគ ។ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លងកាត់ដំណាក់កាលកែសម្រួលនិងផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការជំងឺរាតត្បាតក្នុងពេលឆាប់ៗ ។
ដោយគិតពិចារណាពីធនធានវេជ្ជសាស្ត្រនៅតំបន់ជនបទនៅតែទន់ខ្សោយ លើសពីនេះទៅទៀត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំនួនមនុស្សត្រឡប់ទៅស្រុកកំណើតវិញបានកើនឡើងយ៉ាងច្រើន ហេតុនេះហើយបានជា តំបន់ជនបទគឺជាចំណុចសំខាន់បំផុតក្នុងការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិននាពេលបច្ចុប្បន្ន ។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានដាក់ចេញជាពិសេសនូវផែនការការងារ តម្រូវឱ្យពង្រឹងការងារបង្ការនិងការពារហ្វូងមនុស្សដ៏សំខាន់នៅតាមជនបទ ។
ការរៀបចំចាត់ចែងដោយចំគោលដៅនិងល្អិតល្អន់ទាំងនេះបានឆ្លុះបញ្ចាំងពីការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង ប្រការទាំងនេះគឺអនុវត្តតាមគោលការណ៍ស្តីពីការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដោយចំគោលដៅតាមបែបវិទ្យាសាស្ត្រ ។ អាស្រ័យដោយការត្រៀមរៀបចំយ៉ាងគ្រប់គ្រាន់និងសមត្ថភាពឆ្លើយតបយ៉ាងសកម្ម បានជាប្រទេសចិនបាននិងកំពុងឆ្លងកាត់យ៉ាងរលូននូវដំណាក់កាលកែសម្រួលនិងផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការជំងឺរាតត្បាត ។ នៅចំពោះមុខការពិតជាក់ស្តែង ការឃោសនាបំប៉ោងរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច គឺគ្មានទីសំអាងទាល់តែសោះ ។
ភាពច្របូកច្របល់ ភាពបរាជ័យនិងមិនបានត្រៀមលក្ខណៈ នេះជាការឆ្លងកាត់ដែលមិនអាចបំភ្លេចបានបំផុតរបស់ប្រទេសលោកខាងលិចមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ។ ប៉ុន្តែ ឥឡូវនេះ ពួកគេមិនគិតពិចារណាពីការពិតជាក់ស្តែង បែរជាដាក់កំហុស"ទទួលភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ”ទៅឱ្យប្រទេសចិនដើម្បីសម្រេចបាននូវគោលដៅដែលចង់ធ្វើការវាយប្រហារនិងមួលបង្កាច់ព្រមនិងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។ ឧបាយកលនយោបាយទាំងនេះប្រាកដជាត្រូវលាតត្រដាងដោយការពិតជាក់ជាមិនខាន ។
ថ្ងៃនេះជាថ្ងៃដាច់ឆ្នាំតាមចន្ទគតិចិន ។ ប្រទេសចិនបានបញ្ជាក់តាមរយៈការពិតជាក់ស្តែងថា ឈរលើមូលដ្ឋានដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការទប់ទល់នឹងការរីករាលដាលនៃជំងឺឆ្លង អ្វីៗទាំងអស់បាននិងកំពុងមានភាពកាន់តែល្អប្រសើរ ហើយរដូវផ្ការីកស្គុះស្គាយក៏ជិតចូលមកដល់ផងដែរ ៕