ថ្ងៃទី១៩ ខែមករា ប្រទេសចិនបានអនុវត្តវិធានការ “ថ្នាក់B គ្រប់គ្រងតាមថ្នាក់B"ចំពោះវីរុសកូវីដ១៩ រយៈពេល១១ថ្ងៃរួចហើយ ។ គណៈកម្មាធិការជាតិសុខាភិបាលចិនបានឧទ្ទេសនាមថា នៅខេត្តនានានៃប្រទេសចិន កម្រិតខ្ពស់បំផុតនៃចំនួនករណីឈឺធ្ងន់នៅផ្នែកមើលជំងឺនិងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបានឆ្លងផុតរលកខ្ពស់រួចហើយ ។ ប្រការនេះធ្វើឱ្យប្រជាជនចិនអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយស្ងប់ចិត្ត ។ នេះគឺអាស្រ័យលើប្រទេសចិនបានបង្ការជំងឺកូវីដ១៩តាមបែបវិទ្យាសាស្ត្រនិងចំគោលដៅផង ហើយក៏ជាសក្សីនៃសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ក្នុងរយៈពេលបីឆ្នាំមក រដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងដោយពេញទំហឹង ដើម្បីគាំពារសុវត្តិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិនគ្រប់រូប ។ ក្នុងនាមជាប្រទេសធំដែលមានប្រជាជនចំនួន១ពាន់៤រយលាននាក់ ប្រការនេះក៏ជាការរួមចំណែកយ៉ាងសកម្មដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល ។
ក្នុងរយៈពេលបីឆ្នាំមក ប្រទេសចិនបានចែករំលែកព័ត៌មានអំពីជំងឺកូវីដ១៩ជាមួយសហគមន៍អន្តរជាតិប្រកបដោយភាពបើកចំហនិងមានតម្លាភាព ហើយបានផ្តល់ទីសំអាងវិទ្យាសាស្ត្រដល់ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាសិក្សាស្រាវជ្រាវវ៉ាក់សាំងនិងថ្នាំធ្វើតេស្ត ។
គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួនលើសពី២ពាន់២រយលានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៥០ បានផ្តល់សម្ភារៈទប់ទល់នឹងជំងឺកូវីដ១៩ចំនួនរាប់សែនលានគ្រឿងដល់ប្រទេសចំនួន១៥៣ និងអង្គការអន្តរជាតិចំនួន១៥ ក៏ដូចជាបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រចំនួន៣៨ក្រុមទៅកាន់ប្រទេសចំនួន៣៤ ទៀតផង ។ នេះជាសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនដើម្បីជំរុញកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល និងជំរុញការបង្កើតសហគមន៍រួមសុខភាពរបស់មនុស្សជាតិ ។
បើមើលពីវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសចិនបានដើរតាមផ្លូវដែលអាចបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពខ្ពស់ផង ហើយក៏អាចអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ហើយបានក្លាយជា “ក្បាលម៉ាស៊ីន”នៃការងើបឡើងវិញសេដ្ឋកិច្ចសកល ។ មតិមហាជនក្នុងស្រុកនិងអន្តរជាតិសម្គាល់ឃើញជាទូទៅថា ឆ្នាំនេះ ដំណើរសេដ្ឋកិច្ចរបស់ចិនមានសង្ឃឹមកើនឡើងជាទូទៅ ។ ធនាគារវិនិយោគនិងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ។
ក្នុងរយៈពេលបីឆ្នាំមក ប្រឈមនឹងការវាយប្រហារពីជំងឺកូវីដ១៩ និងការងើបឡើងវិញនូវឯកតោភាគីនិយមនិងការពារនិយាម ប្រទេសចិនបានពង្រីកការបើកទូលាយយ៉ាងសកម្ម ដើម្បីរក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់សកល ។
ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រយៈពេល៣ឆ្នាំ ពិភពលោកសុទ្ធតែមើលឃើញយ៉ាងច្បាស់ពីការរួមចំណែករបស់ចិន ។ មិនថាអ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនវាយប្រហារនិងមួលបង្កាច់ប្រទេសចិនយ៉ាងណាក៏ដោយ ក៏មិនអាចបំបិទការពិតជាក់ស្តែងនោះទេ ។ បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩សកលនៅមិនទាន់បញ្ចប់នៅឡើយទេ បណ្តាប្រទេសនានាមានតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទើបអាចដើរចេញផុតពីស្រមោលខ្មៅក្នុងពេលឆាប់ៗ ។ ប្រទេសចិនដែលបាននិងកំពុងស្តារឡើងវិញឥតឈប់ឈរ នឹងជំរុញការទប់ទល់នឹងជំងឺកូវីដ១៩ដោយសាមគ្គីគ្នាជាបន្តបន្ទាប់ ដើម្បីរួមចំណែករបស់ចិនក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ៕