ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Patrice Guillaume Athanase Talon ប្រធានាធិបតីបេនីនជួបពិភាក្សាការងារជាមួយលោក Qin Gang រដ្ឋមន្រ្តីការបរទេសចិន
2023-01-15 13:58:41cri
Share with:

    កាលពីថ្ងៃទី ១៣ ខែមករា តាមម៉ោងក្នុងតំបន់ នៅទីក្រុង Cotonou លោក Patrice Guillaume Athanase Talon ប្រធានាធិបតីបេនីនបានជួបពិភាក្សាការងារជាមួយលោក Qin Gang រដ្ឋមន្រ្តីការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសបេនីន ។

    ថ្លែងក្នុងកិច្ចជំនួប លោក Patrice Guillaume Athanase Talon បានលើកឡើងថា យើងឱ្យតម្លៃនិងថែរក្សាចំពោះការគាំទ្រនិងជំនួយឧបត្ថម្ភដែលបានផ្តល់ដោយប្រទេសចិនក្នុងរយៈពេលជាយូរណាស់មកហើយ ហើយនឹងបន្តធ្វើជាមិត្តភក្តិដ៏មុតមាំនិងអាចជឿទុកចិត្តបានរបស់ប្រទេសចិន ។ បេនីនរំពឹងទុកថា អាចរៀនសូត្រពីបទពិសោធន៍របស់ប្រទេសចិន ធ្វើឱ្យស៊ីជម្រៅនូវការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជាពន្លឿនការអភិវឌ្ឍនិងស្តារភាពរុងរឿងឡើងវិញនៃប្រទេសជាតិ ។

    ជាការឆ្លើយតប លោក Qin Gang បានលើកឡើងថា ចិនសូមថ្លែងអំណរគុណចំពោះបេនីនដែលបានផ្តល់ការយោគយល់គ្នានិងការគាំទ្រក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលនិងការយកចិត្តទុកដាក់ដ៏សំខាន់របស់ប្រទេសចិន ហើយរីករាយបន្តធ្វើជាដៃគូដ៏ស្មោះត្រង់ដែលអាចជឿទុកចិត្តគ្នាទៅវិញទៅមកនិងពួតដៃគ្នារីកចម្រើនទៅមុខ ។ លោករំពឹងថា នឹងរួមគ្នាអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរនិងលទ្ធផលជាផ្លែផ្ការបស់សន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី ៨ នៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងបេនីនឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ។

    លោក Qin Gang បានលើកឡើងទៀតថា យើងរីករាយធ្វើការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយបេនីន គាំទ្របេនីនស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ក៏ដូចជានឹងអនុវត្តតាមស្មារតីសហប្រតិបតិ្តការដ៏មេត្រីភាពរវាងចិននិងអាហ្វ្រិក ហើយសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាហ្រ្វិកដែលបូករួមទាំងបេនីនផងដែរដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស