ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា វ៉ាក់សាំងរបស់ចិនមានសុវត្ថិភាពនិងប្រសិទ្ធភាព
2023-01-14 12:30:53cri
Share with:

      សំដៅចំពោះការដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចខ្លះ បានធ្វើការប្រៀបធៀបប្រសិទ្ធភាពរវាងវ៉ាក់សាំងដែលផលិតដោយប្រទេសចិន និងវ៉ាក់សាំងបរទេស ដូចជាផលិតដោយក្រុមហ៊ុន Pfizer ជាដើម ដោយអះអាងថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពមិនសូវល្អ  នៅថ្ងៃទី១៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថា វ៉ាក់សាំងរបស់ចិនមានសុវត្ថិភាពនិងប្រសិទ្ធភាព ។

      លោក Wang Wenbin បានលើកឡើងថា ប្រទេសចិនជាប្រទេសតែមួយគត់នៅលើពិភពលោកដែលអាចផលិតវ៉ាក់សាំងតាមបច្ចេកទេសជាច្រើន ដែលបានផ្តល់ជម្រើសច្រើនបែបយ៉ាងដល់ការបង្កើតភាពស៊ាំរោគជាមូលដ្ឋាននិងបង្កើនភាពស៊ាំរោគរបស់ប្រជាពលរដ្ឋ ហើយក៏អាចបំពេញតាមតម្រូវការលើវិស័យចាក់វ៉ាក់សាំងបានផងដែរ ។

        លោក Wang Wenbin បានថ្លែងទៀតថា នាពេលថ្មីៗកន្លងទៅនេះ អ្នកទទួលខុសត្រូវពាក់ព័ន្ធរបស់អង្គការសុខភាពពិភពលោកបានថ្លែងថា អត្រាចាក់វ៉ាក់សាំងរបស់ចិនខ្ពស់ណាស់ មិនថាវ៉ាក់សាំងប្រភេទសម្លាប់មេរោគ ប្រភេទផ្ទុកវីរុស ឬក៏ប្រភេទmRNAក៏ដោយ ក៏សុទ្ធតែមានការការពារយ៉ាងខ្លាំងក្នុងការបង្ការករណីឈឺធ្ងន់និងករណីស្លាប់ផងដែរ ។

      លោក Wang Wenbin បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ នៅប្រទេសចិន អត្រាចាក់វ៉ាក់សាំងទាំងស្រុងបានឡើងដល់៩២,៩ភាគរយ អត្រាចាក់វ៉ាក់សាំងរបស់អ្នកចាស់ៗដែលមានអាយុលើសពី៦០ឆ្នាំបានលើសពី ៩០ភាគរយ ។ក្រៅពីនេះប្រទេសចិនក៏បានផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួនលើសពី២ពាន់២រយលានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១២០ទៀតផង ។ ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថា វ៉ាក់សាំងរបស់ចិនមានសុវត្ថិភាពនិងប្រសិទ្ធភាព ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស