ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ “ប្រជាជនជាសំខាន់ ជីវិតជាសំខាន់” បានការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជន
2023-01-11 17:05:12cri
Share with:

មានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរជាផ្លូវការ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិន កាលពីព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣ នារាជធានីភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានលើកឡើងអំពីគោលនយោបាយកូវីដ១៩ របស់រដ្ឋាភិបាលចិនផងដែរ។ ឯកឧត្តមគូសបញ្ជាក់ថា ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ “ប្រជាជនជាសំខាន់ ជីវិតជាសំខាន់”។

ឯកឧត្តមថា ៖ «យើងបានឃើញថា ថ្មីៗនេះ ប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត។ យើងគិតថា ការកែសម្រួលរបស់ប្រទេសចិន គឺមានភាពប្រុងប្រយ័ត្ន និងមានលក្ខណៈវិទ្យាសាស្ត្រ ហើយវាផ្អែកលើការយល់ដឹងអំពីលក្ខណៈនៃមេរោគ ស្ថានភាពជំងឺរាតត្បាតសកល និងក្នុងស្រុក និងការផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការ និងគ្រប់គ្រងក្នុងស្រុក និងអន្តរជាតិ។ អ្វីដែលសំខាន់បំផុតនោះគឺថា ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ “ប្រជាជនជាសំខាន់ ជីវិតជាសំខាន់” បានការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជន ហើយទទួលបានជោគជ័យក្នុងការរក្សាបាននូវអត្រាឆ្លង ចំនួនអ្នកជំងឺឈឺធ្ងន់ និងស្លាប់នៅកម្រិតទាបបំផុតនៅក្នុងពិភពលោក»។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ទាក់ទងនឹងសមាជលើកទី២០ របស់បក្សកុម្មុយនីស្តចិនផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តមសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះបក្សកុម្មុយនិស្តចិនដែលបានរៀបចំសមាជលើកទី២០ដោយជោគជ័យ។ បុព្វហេតុដ៏អស្ចារ្យរបស់ប្រជាជនចិនបានឈានចូលដំណាក់កាលថ្មីមួយ យើងជឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រជាជនចិននឹងមានការរីកចំរើនយ៉ាងខ្លាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស