ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឧបាយកលនយោបាយរបស់អ្នកនយោបាយមួយចំនួនរបស់អាមេរិកមិនអាចរារាំងការស្តារសេដ្ឋកិច្ចចិនឡើងវិញយ៉ាងខ្លាំងក្លានោះទេ
2023-01-10 11:01:27cri
Share with:

      “អ្នកវិនិយោគពិភពលោកទាំងមូលរំពឹងថានឹងត្រឡប់ទៅប្រទេសចិនវិញ ដើម្បីប្រកបអាជីវកម្ម ។” នាពេលថ្មីៗកន្លងទៅនេះ កាសែតFinancial Times របស់អង់គ្លេសបានផ្សាយដំណឹងដោយដកស្រង់ពីទស្សនៈរបស់អ្នកជំនាញនៃស្ថាប័នវិនិយោគដូចពោលខាងលើ ។ ចាប់ពីថ្ងៃទី៨ ខែមករាឡើងទៅ  ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនបានឈានចូលដំណាក់កាលថ្មី ប្រការនេះបាននាំមកនូវជំនឿចិត្តយ៉ាងខ្លាំងដល់អ្នកវិនិយោគសកល ។

      បច្ចុប្បន្ននេះ ក្នុងស្រុកចិន ចំនួនមនុស្សនៅទីផ្សារធំៗបានកើនឡើងជាបន្តបន្ទាប់ ទីផ្សារវប្បធម៌និងទេសចរណ៍មានភាពរស់រវើកឡើងវិញ គម្រោងវិស្វកម្មធំនិងសំខាន់នៃតំបន់ជាច្រើនបានបើកការដ្ឋានសាងសង់ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ទស្សនៈរបស់សេដ្ឋវិទូថា “ការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងខ្លាំងក្លាកំពុងលេចចេញនៅចំពោះមុខ ។”

      ក្នុងរយៈពេល៣ឆ្នាំកន្លងមក ជនជាតិអាមេរិកមួយចំនួនតែងតែរកបានទស្សនៈខុសឆ្គង ដើម្បីខំប្រឹងបង្ហាញមុខមាត់របស់ខ្លួន ។ ខណៈពេលការរីករាលដាលនៃជំងឺកូវីដ១៩មានសភាពធ្ងន់ធ្ងរ ប្រទេសចិនបានអនុវត្តគោលនយោបាយបង្ការជំងឺឆ្លងយ៉ាងតឹងរ៉ឹង ពួកគេបានអះអាងថា ប្រការនេះធ្វើឱ្យអ្នកវិនិយោគបរទេសធ្លាក់ចុះជំនឿចិត្ត និងពិបាកធ្វើអាជីវកម្ម ហើយបានទាមទារឱ្យចិន “បើកទ្វារ” ប៉ុន្តែខណៈពេលចិនបានកែសម្រួលវិធានការបង្ការជំងឺឆ្លងតាមពេលវេលានិងសភាពការណ៍ខុសៗគ្នា ពួកគេបែរជាអះអាងទៀតថា សភាពជំងឺឆ្លងរបស់ចិននឹងនាំមកនូវហានិភ័យដល់សហគ្រាសបរទេសនៅចិន ។ និយាយជារួម មិនថាចិនធ្វើយ៉ាងណា គោលបំណងរបស់ពួកគេមិនបានកែប្រែនោះទេ គឺរិះរកគ្រប់មធ្យោយបាយដើម្បី “ផ្ទេរ”ខ្សែសង្វាក់ឧស្សាហកម្មចេញពីប្រទេសចិន ។ ទង្វើស្តង់ដារពីរដ៏សុទ្ធសាធបែបនេះ បានបង្ហាញឱ្យឃើញនូវគំនិតលំអៀងដែលដក់ក្នុងផ្នត់គំនិត និងការប៉ុនប៉ងទប់ស្កាត់ដាក់សម្ពាធទៅលើប្រទេសចិនរបស់ជនជាតិអាមេរិកមួយចំនួន ។

ប៉ុន្តែ ពួកគេបានឃោសនាបំប៉ោងអស់រយៈពេលបីឆ្នាំក៏មិនបានឈានដល់គោលដៅរបស់ពួកគេដែរ ។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ២០២០ ឆ្នាំ២០២១ និងពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២ អត្រាកំណើននៃការប្រើប្រាស់ទុនបរទេសជាក់ស្តែងរបស់ចិន បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន គឺ៦,២ភាគរយ ១៤,៩ភាគរយ និង៩,៩ភាគរយ ។ តួលេខទាំងនេះបានបង្ហាញថា ទីផ្សារចិនមានកម្លាំងទាក់ទាញយ៉ាងខ្លាំងជាប់ជានិច្ចចំពោះទុនបរទេស ។

ប្រការដែលអាចទាក់ទាញទុនបរទេស នៅមានឧត្តមភាពលើវិស័យខ្សែសង្វាក់ឧស្សាហកម្មរបស់ចិនដែលគ្មានអ្វីមកជំនួសបាន ។ នាពេលថ្មីៗកន្លងទៅនេះ អ្នកវិនិយោគបរទេសបានពន្លឿនគ្រោងទុកគម្រោងនៅប្រទេសចិន គឺបានសម្លឹងមើលឃើញអនាគតអភិវឌ្ឍរបស់ប្រទេសចិន ។

ចាប់ពីថ្ងៃទី១ ខែមករាឡើងទៅ ចិនបានអនុវត្តជាផ្លូវការនូវ «បញ្ជីឈ្មោះឧស្សាហកម្មដែលលើកទឹកចិត្តឱ្យអ្នកវិនិយោគបរទេសបណ្តាក់ទុន ឆ្នាំ២០២២» ។ បញ្ជីឈ្មោះនេះនឹងផ្តល់ចន្លោះកាន់តែទូលំទូលាយដល់វិនិយោគិនបរទេសដែលបានបណ្តាក់ទុននៅចិន ហើយនឹងនាំមកនូវប្រាក់ចំណេញកាន់តែច្រើនសម្បើមផងដែរ ។

យើងងាកមកមើលសេដ្ឋកិច្ចរបស់អាមេរិក ពាក្យ “ថមថយចុះ” បានក្លាយជាគំនិតឯកភាពរួមដែលប៉ានប្រមាណទុកមុនរបស់សេដ្ឋវិទូនិងអ្នកវិនិយោគរួចទៅហើយ ។ នៅឆ្នាំ២០២២ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានដំឡើងការប្រាក់យ៉ាងខ្លាំង ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់ក្នុងស្រុក ។ ឥស្សរជននៃមជ្ឈដ្ឋានសេដ្ឋកិច្ចអាមេរិកបានលើកឡើងថា នៅឆមាសទីមួយឆ្នាំនេះ ជនជាតិអាមេរិកប្រហែលនឹងរង "ការឈឺចាប់កាន់តែច្រើន" ។ សូមដាស់តឿនឱ្យអ្នកនយោបាយអាមេរិកមួយចំនួន គួរតែគ្រប់គ្រងកិច្ចការផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អសិន កុំចេះតែបង្ករឿងនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ។ ឧបាយកលនយោបាយមិនអាចទប់ទល់នឹងក្រឹត្យក្រមសេដ្ឋកិច្ចនោះទេ ការប៉ុនប៉ងបំបិទផ្លូវរបស់អ្នកដទៃ ទីបំផុតមុខជានឹងបំបិទផ្លូវរបស់ខ្លួនឯងជាក់ជាមិនខាន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស