ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោក Miloš Zeman ប្រធានាធិបតីប្រទេសឆែក
2023-01-10 12:28:07cri
Share with:

    រសៀលថ្ងៃទី ៩ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោក Miloš Zeman ប្រធានាធិបតីប្រទេសឆែក ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងឆែក ចាត់ទុកប្រទេសឆែកថាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ហើយរីករាយរួមសហការជាមួយឆែកដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីដើរកាន់តែឆ្ងាយកាន់តែរឹងមាំ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

    លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនកំពុងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយនឹងបន្តជំរុញការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ដែលប្រាកដជានឹងផ្តល់កាលានុវត្តភាពថ្មីសម្រាប់បណ្តាប្រទេសនានានៅលើពិភពលោក ក្នុងនោះបូករួមទាំងឆែកផងដែរ ។ ប្រទេសចិននឹងដាក់ចេញវិធានការជាក់ស្តែងកាន់តែច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ។ លោករំពឹងថា ភាគីឆែកនឹងបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតព្រមទាំងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុបប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ ។

    ជាការឆ្លើយតប លោក Miloš Zeman បានលើកឡើងថា ខ្ញុំរីករាយរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយប្រទេសចិនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងការវិនិយោគជាដើម ក៏ដូចជាពុះពារផលប៉ះពាល់ពីជំងឺកូវីដ ១៩ និងរៀបចំការចេញចូលដែនរវាងអ្នកដំណើរឡើងវិញដើម្បីធ្វើឱ្យទំនាក់ទំនងរវាងឆែកនិងចិនបង្ហាញពីកម្លាំងរស់រវើកយ៉ាងផុលផុស ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស