ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សកម្មភាពឆ្នាំមិត្តភាពចិន-កម្ពុជាចាប់ផ្តើមធ្វើឡើងជាសន្សឹមៗ
2023-01-09 10:15:45cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ ពិធីបើកការដ្ឋានស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះនៃប្រទេសកម្ពុជាដែលសាងសង់ដោយសហគ្រាសចិនបានធ្វើឡើង ។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះគឺជាសមិទ្ធផលជាផ្លែផ្កាថ្មីបំផុតដែលទទួលបានក្នុងការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"រវាងចិននិងកម្ពុជា ។ បន្ទាប់ពីសាងសង់រួច ស្ពាននេះនឹងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើការនិងជីវភាពរស់នៅរបស់ប្រជាជននៅត្រើយទាំងសងខាងនៃទន្លេមេគង្គដែលជាស្ពានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផង ហើយក៏ជាស្ពានមិត្តភាពដែលជំរុញការតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ ចិននិងកម្ពុជាផងដែរ ។

    រាល់ពេលដែលនិយាយអំពីប្រទេសចិននិងកម្ពុជា អ្នកផងទាំងពួងតែងតែពិពណ៌នាទំនាក់ទំនងរវាងប្រទេសទាំងពីរថាជា"មិត្តដែកថែប" ។ ឆ្នាំ ២០២៣ គឺជាខួបទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជានិងជាខួបទី ១០ នៃការលើកឡើងនូវគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" កិច្ចកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងកម្ពុជានឹងទទួលអបអរនូវកាលានុវត្តភាពរបស់ប្រវត្តិសាស្ត្រថ្មី ។

    សូមបញ្ជាក់ថា នៅប្រទេសកម្ពុជាមានសុភាសិតមួយឃ្លាដ៏ល្បី ពោលគឺ"មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម "។ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ក្នុងនាមជាគម្រោងសំខាន់ក្នុងការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"រវាងប្រទេសទាំងពីរ ចិននិងកម្ពុជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលសាងសង់និងដំណើរការដោយក្រុមហ៊ុនចិនបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការ នេះជាផ្លូវល្បឿនលឿនដំបូងគេបង្អស់នៃប្រទេសកម្ពុជា ។ ពេលមុននឹងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដាក់ឱ្យប្រើប្រាស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះវីដេអូឃ្លីបតាមបណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយផ្លូវល្បឿនលឿននេះទៅកាន់ប្រជាជនកម្ពុជា គ្រាន់តែក្នុងមួយថ្ងៃប៉ុណ្ណោះក៏មានប្រជាជនលើសពី ១ លាននាក់បានចូលមើលវីដេអូនេះ ។ អ្នកប្រើបណ្តាញអ៊ីនធឺណែតរបស់កម្ពុជាជាច្រើនបាននាំគ្នាខមមិនថា កាលពីមុន ធ្លាប់ឃើញផ្លូវល្បឿនលឿនដ៏អស្ចារ្យនិងស្អាតបែបនេះនៅបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាយើងក៏មានដែរ ! មកទល់ពេលនេះ កម្ពុជាបានឈានចូលយុគសម័យផ្លូវល្បឿនលឿនហើយ ។

    គួរបញ្ជាក់ដែរថា អត្ថន័យនៅពីក្រោយផ្លូវល្បឿនលឿននេះ គឺ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគឺជាគំរូដ៏ល្អឥតខ្ចោះនៃការផ្សារភ្ជាប់ដោយជោគជ័យរវាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"និង"យុទ្ធសាស្ត្រចតុកោណ"របស់កម្ពុជា ។ ក្នុងនាមជាប្រទេសដ៏មានសារសំខាន់ចំពោះប្រទេសចិនក្នុងការជំរុញកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ" "យុទ្ធសាស្ត្រចតុកោណ"សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជាមានភាពស៊ីសង្វាក់គ្នាខ្ពស់ជាមួយនឹងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ជាពិសេស គឺការតភ្ជាប់គ្នាក្នុងវិស័យកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។ ទន្ទឹមនឹងពន្លឿនការជំរុញគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរ ចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ហើយប្រទេសចិនក៏បានបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដូចជា ផ្លូវថ្នល់និងស្ពាន វិស្វកម្មធារាសាស្ត្រ គម្រោងបណ្តាញអគ្គីសនី កំពង់ផែនិងព្រលានយន្តហោះជាដើម ។

    គួររំលឹកថា រយៈពេល ១០ ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ។ ទន្ទឹមនឹងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ត្រូវបានដាក់ចេញគម្រប់ ១០ ឆ្នាំ តើកម្ពុជាកើតមានការផ្លាស់ប្តូរនិងទទួលការអភិវឌ្ឍយ៉ាងណាខ្លះ ?

    ទី១ គឺកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា ។ ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាបានឡើងដល់ ១ ម៉ឺន ៤ ពាន់ ៥ រយ ៤៣ លានដុល្លារអាមេរិកដែលកើនឡើង ១៩,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ ២០២២ ការបណ្តាក់ទុនដោយផ្ទាល់មិនមែនលើវិស័យហិរញ្ញវត្ថុរបស់ចិននៅប្រទេសកម្ពុជាបានឡើងដល់ ៦ រយ៩០ លានដុល្លារអាមេរិកដែលកើនឡើង ៣២,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ប្រទេសចិនបានបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនិងជាប្រភពវិនិយោគដ៏ធំបំផុតរបស់កម្ពុជា ។

    ទី២ គឺការអភិវឌ្ឍខាងវិស័យទេសចរណ៍ ។ វិស័យទេសចរណ៍គឺជាឧស្សាហកម្មធំមួយក្នុងចំណោមសសរទ្រទ្រង់ផ្នែកសេដ្ឋកិច្ចធំទាំង ៤ របស់កម្ពុជា ។ រដ្ឋាភិបាលចិនបានប្រកាសថា នឹងរៀបចំឡើងវិញដោយមានរបៀបរៀបរយនូវការធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ពលរដ្ឋចិនចាប់ពីថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៣ ឡើងទៅ ប្រទេសជាច្រើនបានប្រកាសជាបន្តបន្ទាប់ថា នឹងចាត់វិធានការដាក់កំហិតពាក់ព័ន្ធចំពោះជើងយន្តហោះនិងអ្នកដំណើរដែលចេញដំណើរពីប្រទេសចិន ។ ប៉ុន្តែ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា កម្ពុជានឹងមិនចាត់វិធានការដាក់កំហិតចំពោះភ្ញៀវទេសចរចិននោះទេ ផ្ទុយទៅវិញ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិនដែលមកទស្សនានៅកម្ពុជា ។ លោកជឿជាក់ថា កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ជម្រើសចម្បងរបស់ភ្ញៀវទេសចរចិនក្នុងការធ្វើដំណើរទៅក្រៅប្រទេស ហើយរំពឹងថា ឆ្នាំ ២០២៣ កម្ពុជានឹងទទួលភ្ញៀវទេសចរចិនចំនួន ២ លាននាក់ដែលនឹងជំរុញយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាឱ្យទទួលបានកំណើនដោយល្បឿនលឿន ។

    ទី៣ គឺកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។ ឆ្នាំនេះ ជាខួបទី ១០ នៃការលើកឡើងនូវគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"របស់ប្រទេសចិន ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ក្រោមក្របខណ្ឌសហប្រតិបតិ្តការស្តីពីគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ភាគីទាំងពីរ ចិននិងកម្ពុជាទទួលបានប្រសិទ្ធភាពនិងលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ។ យើងបានសាងសង់ថ្មីឬកែលំអផ្លូវថ្នល់ជិត ៤,០០០ គីឡូម៉ែត្រ សាងសង់រួចស្ពានធំៗជាច្រើន ក៏ដូចជាផ្ទៃដីស្រោចស្រពនៃគម្រោងធារាសាស្ត្រដែលត្រូវបានសាងសង់រួចប្រហែល ៤៥ ម៉ឺន ៦ ពាន់ហិកតា ហើយសាងសង់បាននូវបណ្តាញអគ្គីសនីជាតិនិងបណ្តាញបញ្ជូនតង់ស្យុងអគ្គីសនីតាមជនបទនៃប្រទេសកម្ពុជាប្រហែលជាង ៨,០០០ គីឡូម៉ែត្រ ។ គម្រោងអំពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលជាគំរូដ៏សំខាន់បំផុតក្នុងការរួមគ្នាកសាង"ខ្សែក្រាវាត់និងផ្លូវ"រវាងចិននិងកម្ពុជាបាននិងកំពុងដំណើរការដោយនឹងនរ បានទាក់ទាញសហគ្រាសជាច្រើនឱ្យបោះប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេសនេះដែលបានបង្កើតឱកាសការងារចំនួនជាង ៣ ម៉ឺនក្នុងតំបន់ ក៏ដូចជាមានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកម្ពុជា ។

    ក្រោមការណែនាំជាយុទ្ធសាស្ត្រនិងការជំរុញដោយផ្ទាល់របស់មេដឹកនាំនៃប្រទេសទាំងពីរ ចិននិងកម្ពុជា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជាទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ RCEP )និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាបានចូលជាធរមាននិងចាប់ផ្តើមអនុវត្តជាផ្លូវការ ។ យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា អត្រានៃផលិតផលពន្ធសូន្យដែលភាគីទាំងពីរចិននិងកម្ពុជាបានផ្តល់ដល់ពាណិជ្ជកម្មទំនិញរបស់គូភាគីបានឡើងដល់ ៩៧.៥៣ ភាគរយនិង ៩០ ភាគរយដោយឡែកពីគ្នាដែលជាកម្រិតខ្ពស់បំផុតក្នុងការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់ភាគីទាំងពីរ ប្រការនេះបានបង្ហាញពីមិត្តភាពដូចដែកថែបរវាងប្រទេសទាំងពីរ ។

    ទន្ទឹមនឹងសេដ្ឋកិច្ចនៃប្រទេសចិននិងកម្ពុជាបានឈានចូលដំណាក់កាលងើបឡើងវិញបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ក៏ដូចជាផលប្រយោជន៍ដែលបាននាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជានិងកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ RCEP )កំពុងលេចចេញជាសន្សឹមៗ ហេតុនេះហើយ កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងប្រទេសទាំងពីរក៏បានក្លាយជាចំណុចលេចធ្លោមួយផងដែរ ។ កាលពីខែតុលា ឆ្នាំ ២០២២ ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់របស់កម្ពុជាប្រភេទទីបីដែលអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ ។ រំពឹងថា សហគ្រាសកម្ពុជាកាន់តែច្រើនឡើងៗនឹងធ្វើឱ្យផលិតផលពិសេសកម្ពុជាប្រកបដោយគុណភាពល្អដាក់លក់ក្នុងទីផ្សាររបស់ចិន ។

    ឆ្នាំ ២០២៣ ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងជាខួបទី ៧០ នៃការទទួលបានឯករាជ្យភាពពេញលេញរបស់កម្ពុជា ហើយទំនាក់ទំនងរវាងចិននិងកម្ពុជានឹងទទួលអបអរឱកាសអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រថ្មី ។ ជឿជាក់ថា ឆ្លងតាមរយៈការបង្កើតជាគំរូថ្មីនៃកិច្ចសហប្រតិបត្តិការស្តីពី"ខ្សែក្រវាត់និងផ្លូវ" ប្រទេសចិននិងកម្ពុជានឹងផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរជាបន្តបន្ទាប់ ហើយក៏នឹងរួមចំណែកថ្មីកាន់តែធំក្នុងការរួមគ្នាជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក ក៏ដូចជារួមគ្នាបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស