តាមទិន្នន័យនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរចំនួន៥លើកក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ ។ រាល់ពេលចំនួនអ្នកឆ្លងឡើងដល់កម្រិតខ្ពស់ ព័ត៌មានស្តីពីការដែលប្រព័ន្ធសុខាភិបាលរបស់អាមេរិកជិតជាប់គាំងក៏លេចចេញគ្រប់ទិសទីផងដែរ។
ដោយសាររដ្ឋាភិបាលអាមេរិកអសមត្ថភាពនិងប្រព្រឹត្តដោយផ្តេសផ្តាស បានជានៅសហរដ្ឋអាមេរិកស្ទើរតែបានរីករាលដាលវីរុសបម្លែងថ្មីទាំងអស់ចាប់ពីផ្ទុះជំងឺកូវីដ១៩មក បណ្តាលឱ្យមនុស្សលើសពី១រយលាននាក់ឆ្លងជំងឺកូវីដ១៩ មនុស្សលើសពី១លាន៨ម៉ឺននាក់ស្លាប់បាត់បង់ជីវិតនិងកុមារចំនួន២សែន៥ម៉ឺននាក់ក្លាយជាក្មេងកំព្រាដោយសារជំងឺកូវីដ១៩ ដូច្នេះ អាមេរិកមានការរីករាលដាលដ៏ធ្ងន់ធ្ងរកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោក ។ ព្រមពេលជាមួយគ្នានេះ បរាជ័យនៃការបង្ការជំងឺកូវីដ១៩បណ្តាលឱ្យធនធានវេជ្ជសាស្ត្រអាមេរិកមានកង្វះខាតជាបន្តបន្ទាប់ បុគ្គលិកវេជ្ជសាស្ត្រជាច្រើនបានលាឈប់ពីការងារ ប្រជាជនមានភាពលំបាកកាន់តែខ្លាំងឡើងក្នុងពេលព្យាបាលរោគ ។ តាមទិន្នន័យនៃសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា ចាប់ពីខែកក្កដាឆ្នាំ២០២០មក ក្រៅពីខែមួយចំនួនតូច អត្រាប្រើប្រាស់គ្រែបន្ទប់ ICU របស់អាមេរិកសុទ្ធតែលើសពី៧០ភាគរយ ។ អ្នកវិភាគបានលើកឡើងថា មូលហេតុចម្បងគឺដោយមកពីតាំងពីដើមមក រដ្ឋាភិបាលអាមេរិកក៏មិនបានប្រើប្រាស់កម្លាំងកាយចិត្តទៅដោះស្រាយបញ្ហាជាក់ស្តែងទេ ផ្ទុយទៅវិញ តែងតែចាត់ទុកជំងឺកូវីដ១៩ជារឿងនយោបាយនិងរឿងវាយប្រហារឥតឈប់ឈរ ។
សូមងាកមកមើលប្រទេសចិនវិញ ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ប្រទេសចិនបានសម្រេចបាននូវការអនុវត្តគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងយ៉ាងតឹងរ៉ឹងក្នុងដំណាក់កាលដែលជំងឺកូវីដ១៩រីករាលដាលយ៉ាងធ្ងន់ធ្ងរ ហើយបានទប់ទល់នឹងការវាយប្រហារនៃជំងឺកូវីដ១៩សកលចំនួន៥លើក ដែលបានកាត់បន្ថយចំនួនករណីឈឺធ្ងន់និងករណីស្លាប់យ៉ាងច្រើន ក៏ដូចជាដណ្តើមយករយៈពេលដ៏មានតម្លៃសម្រាប់ធ្វើការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍និងប្រើប្រាស់វីរុស ព្រមនិងធ្វើការត្រៀមបម្រុងធនធានវេជ្ជសាស្ត្រជាដើម ។
ដូចប្រទេសដទៃទៀត ការកែសម្រួលនៃគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនក៏នឹងឆ្លងកាត់ដំណាក់កាលសម្របខ្លួនដែរ ។ ជាពិសេស ប្រទេសចិនមានចំនួនប្រជាជននិងមនុស្សចាស់ជរាច្រើនណាស់ ដូច្នេះ មិនអាចចៀសវាងបញ្ហាដូចជាចំនួនករណីឆ្លងកើនឡើងនិងតម្រូវការខាងវេជ្ជសាស្ត្រកើនឡើងជាដើមក្នុងរយៈពេលដ៏ខ្លី ។ ប៉ុន្តែរដ្ឋាភិបាលចិនមិនដែលខ្ជះខ្ជាយមួយវិនាទីណានោះទេ ដែលបានដោះស្រាយបញ្ហាដោយម្ចាស់ការយ៉ាងសកម្ម ។
ពីការរៀបចំកន្លែងព្យាបាលអ្នកជំងឺក្តៅខ្លួនជាបណ្តោះអាសន្ននៅកីឡដ្ឋាននិងមន្ទីរពេទ្យបណ្តោះអាសន្ន ដល់ផ្តល់សេវាកម្មព្យាបាលជំងឺតាមបណ្តាញអ៊ីនធើណេត ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជនក្នុងការព្យាបាលជំងឺ ពីការរៀបចំសហគ្រាសឱសថបង្កើនផលិតភាព ដល់ការធានាថ្លៃព្យាបាលជំងឺរបស់អ្នកឆ្លងជំងឺកូវីដ១៩ រដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន ។ លោក Malcolm Clarke អ្នកផលិតភាពយន្តឯកសាររបស់អង់គ្លេសបានស្នាក់នៅប្រទេសចិនក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ។ លោកបានថ្លែងថា ខ្ញុំជាអ្នកទទួលផលប្រយោជន៍ក្នុងការដែលចិនខិតខំប្រឹងប្រែងការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនជាប់រហូតមក ។
ចាប់ពីថ្ងៃទី៨ខែមករាឡើងទៅ ចិននឹងកែសម្រួលកម្រិតគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩ពី“ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ A ”ទៅជា“ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B ”ហើយលែងចាត់វិធានការគ្រប់គ្រងជំងឺឆ្លងចំពោះមនុស្សនិងទំនិញចូលដែនចិនជាដើមទៀតហើយ ។ នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់ចិនដើម្បីកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩តាមពេលវេលានិងសភាពការណ៍ខុសៗគ្នា ធ្វើនេះមិនត្រឹមតែមានទទួលខុសត្រូវចំពោះប្រជាជននោះទេ ហើយក៏មានអំណោយផលដល់ការជំរុញសេដ្ឋកិច្ចពិភពលោកផងដែរ ៕