ចាប់តាំងពីថ្ងៃទី ៨ ខែមករាតទៅ ប្រទេសចិនចាប់ផ្តើមអនុវត្តវិធានការ " ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B" សម្រាប់ការឆ្លងជំងឺកូវីដ-១៩ ។ ការកែសម្រួលគោលនយោបាយនេះគឺជាការវាយទម្លុះដ៏សំខាន់មួយក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសចិនក្នុងរយៈពេលបីឆ្នាំមក ដែលមានអត្ថន័យជាប្រវត្តិសាស្រ្ត។
អំពីការកែសម្រួលវិធានការបង្ការជំងឺរាតត្បាតរបស់ប្រទេសចិន បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយភាពយន្ត "បំបែកការឡោមព័ទ្ធ"ទៅកាន់ពិភពលោក ។ ភាពយន្ដមួយនេះបានបង្ហាញយ៉ាងច្បាស់លាស់ជូនចំពោះទស្សនិកជនទូទាំងពិភពលោក ដោយមានហេតុផលនិងទឡ្ហីករណ៍ថា ចាប់តាំងពីការផ្ទុះឡើងការរីករាលដាលនៃជំងឺឆ្លងមក ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃការតម្កល់ទុកប្រជាជននិងអាយុជីវិតជាអាទិភាព បង្កើតគោលនយោបាយសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយម្ចាស់ការ តាមបែបវិទ្យាសាស្រ្ត និងមានសណ្តាប់ធ្នាប់ ហើយបន្តធ្វើឱ្យមានសុក្រឹតភាពនិងកែសម្រួលគោលនយោបាយដោយផ្អែកលើការវិវឌ្ឍន៍ និងការផ្លាស់ប្តូរនៃស្ថានភាពរីករាលដាលនៃជំងឺឆ្លង ដែលបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវនិងផលិតវ៉ាក់សាំងនិងឱសថ ដែលបានការពារអាយុជីវិតរបស់ប្រជាជនជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់របស់ការរាតត្បាតនៃជំងឺឆ្លងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាអតិបរមា។ ភាពយន្ដបានរំលឹកឡើងវិញនូវដំណើរនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសចិនរយៈពេល ៣ ឆ្នាំមក ដែលបានឆ្លើយតបដោយមានប្រសិទ្ធភាពចំពោះការលាបពណ៌ និងការចោទជាមន្ទិលសង្ស័យរបស់ប្រទេសលោកខាងលិចអំពីពេលវេលានិងការរៀបចំកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន ក៏ដូចជាការធានាធនធានវេជ្ជសាស្ត្រផងដែរ ៕