ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ វិធានការបង្ការជំងឺឆ្លងរបស់ប្រទេសនានាមិនត្រូវមានទង្វើរើសអើងនោះទេ ថែមទាំងមិនត្រូវឆ្លៀតប្រើបញ្ហាជំងឺឆ្លងធ្វើរឿងនយោបាយ
2023-01-07 15:25:13cri
Share with:

      ក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៦ខែមករា។ នៅក្នុងកិច្ចប្រជុំនេះ មានអ្នកយកព័ត៌មានបានសួរថា កាលពីប៉ុន្មានថ្ងៃមុន សហភាពអឺរ៉ុបបានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីស្ថានភាពជំងឺឆ្លងនៅប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំនោះ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ដោយស្នើឱ្យរដ្ឋសមាជិកតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនផ្តល់លទ្ធផលអវិជ្ជមាននៃការធ្វើតេស្តអាស៊ីតនុយក្លេអ៊ីកក្នុងរយៈពេល៤៨ម៉ោង ព្រមនិងធ្វើតេស្តអាស៊ីតនុយក្លេអ៊ីកចំពោះអ្នកដំណើរមកពីប្រទេសចិនជាគំរូជាដើម។ តើប្រទេសចិនមានទស្សនៈយ៉ាងណាចំពោះរឿងនេះ?

     ជាការឆ្លើយតប លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនបានកែសម្រួលនិងបង្កើនប្រសិទ្ធភាពនៃវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃតាមបែបវិទ្យាសាស្ត្រ ។ ស្ថានភាពនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសចិនគឺអាចព្យាករណ៍បាន និងអាចគ្រប់គ្រងបាន។ ពេលថ្មីៗនេះ រដ្ឋសមាជិកនៃសហភាពអឺរ៉ុបជាច្រើនបានថ្លែងទៅកាន់ប្រទេសចិនថា ពួកគេស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរមកពីប្រទេសចិន ហើយនឹងមិនចាត់វិធានការដាក់កំហិតណាមួយឡើយ ។ ចំណែកស្ថាប័នជំនាញដូចជា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អឺរ៉ុបក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការដាក់កំហិតលើអ្នកដំណើរមកពីប្រទេសចិនគឺមិនសមហេតុផលនោះទេ ។ សហភាពអឺរ៉ុបគួរតែស្តាប់សំឡេងវិចារណញ្ញាណទាំងនេះឱ្យបានច្រើន ហើយប្រកាន់អាកប្បកិរិយាសិត្យានុម័តនិងយុត្តិធម៌ចំពោះស្ថានភាពនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស