ពីឆ្នាំ២០១៣មក នៅថ្ងៃដាច់ឆ្នាំជារៀងរាល់ឆ្នាំ លោក Xi Jinping ប្រធានរដ្ឋចិននឹងថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលទៅកាន់ប្រជាជនចិន ដែលសុទ្ធតែបានផ្តោតសំខាន់លើជីវភាពរស់នៅរបស់ប្រជាជន។
កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥ លោក Xi Jinping បានលើកឡើងថា ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ប្រជាជនចិនទាំងអស់ត្រូវពួតដៃគ្នាឆ្ពោះទៅមុខជាមួយគ្នា។ ការធ្វើឱ្យជីវភាពអ្នកក្រីក្រនៅជនបទរាប់សិបលាននាក់មានភាពល្អប្រសើរឡើងជារឿងដែលខ្ញុំយកចិត្តទុកដាក់រហូត។
ប្រទេសចិននាពេលនោះ ទើបឈានចូលដំណាក់កាលចុងក្រោយនៃការលុបបំបាត់ភាពក្រីក្រខ្លាំង។ ភូមិលើចំណោតភ្នំដែលស្ថិតនៅទីឆ្ងាយស្រយាលនៃខេត្តស៊ឺឈួន ជាកន្លែងតំណាងនៃភូមិក្រីក្រខ្លាំងរបស់ចិន។ កាលនោះជណ្តើផ្តៅជាច្រកចេញចូលតែមួយគត់របស់ភូមិ ពិបាកធ្វើដំណើរ ពិបាកទៅពេទ្យ ពិបាកចូលរៀន អ្នកភូមិមិនដែលរំពឹងពីអនាគតនោះទេ។
ការចេញផុតពីភាពក្រីក្រមិនត្រូវបោះបង់ចោលនរណាម្នាក់នោះទេ នេះជាពាក្យសន្យារបស់បក្សកុម្មុយនីស្តចិន។កាលពីខែមករាឆ្នាំ2016 អ្នកភូមិជឿផងសង្ស័យផង កម្មាភិបាលវ័យក្មេងបានមកប្រចាំការនៅភូមិ បញ្ចុះបញ្ចូលអ្នកភូមិឱ្យចិញ្ចឹមពពែ ដាំដើមអូលីវ ដើមក្រូច និងម្រេច។
កិច្ចការពិបាកធ្វើ តែខំធ្វើនឹងសម្រេចបាន។ ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០១៧ លោក Xi Jinping បានសម្តែងការគោរពជាពិសេសចំពោះកម្មាភិបាលធ្វើការងារកាត់បន្ថយភាពក្រីក្រ។ នេះបានលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នកទាំងអស់គ្នា។ ឆ្នាំ2017 មន្ត្រីភូមិបាននាំអ្នកភូមិនិងក្រុមកម្មករសំណង់ជញ្ជូនបំពង់ដែកថែបទម្ងន់ជាង120តោនទៅលើភ្នំ ដើម្បីតភ្ជាប់ធ្វើជាជណ្តើរដ៏រឹងមាំ។ បន្ទាប់មក ភូមិនេះមានអគ្គិសនី ទឹកម៉ាស៊ីន និងសេវាអ៊ីនធើណេតប្រើប្រាស់ ។ ឈានចូលឆ្នាំ2019 ជណ្តើរដែកថែបបានទាក់ទាញភ្ញៀវទេសចរណ៍១សែននាក់ទៅក្នុងភូមិ ។ ឆ្នាំ2020 អ្នកភូមិលើចំណោតភ្នំបានរើទៅស្នាក់នៅផ្ទះថ្មថ្មីក្នុងស្រុក ភូមិនេះចេញផុតពីភាពក្រីក្រ។ គួរបញ្ជាក់ថា ពីឆ្នាំ2013ដល់ឆ្នាំ2020 កសិករក្រីក្រសរុបចំនួន 98 លាន 99 ម៉ឺននាក់ទូទាំងប្រទេសចិនបានចេញផុតពីភាពក្រីក្រ។
អព្ភូតហេតុនិងភាពជោគជ័យជារបស់ប្រជាជន ជារបស់ដែលអ្នកតស៊ូព្យាយាមឥតឈប់ឈរដើម្បីផ្តល់ជីវភាពល្អបវរជូនចំពោះប្រជាជន៕