ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖នៅសតវត្សរ៍ទី២១ នាពេលបច្ចុប្បន្ន អាណានិគមនិយមត្រូវរលាយសាបសូន្យយូរណាស់មកហើយ
2023-01-04 14:57:08cri
Share with:

    នៅថ្ងៃទីមួយនៃឆ្នាំថ្មីឆ្នាំសកល ២០២៣ លោក Pravind Kumar Jugnauth នាយករដ្ឋមន្ត្រីប្រទេសម៉ូរីសបានប្រកាសថា លោកបានចាប់ផ្តើមធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ដែលមានវិវាទជាមួយអង់គ្លេស ។ នេះមានន័យថា ដំណើរជំរុញឱ្យប្រជុំកោះ Chagos ត្រឡប់ទៅប្រទេសម៉ូរីសវិញបានចាប់ផ្តើមជាផ្លូវការ ។ ប្រការដែលធ្វើឱ្យសហគមន៍អន្តរជាតិកាន់តែរំពឹងទុកនោះគឺ អង់គ្លេសគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះបញ្ហាប្រជុំកោះ Malvinas បន្ទាប់ពីដោះស្រាយវិវាទអំពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ព្រមទាំងរៀបចំឡើងវិញនូវការចរចាជាមួយអាហ្សង់ទីនក្នុងពេលឆាប់ៗ ។

    គួររំលឹកថា អង់គ្លេសធ្លាប់ជាប្រទេសខ្លាំងក្លាជើងចាស់នៅទ្វីអឺរ៉ុបដែលមានដីអាណានិគមនិយមនៅក្រៅប្រទេសច្រើនជាងគេដែលបានឈ្លានពានប្រទេសស្ទើរតែ ៩០ ភាគរយនៅទូទាំងពិភពលោកក្នុងសម័យកាលប្រវត្តិសាស្ត្រខុសៗគ្នា ។ មិនថា ប្រជុំកោះ Chagos ឬមួយក៏ប្រជុំកោះ Malvinas ក្តី ក៏ពួគេសុទ្ធតែជាបំណុលដែលអង់គ្លេសបានជំពាក់ក្នុងសម័យអាណានិគមដែលជាសាក្សីនៃអំពើបាបដំបូងអាណានិគមនិយមនៃ"ចក្រេពត្តិដែលព្រះអាទិត្យមិនចេះលិច"កាលពីមុន ។

    ប្រជុំកោះ Chagos ស្ថិតនៅភាគកណ្តាលមហាសមុទ្រឥណ្ឌានិងជាទឹកដីដើមរបស់ប្រទេសម៉ូរីសដែលជាប្រទេសកោះនៅអាហ្វ្រិក ។ កាលពីឆ្នាំ ១៩៦៥ ក្នុងនាមជាលក្ខខណ្ឌនយោបាយអមបន្ថែមសម្រាប់ឱ្យប្រទេសម៉ូរីសទទួលបានឯករាជ្យ អង់គ្លេសបានពុះចែកប្រជុំកោះ Chagos ឱ្យទៅជា"ដែនដីមហាសមុទ្រឥណ្ឌា"ដែលស្ថិតនៅក្រោមឱវាទរបស់អង់គ្លេស ហើយបានអះអាងថា នឹងសងប្រជុំកោះ Chagos ឱ្យប្រទេសម៉ូរីសវិញក្នុងពេលដ៏សមរម្យ ។ បន្ទាប់ពីទទួលឯករាជ្យកាលពីឆ្នាំ ១៩៦៨ ប្រទេសម៉ូរីសក៏បានទាមទារឱ្យអង់គ្លេសសងប្រជុំកោះ Chagos ឱ្យខ្លួនវិញជាប់រហូត ។ ប៉ុន្តែ អង់គ្លេសមិនត្រឹមតែពន្យារពេលប្រគល់វិញប៉ុណ្ណោះទេ ថែមទាំងក៏បានប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបណ្តេញជនជាតិដើមភាគតិចដែលស្នាក់នៅលើកោះ ហើយបានគាំទ្រកងទ័ពអាមេរិកឱ្យសាងសង់មូលដ្ឋានយោធានៅលើកោះនេះផងដែរ ។

    ប្រវត្តិសាស្ត្រនៃប្រជុំកោះ Chagos គឺច្បាស់លាស់ណាស់ ហើយការទាមទារស្របច្បាប់របស់ប្រទេសម៉ូរីសទទួលបានការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ ។ អង់គ្លេសបានសម្តែងអាកប្បកិរិយាថា រីករាយធ្វើការចរចាស្តីពីអធិបតេយ្យភាពនៃប្រជុំកោះ Chagos គឺ ដោយមកពីបានរងសម្ពាធពីសហគមន៍អន្តរជាតិ ហើយវាក៏ឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃកម្លាំងជាក់ស្តែងនិងកម្លាំងឥទ្ធិពលសកលរបស់អង់គ្លេសនាពេលបច្ចុប្បន្នផងដែរ ។ ប៉ុន្តែ នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ។ អង់គ្លេសមិនត្រឹមតែត្រូវមានលទ្ធផលក្នុងការចរចាដើម្បីដោះស្រាយវិវាទលើអធិបតេយ្យភាពនៃប្រជុំកោះ Chagos ជាមួយប្រទេសម៉ូរីសប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវឆ្លើយតបយ៉ាងសកម្មនូវតម្រូវការចរចាររបស់អាហ្សង់ទីនដើម្បីសងប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញក្នុងពេលឆាប់ៗ ។

    ដូចអ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា ការពិតនិងភាពត្រឹមត្រូវទាំងស្រុងនៃបញ្ហាប្រជុំកោះ Malvinas គឺច្បាស់លាស់ណាស់ ។ កាលពីខែមីនាឆ្នាំ ២០១៦ គណៈកម្មាធិការគូសកំណត់ដែនជាយទ្វីបនៃអង្គការសហប្រជាជាតិបានកំណត់ថា ប្រជុំកោះ Malvinas ស្ថិតនៅដែនសមុទ្ររបស់អាហ្សង់ទីន ។ នៅតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន សឹងតែប្រទេសទាំងអស់បានគាំទ្រគោលជំហររបស់អាហ្សង់ទីនលើបញ្ហាប្រជុំកោះ Malvinas ។ អង្គការប្រទេសទ្វីបអាមេរិកធ្លាប់បានអនុម័តលើសេចក្តីសម្រេចចិត្តជាច្រើនដងដោយគាំទ្រយ៉ាងច្បាស់លាស់ឱ្យអាហ្សង់ទីនរៀបចំឡើញវិញនូវអធិបតេយ្យភាពលើប្រជុំកោះ Malvinas តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ។ ក្រៅពីនេះ ប្រទេសចិននិងរុស្សីជាដើមក៏បានគាំទ្រដោយចំហចំពោះការទាមទារដ៏ត្រឹមត្រូវរបស់អាហ្សង់ទីនចំពោះអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ផងដែរ ។

    ប្រឈមមុខនឹងសំឡេងដ៏យុត្តិធម៌ទាំងនេះ អង់គ្លេសកុំធ្វើគធ្វើថ្លង់ទៀត តែគឺត្រូវគិតពិចារណាយ៉ាងជ្រាលជ្រៅពីប្រវត្តិសាស្ត្រ កែតម្រូវកំហុសរបស់ខ្លួននិងធ្វើការចរចាជាថ្មីឡើងវិញក្នុងពេលឆាប់ៗដើម្បីសងទឹកដីប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញ ។ នៅពេលបច្ចុប្បន្នដែលមានលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ អាណានិគមនិយមត្រូវរលាយសាបសូន្យយូរណាស់មកហើយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស