ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ស្តង់ដារពីរ ! ប្រទេសមួយចំនួនដែលស្រែកឱ្យចិន “បើកទ្វារ” បច្ចុប្បន្ន បែរជាដាក់កំហិតទៅលើជនជាតិចិនទៅវិញ
2023-01-04 10:02:31cri
Share with:

     បន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លនៅដំណាច់ឆ្នាំ២០២២  សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គមត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស សហគមន៍អន្តរជាតិបានសម្តែងការស្វាគមន៍ជាទូទៅ ដោយសម្គាល់ឃើញថា ប្រការនេះនឹងជំរុញយ៉ាងសកម្មដល់សេដ្ឋកិច្ចសកល  ។ ប៉ុន្តែ ប្រទេសមួយចំនួនដូចអាមេរិកជាដើម ដែលធ្លាប់ស្រែកឱ្យចិន “បើកទ្វារ” បច្ចុប្បន្ននេះ បែរជាប្រកាសថានឹងដាក់ចេញគោលនយោបាយដើម្បីដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន ដោយយកលេសថា ស្ថានការណ៍រីករាលដាលនៃជំងឺឆ្លងក្នុងប្រទេសចិន  “ប្រហែលនឹងកើតមានវីរុសបម្លែងថ្មី”  ។

      “គ្មានអត្ថន័យអីសោះ” នាពេលថ្មីៗកន្លងទៅនេះ កាសែត « The Washington Post»បានរិះគន់ដោយដកស្រង់ពាក្យសំដីរបស់អ្នកជំនាញផ្នែកជំងឺឆ្លងជាច្រើនរូបថា សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកនេះ “គ្មានវិទ្យាសាស្ត្រ មិនសមហេតុផល និងមានទិសដៅខុសឆ្គង ” ។ អ្នកវិភាគខ្លះបានវែកញែកថា នេះជាការសម្តែងឆាកល្ខោនជាសមូហភាពលើវិស័យនយោបាយរបស់ប្រទេសមួយចំនួនជាថ្មីម្តងទៀត ក្នុងន័យទម្លាក់កំហុសជំងឆ្លងទៅលើប្រទេសចិនម្តងទៀត ដើម្បីទប់ស្កាត់និងដាក់ឱ្យប្រទេសចិននៅឯកោ ។

      អ្នកផងទាំងពួងនៅចាំច្បាស់ថា ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសមួយចំនួនដូចជាអាមេរិកជាដើម កាន់អាកប្បកិរិយាដែលមានភាពបដិបក្ខគ្នានិងខុសឆ្គងចំពោះគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិន ហើយជានិច្ចកាល តែងតែចាត់ទុកការបង្ការជំងឺឆ្លងជាសន្លឹកបៀនយោបាយ ។ ខណៈប្រទេសចិនចាត់ប្រើគោលនយោបាយបង្ការជំងឺយ៉ាងតឹងរ៉ឹង ក្នុងន័យគាំពារយ៉ាងខ្លាំងនូវសុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ប្រទេសអាមេរិកនិងអឺរ៉ុបមួយចំនួនបានចោទប្រកាន់ដោយផ្តេសផ្តាស ហើយតែងតែស្រែកថាឱ្យប្រទេសចិន “បើកទ្វារ” បើពុំនោះសោត គឺគ្មានសេរីភាពនិងសិទ្ធិមនុស្ស ។ ប៉ុន្តែបន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងដោយយោងតាមបម្រែបម្រួលនៃស្ថានភាពជំងឺឆ្លងក្នុងស្រុក អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់លោកខាងលិច បែរជាចាប់ផ្តើមឃោសនាបំប៉ោងថា ស្ថានភាពជំងឺឆ្លងរបស់ចិននឹង “គំរាមកំហែង”ដល់ការបង្ការជំងឺឆ្លងរបស់ប្រទេសដទៃទៀត ព្រមទាំងបានដាក់ចេញគោលនយោបាយរឹតត្បិតការចូលដែន ដែលបានល្មើសនឹងការពិតជាក់ស្តែងនិងវិទ្យាសាស្ត្រ ។ ទង្វើមានស្តង់ដារពីរបែបនេះ បង្កប់ទៅដោយពុតត្បុតយ៉ាងច្បាស់ក្រឡែត!

      មើលទៅ ក្នុងឡូហ្ស៊ីកនយោបាយរបស់ជនជាតិអឺរ៉ុបនិងអាមេរិកមួយចំនួន មិនថាចិន “បើកទ្វារ” ឬក៏ “បិទទ្វារ” សុទ្ធតែមិនត្រូវទេ ។ ការសម្តែងឆាកល្ខោនខាងនយោបាយដ៏អាក្រក់របស់ពួកគេ ប៉ុនប៉ងបង្កជាការបែកបាក់និងបដិបក្ខគ្នាជុំថ្មី ទង្វើនេះនឹងរារាំងយ៉ាងខ្លាំងដល់ពិភពលោកទាំងមូលក្នុងការដើរចេញពីស្រមោលខ្មៅនៃជំងឺឆ្លងក្នុងពេលឆាប់ៗ ។

     បច្ចុប្បន្ននេះ ប្រទេសចិនស្ថិតក្នុងរយៈកាលកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លង ពិតមែន តែបានប្រឈមនឹងភាពលំបាកនិងការសាកល្បងមួយចំនួនក៏ដោយ ក៏ប៉ុន្តែស្ថានភាពបង្ការជំងឺឆ្លងជាទូទៅអាចគ្រប់គ្រងបាន សេដ្ឋកិច្ចនៃតំបន់នានាបានស្តារឡើងវិញយ៉ាងឆាប់រហ័ស ។ ជាពិសេស ប្រទេសចិនបានដាក់ចេញវិធានការមួយចំនួនក្នុងន័យផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងឆ្លងដែនរវាងបុគ្គលិកចិននិងបរទេស ដោយទទួលបានការស្វាគមន៍ពីសំណាក់ប្រទេសជាច្រើន ។

      “បីឆ្នាំហើយ ថៃបានរង់ចាំអ្នកទាំងអស់គ្នាបីឆ្នាំហើយ !” នាយកដ្ឋានទេសចរណ៍និងស្ថានទូតប្រចាំនៅប្រទេសចិននៃប្រទេសជាច្រើនបាននាំគ្នាអញ្ចើញភ្ញៀវទេសចរណ៍ចិនតាមរយៈបណ្តាញទំនាក់ទំនងសង្គមmicroblog ។ នេះជាសម្លេងរួមរបស់ពិភពលោក ។ កលល្បិចចាស់ៗរបស់ប្រទេសមួយចំនួនដែលប៉ុនប៉ងធ្វើឱ្យបញ្ហាបង្ការជំងឹឆ្លងក្លាយទៅជាបញ្ហានយោបាយ នឹងគ្មានអ្នកណាគាំទ្រនោះទេ ពិភពលោករំពឹងទុកកម្លាំងកាន់តែខ្លាំងឡើង ដើម្បីសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស