ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សមុទ្រមិនមែនជាធុងសំរាមរបស់ជប៉ុននោះទេ
2023-01-04 15:59:26cri
Share with:

យើងត្រូវដាស់តឿនជប៉ុនថា ប្រសិនបើទឹកសំណល់នុយក្លេអ៊ែរមានសុវត្ថិភាព នោះក៏អាចបង្ហូរនៅក្រុងតូក្យូ ធ្វើពិសោធន៍នៅក្រុងប៉ារីសនិងស្តុកទុកនៅក្រុងវ៉ាស៊ីនតោន ប៉ុន្តែសូមរក្សាការគ្មានសារធាតុនុយក្លេអ៊ែរក្នុងមហាសមុទ្រប៉ាស៊ីហ្វិករបស់យើង ។នេះជាការចោទប្រកាន់របស់លោកស្រី Motarilavoa Hilda Lini ដែលជាឥស្សរជនមជ្ឈដ្ឋាននយោបាយដ៏ល្បីឈ្មោះរបស់វ៉ានូអាទូ ដែលបានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់ប្រជាជននៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ។

កាលពីខែមេសាឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសថា មានផែនការចាប់ផ្តើមបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរស្រុក Fukushima ទៅក្នុងសមុទ្រពីរដូវផ្ការីកឆ្នាំ២០២៣នេះតទៅ។ ទន្ទឹមនឹងពេលវេលានៃការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រកាន់តែខិតជិត សំឡេងប្រឆាំងពីសហគមន៍អន្តរជាតិបានកើនឡើងឥតឈប់ឈរ ។ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក មនុស្សទាំងឡាយបានតវ៉ាយ៉ាងខ្លាំងចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជាបន្តបន្ទាប់ ។ ឥស្សរជនវិភាគបានលើកឡើងថា ប្រសិនបើជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតាមផែនការយ៉ាងពិតប្រាកដ នោះ បណ្ដាប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកមានសិទ្ធដេញដោលទំនួលខុសត្រូវនិងទារសំណងពីជប៉ុន។

ជប៉ុនជ្រើសរើសការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតែម្តង គឺចង់ចៀសវាងការលំបាកនិងចង់ចំណាយលុយតិច ប៉ុន្តែវាធ្វើអ៊ីចឹងគឺបានទម្លាក់ការបំពុលនុយក្លេអ៊ែរទៅឱ្យពិភពលោកទាំងមូល ដែលជាទង្វើគ្មានទំនួលខុសត្រូវនិងអត្មានិយមទាំងស្រុង ។ ការិយាល័យព័ត៌មាននិងឯកសារអំពីថាមពលនុយក្លេអ៊ែរដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ជប៉ុនបានចេញផ្សាយអត្ថបទនៅពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីធ្វើការចាត់ចែងរួចហើយ ទឹកសំណល់នុយក្លេអ៊ែរនៅតែមានសារធាតុវិទ្យុសកម្មចំនួន៦៤ប្រភេទ ដូចជា ធាតុ Tritium ជាដើម ល្គឹកណាដែលត្រូវបង្ហូរទៅក្នុងសមុទ្រនោះនឹងនាំឱ្យបរិស្ថានសមុទ្ររងការបំពុលវិទ្យុសកម្ម ហើយបញ្ជូននិងស្ដុកទុកតាមរយៈខ្សែសង្វាក់ចំណីអាហារ ទីបំផុតបង្កជាផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពមនុស្សនិងបរិស្ថានអេកូឡូស៊ី ។

អាចប៉ាន់ប្រមាណថា ប្រសិនបើបង្ហូរទឹកសំណល់នុយក្លេអ៊ែរលើសពី១លាន៣សែនតោននៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរស្រុក Fukushima ទៅក្នុងសមុទ្រ នោះ វាមិនខុសអ្វីពីការដាក់សុវត្ថិភាពអាយុជីវិតរបស់ប្រជាជនតាមឆ្នេរសមុទ្រក្នុងសភាពគ្រោះថ្នាក់ ក៏ដូចជាដាក់អេកូបរិស្ថានសមុទ្រក្នុងហានិភ័យដែលមិនអាចប៉ាន់ប្រមាណបាន ដែលនឹងនាំមកនូវផលវិបាកយ៉ាងខ្លាំងក្លា ។

គ្មានមធ្យោបាយដោះស្រាយប្រកបដោយសុវត្ថិភាព មិនបានប្រកាសពីព័ត៌មានដោយគ្រប់ជ្រុងជ្រោយ មិនបានពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយប្រទេសជិតខាងនិងអង្គការអន្តរជាតិ រដ្ឋាភិបាលជប៉ុនសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រដោយឯកតោភាគី វាហាក់ដូចជាបានឈរនៅប៉ែកម្ខាងដែលប្រឈមមុខនឹងសហគមន៍អន្តរជាតិ ។ ជប៉ុនជាភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិជាច្រើនដូចជា អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិនិងអនុសញ្ញាអំពីសន្តិសុខនុយក្លេអ៊ែរជាដើម ប៉ុន្តែបែរជាប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា ។ ប្រទេសនានាមានសិទ្ធប្រើមធ្យោបាយផ្លូវច្បាប់ ដើម្បីការពារសិទ្ធនិងផលប្រយោជន៍របស់ខ្លួន ។

សមុទ្រជាទ្រព្យសម្បត្តិរួមនិងជាទីលំនៅដែលរួមរស់នៅជាមួយគ្នារបស់មនុស្សជាតិ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រមិនមែនជារឿងរបស់ប្រទេសជប៉ុននោះទេ ។ បច្ចុប្បន្ននេះ អង្គការថាមពលបរិមាណូអន្តរជាតិនៅតែវាយតម្លៃដោយគ្រប់ជ្រុងជ្រោយចំពោះទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរស្រុក Fukushima ដដែល ។ ភាគីជប៉ុនបង្ខំឱ្យជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ គឺមិនអើពើនឹងការយកចិត្តទុកដាក់របស់ភាគីនានានិងប៉ុនប៉ងបង្កការពិតជាក់ស្តែងដែលមានស្រាប់ ។ ស្នាមប្រឡាក់ក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនធ្លាប់បង្កគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រទេសជិតខាង តើឥឡូវនេះចង់បន្សុលទុកកេរ្តិ៍ឈ្មោះអាស្រូវក្នុងប្រវត្តិសាស្ត្រម្តងទៀតឬ?

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស