ថ្ងៃទី១ខែមករាឆ្នាំ២០២៣ 《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》(ហៅកាត់RCEP)បានចូលជាធរមានគម្រប់ខួបមួយឆ្នាំ។ ចាប់តាំងពីបានអនុវត្តRCEPមក បាននាំមកនូវឱកាសពាណិជ្ជកម្មដល់សហគ្រាសដ៏ច្រើនរាប់មិនអស់។
RCEPគឺត្រូវបានផ្តួចផ្តើមឡើងដោយអាស៊ាន ដែលមានរដ្ឋសមាជិកបូករួមទាំងប្រទេសអាស៊ានចំនួន១០ និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគ្របដណ្តប់ចំនួនប្រជាជនច្រើនបំផុត និងមានទំហំសេដ្ឋកិច្ចពាណិជ្ជកម្មធំបំផុត។ ចាប់តាំងពីបានអនុវត្ត១ឆ្នាំមក បានចូលជាធរមាននៅរដ្ឋសមាជិកចំនួន១៣ក្នុងចំណោមប្រទេសហត្ថលេខីទាំង១៥ជាបន្តបន្ទាប់។ នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការសាល្បងមួយចំនួនដូចជាភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម និងការពិបាកងើបឡើងវិញជាដើម។ RCEPត្រូវបានចាត់ទុកថាជា“ពន្លឺចែងចាំងថ្មីនៅក្នុងអ័ព្ទ”ដែលបានរួមចំណែកកម្លាំងអាស៊ីប៉ាស៊ីហ្វិកដល់សេដ្ឋកិច្ចពិភពលោក។ ការចូលជាសមាជិកRCEPរបស់ប្រទេសចិន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ហើយក៏ជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យជានិមិត្តសញ្ញាមួយទៀតក្នុងការបើកចំហចំពោះក្រៅប្រទេសរបស់ប្រទេសចិនផងដែរ។
បើនិយាយចំពោះRCEP ការចូលជាសមាជិករបស់ប្រទេសចិនមានសារសំខាន់ណាស់។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត និងជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក ប្រទេសចិនមានទំហំសេដ្ឋកិច្ចសរុបជិត៦០ភាគរយក្នុងRCEP។ ប្រទេសចិនបានផ្តល់ឱកាសថ្មីដល់ពិភពលោកជាបន្តបន្ទាប់តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន ហើយបន្តបំពេញបន្ថែមកម្លាំងជីវិតយ៉ាងខ្លាំងក្លាទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកឥតឈប់ឈរ។
វិធានការធ្វើកិច្ចសម្រួលពាណិជ្ជកម្មដែលRCEPបាននាំមកដល់គយនិងការយកពន្ធជាដើមបានត្រួសត្រាយចន្លោះអភិវឌ្ឍន៍ថ្មីសម្រាប់ទម្រង់អាជីវកម្មថ្មី និងរូបមន្តថ្មី ដូចជាធុរកិច្ចអេឡិចត្រូនិកឆ្លងដែនជាដើម។ នាពេលបច្ចុប្បន្ននេះ RCEPបានក្លាយជាតំបន់ទីផ្សារដែលមានភាពរស់រវើកបំផុត និងមានអត្រាកំណើនខ្ពស់បំផុត ក្នុងការអភិវឌ្ឍធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៅលើពិភពលោកហើយ។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ ប្រទេសចិននិងអាស៊ានបានបន្តក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក ហើយក្នុងនោះ ធុរកិច្ចអេឡិចត្រូនិកឆ្លងដែនបានមានភាពលេចធ្លោបំផុត។
នៅឆ្នាំ២០២២ ប្រទេសចិននិងដៃគូពាណិជ្ជកម្មសេរីក្នុងតំបន់ "បានជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក" ការដឹកជញ្ជូនទំនិញមានភាពរលូន។ ការធ្វើពាណិជ្ជកម្មទំនិញជាង៩០ភាគរយនឹងសម្រេចបាននូវពន្ធសូន្យជាបណ្តើរៗ ដោយកាត់បន្ថយរបាំងពាណិជ្ជកម្មយ៉ាងច្រើន និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
នៅឆ្នាំ២០២២ សហគ្រាសនៃបណ្តាប្រទេសក្នុងតំបន់ "បានផ្តល់ដល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក" ដើម្បីចែករំលែកផលប្រយោជន៍ដែលនាំមកដោយគោលនយោបាយអនុគ្រោះដែលមានចែងក្នុងកិច្ចព្រមព្រៀង។
បើនិយាយចំពោះប្រទេសអាស៊ាន ផលប្រយោជន៍ដ៏សំខាន់មួយដែលនាំមកដោយRCEP គឺ ការកាត់បន្ថយថ្លៃដើមនៃការនាំចូល និងការកើនឡើងនៃឱកាសនាំចេញដែលបណ្តាលមកពីការកាត់បន្ថយព្ធនគយ។ បន្ទាប់ពីRCEPចូលជាធរមាន អនុបាតពន្ធសូន្យភ្លាមៗរវាងប្រទេសចិននិងអាស៊ានបានលើសពី៦៥ភាគរយ ដែលជំរុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្មនាំចូលនិងនាំចេញរបស់អាស៊ាន។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនចំពោះអាស៊ានបានឡើងដល់៧សែន៩ម៉ឺន៨ពាន់៤រយលានដុល្លារអាមេរិកដែលបានកើនឡើង១៣.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ចាប់តាំងពីបានអនុវត្តកិច្ចព្រមព្រៀងនេះរយៈពេល១ឆ្នាំមក បានទទួលលទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងការអនុវត្តRCEPប្រកបដោយគុណភាពខ្ពស់ថែមមួយកម្រិតទៀត រដ្ឋសមាជិកទាំងអស់បន្តសរសេរជំពូកថ្មីនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយបន្តបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក៕