ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពិភពលោករំពឹងទុកថា ក្បាលម៉ាស៊ីនរបស់ចិនជំរុញការអភិវឌ្ឍសកលជាថ្មីម្តងទៀត
2023-01-02 11:43:27cri
Share with:

      ខណៈពេលឈានចូលឆ្នាំថ្មីឆ្នាំ២០២៣ ប្រទេសចិនលេចចេញទិដ្ឋភាពថ្មី យោងតាមប្រទេសចិនចាប់ផ្តើមអនុវត្តវិធានការកែសម្រួលការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩មក ការស្តារផលិតកម្មឡើងវិញរបស់ឧស្សាហកម្មនិងមុខរបរនានាបានប្រព្រឹតិ្តទៅប្រកបដោយរបៀបរៀបរយ ដោយបានលេចចេញភាពរស់រវើកផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ។ និយាយចំពោះប្រទេសចិន ឆ្នាំ២០២៣នឹងក្លាយជាឆ្នាំដែលសម្រេចបាននូវការអភិវឌ្ឍដោយនឹងនរ ។

      នៅឆ្នាំ២០២២ ដោយរងឥទ្ធិពលពីកក្តាដូចជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម សេដ្ឋកិច្ចចិនបានរងការវាយប្រហារយ៉ាងខ្លាំងបង្គួរ សេដ្ឋកិច្ចចិនបានឆ្លងកាត់ភាពលំបាកក្នុងរយៈពេលមួយឆ្នាំ ។ ប៉ុន្តែ សេដ្ឋកិច្ចចិនមានភាពធន់យ៉ាងខ្លាំង សក្តានុពលដ៏ធំធេងនិងភាពរស់រវើកយ៉ាងខ្លាំង បានជានិន្នាការទូទៅដែលមានភាពល្អប្រសើរនិងមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ ប្រទេសចិនបាននិងកំពុងអនុវត្តគោលនយោបាយថ្មីឱ្យកាន់តែល្អ ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចមានតុល្យភាព ។ នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនក៏បានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់ស្ថិរភាពដើម្បីទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ បង្កើនកិច្ចសម្របសម្រួលគោលនយោបាយគ្រប់បែបយ៉ាង ក្នុងន័យបង្កើតជាកម្លាំងរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។

      និយាយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៣ ប្រព័ន្ធសារព័ត៌មានបរទេសបានផ្តោតការយកចិត្តទុកដាក់ជាទូទៅនិងការវាយតម្លៃជាវិជ្ជមាន ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចុះផ្សាយអត្ថបទនៅថ្ងៃទី៣០ ខែធ្នូឱ្យដឹងថា ភាពរស់រវើកសេដ្ឋកិច្ចនៃតំបន់ជាច្រើនរបស់ចិនបាននិងកំពុងស្តារឡើងវិញជាសន្សឹមៗ ល្បឿនស្តារសេដ្ឋកិច្ចឡើងវិញប្រហែលនឹងឆាប់ជាងការប៉ាន់ប្រមាណ ។ ទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មនៃអ្នកប្រើប្រាស់អាមេរិកCNBCបានចុះផ្សាយអត្ថបទនៅថ្ងៃទី២៩ ខែធ្នូ ដោយបានលើកឡើងថា យោងតាមប្រទេសចិនបើកទូលាយជាថ្មីឡើងវិញ សេដ្ឋវិទូមានអាកប្បកិរិយាសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងរយៈពេលយូរនៅពេលអនាគត ។

      ឆ្នាំ២០២៣ ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់នៅលើពិភពលោកតែមួយគត់ ដែលមានសង្ឃឹមសម្រេចបាននូវកំណើនទាំងប្រាក់ចំណេញរបស់សហគ្រាសនិងតម្លៃផលិតផលក្នុងស្រុកសរុប ។ និយាយចំពោះសេដ្ឋកិច្ចសកល នេះជាដំណឹងដ៏ល្អប្រសើរ ខណៈពេលសេដ្ឋកិច្ចអាមេរិកនិងអឺរ៉ុបបង្អង់ល្បឿន ដំណឹងនេះអាចលើកកម្ពស់លទ្ធភាពដែលឱ្យពិភពលោកចៀសវាងសភាពថមថយ។ នាពេលថ្មីៗកន្លងទៅនេះ សមាគមជំរុញពាណិជ្ជកម្មរបស់ចិនបានចេញផ្សាយរបាយការណ៍បង្ហាញឱ្យឃើញថា សហគ្រាសបរទេសនិងសមាគមសហគ្រាសបរទេសដែលចូលរួមការផ្តល់បទសម្ភាសន៍ មានចំនួន៩១ភាគរយផ្តល់ការគាំទ្រយ៉ាងក្រៃលែងដល់ប្រទេសចិនក្នុងការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លង មាន៩៨,៧ភាគរយថ្លែងថា នឹងរក្សានិងពង្រីកការបណ្តាក់ទុននៅប្រទេសចិន ហើយមាន៨៩,៨ភាគរយថ្លែងថា នឹងរក្សាខ្សែសង្វាក់ឧស្សាហកម្មនៅប្រទេសចិន ។

លោក Bai  Ming អនុប្រធានមន្ទីរសិក្សាស្រាវជ្រាវទីផ្សារអន្តរជាតិនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រតិកម្មវិជ្ជមានរបស់សហគ្រាសបរទេសចំពោះគោលនយោបាយបង្ការជំងឺឆ្លងរបស់ចិន បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសចិននៅតែជាគោលដៅបណ្តាក់ទុនដែលមានប្រជាប្រិយភាពដដែល ទីផ្សារដ៏ធំធេង ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញ និងវិធានការបើកទូលាយជាបន្តបន្ទាប់របស់ចិន នៅតែមានឧត្តមភាពយ៉ាងខ្លាំងបង្គួរក្នុងការប្រកួតប្រជែងចម្រុះដដែលផងដែរ ។

  តួលេខដែលក្រសួងពាណិជ្ជកម្មចិនប្រកាសបានបង្ហាញឱ្យឃើញថា ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសចិនបានប្រើប្រាស់ជាក់ស្តែងនូវទុនបរទេសចំនួន ១១៥៦០៩០លានប្រាក់យាន់ចិន កើនជាង៩,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមុន ។ ក្នុងបរិបទដែលការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងឡើងៗ ការការពារនិយមបានងើបឡើងវិញ ប្រការនេះបានបង្ហាញថា ចិនជាកាលានុវត្តភាពនៃការអភិវឌ្ឍរបស់បណ្តាប្រទេសនានានៅលើពិភពលោក ។ សេដ្ឋវិទូជាច្រើនរូបសម្គាល់ឃើញថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ សំខាន់គឺអាស្រ័យទៅលើកម្រិតល្បឿននិងកំណើននៃការស្តារឡើងវិញសេដ្ឋកិច្ចចិន ។

ក្នុងនាមជាទីផ្សារប្រើប្រាស់ធំទីពីរនៅលើពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសនិងតំបន់ចំនួនជាង១៣០នៅលើពិភពលោក នៅឆ្នាំ២០២២ ប្រទេសចិនបានផ្តល់ប្រាក់ចំណេញកាន់តែច្រើនដល់សហគ្រាសនៃតំបន់នានានៅលើពិភពលោកតាមរយៈពង្រីកការនាំចូល ដើម្បីនាំមកនូវប្រាក់ចំណូលកាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានា ព្រមពេលជាមួយគ្នានេះ ក៏បានបន្ថែមការនាំចេញក្នុងន័យជួយបណ្តាប្រទេសនានាទប់ទល់នឹងជំងឺឆ្លងនិងកែលម្អជីវភាពរស់នៅ សេដ្ឋកិច្ចចិនបានរួមចំណែកយ៉ាងច្រើនក្នុងការស្តារឡើងវិញនិងអភិវឌ្ឍរបស់ពិភពលោកទាំងមូល ។

ឆ្នាំ២០២៣ ការស្តារឡើងវិញនិងកំណើនសេដ្ឋកិច្ចចិន មានសារសំខាន់ដូចគ្នានឹងស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ ពិភពលោករំពឹងទុកប្រទេសចិនបន្តផ្តល់កម្លាំងចលករយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចសកល ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >