ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បុណ្យនិទាឃរដូវឆ្នាំថោះជំរុញល្បឿននៃការអភិវឌ្ឍជាសកល
2023-01-02 12:24:27cri
Share with:

 

បន្សល់ពីឆ្នាំ២០២២ដែលទើបបិទបញ្ចប់នេះ បានលាតត្រដាងយ៉ាងច្បាស់ថាយើងក៏កំពុងរស់នៅក្នុងពិភពលោកមួយដែលអារ្យធម៌របស់មនុស្សមានការរីកចម្រើនជាងពេលណាៗទាំងអស់ ដោយមានការរីកចម្រើនផ្នែកទ្រព្យសម្បត្តិសម្ភារៈ និង ការជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ស្របពេលជាមួយគ្នាដែលពិភពលោកពោរពេញទៅដោយភាពផ្ទុយគ្នា  ជម្លោះក្នុងតំបន់កើតឡើងជាញឹកញាប់ និងបញ្ហាប្រឈមជាសកលដូចជា ការរីករាតត្បាតនៃជំងឺCovid-19 ជម្លោះប្រដាប់អាវុធ បញ្ហាភេរវនិយម ជនភៀសខ្លួន ភាពក្រីក្រ ភាពអត់ការងារធ្វើ និងគម្លាតប្រាក់ចំណូលកាន់តែធំ។ ប្រទេសជាច្រើនបានចោទសួរថា តើទីបំផុត     ពិភពលោកនឹងទៅជាបែបណា? ដោយបានផ្តល់នូវចម្លើយដ៏សាមញ្ញឆ្លើយទៅនឹងសំណួរនេះ ក្នុងនាមជាអ្នកដែលទទួលបាននូវជោគជ័យក្នុងការសម្រេចបាននូវគោលដៅ១០០ឆ្នាំលើកទី១របស់ខ្លួន និងជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិហើយដែលតែងគាំទ្រប្រព័ន្ធអន្តរជាតិដែលជាការគាំទ្រដល់គោលបំណងនិងគោលការណ៍របស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ប្រទេសចិនយល់ថា ពន្លឺនៃសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើននឹងមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីលុបបំបាត់ភាពខ្មៅងងឹតនៃសង្គ្រាម ភាពក្រីក្រ និងការថយចុះ

 

ផ្តើមទំព័រឆ្នាំ២០២៣នេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងពេលដែលសេដ្ឋកិច្ចរបស់ចិនបានឈានដល់ដំណាក់កាលជាប្រក្រតីថ្មី ដែលក្នុងនោះមូលដ្ឋានគ្រឹះរបស់សេដ្ឋកិច្ចបានទ្រទ្រង់ការអភិវឌ្ឍដ៏រឹងមាំតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលចិនក្នុងការកែលម្អវិធានការគ្រប់គ្រងការរីករាតត្បាតជំងឺCovid-19 បានចាត់ចែងរៀបចំប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលនេះគឺធ្វើតាមបែបវិទ្យាសាស្រ្តនិងទាន់ពេលវេលាដែលមានភាពចាំបាច់ណាស់ ក្នុងគោលបំណងការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់កម្រិតអតិបរមាដែលបណ្តាលមកពីជំងឺរាតត្បាតចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ចិនជានិច្ចកាលបានប្តេជ្ញាចិត្តក្នុងការបង្កើនសេដ្ឋកិច្ចបើកចំហជាសកល ចែករំលែក កាលានុវត្តភាព និងផលប្រយោជន៍ តាមរយៈការបើកចំហ និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះ។ ចិនមិនងាករេក្នុងការរក្សាការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍពាណិជ្ជកម្មសេរី និងការវិនិយោគសេរីជាសកល លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាភាពបន្ស៊ីគ្នា តាមរយៈការបើកចំហសេដ្ឋកិច្ច ហើយគាំទ្រយ៉ាងពេញទំហឹងទៅលើគោលនយោបាយពហុភាគីនិយម។

 

ត្រៀមក្នុងការទទួលអំណរឆ្នាំថ្មី បុណ្យនិទាឃរដូវឆ្នាំថោះ ឆ្នាំ២០២៣ ប្រទេសចិនបានឈរប្រកៀកស្មាយ៉ាងមុតមាំជាមួយបណ្តាប្រទេសទាំងអស់ក្នុងការបង្កើននូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកាន់តែច្រើន កម្លាំងវឌ្ឍនភាពប្រមូលផ្តុំគ្នាកាន់តែខ្លាំងក្លា ហើយពង្រឹងឫទ្ធានុភាពក្នុងការរួមចំណែកកាន់តែធំដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងរុងរឿងនៃពិភពលោក។ ក្នុងដំណោះស្រាយប្រឈមមុខនិងបញ្ហាលំបាកដែលបានបន្សល់ទុកក្នុងឆ្នាំ២០២២ ប្រទេសចិនបន្តស្មារតីនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដើម្បីចូលរួមយ៉ាងសកម្មដល់ការរំសាយផ្សែងអ័ព្ទនៃជំងឺរាតត្បាតជាសកលCovid-19 និងចូលរួមផ្តល់ពន្លឺកាន់តែធំដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ព្រមទាំងចូលរួមជាប្រទីបរំដោះប្រជាជនរាប់លាននាក់ក្រោកចេញពីភាពក្រីក្រដែលបានផ្តល់ជាគតិដល់ការដោះស្រាយវិបត្តិស្បៀងអាហារ ហើយជាពិសេសការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមឆន្ទៈនិងគោលបំណងដើមរបស់ចិនដែលតែងរក្សាបានយ៉ាងខ្ជាប់ខ្ជួន គឺការពារអាយុជីវិតនិងបង្កើនជីវភាពកាន់តែប្រសើរថ្លៃថ្លាជូនដល់ មនុស្សជាតិ និងពង្រីកអរិយធម៌ចិនដែលតែងឲ្យតម្លៃទៅលើភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយគោរពធម្មជាតិ។ ការអភិវឌ្ឍគឺជាគោលដៅដ៏ធំបំផុតសម្រាប់ប្រជាជន ហើយដើម្បីសម្រេចឲ្យបាននូវតុល្យភាពនៃការអភិវឌ្ឍ និងធានាឲ្យបានថា ប្រជាជនមានលទ្ធភាពទទួលបានឱកាស និងអត្ថប្រយោជន៍ដែលទទួលបានពីការអភិវឌ្ឍស្មើៗគ្នា ចិនតែងមានទស្សនវិស័យនិងគំរូនៃការអភិវឌ្ឍ រួមទាំងការអភិវឌ្ឍប្រកបដោយសមធម៌ដែលមានភាពស័ក្តិសិទ្ធិនិងមានតុល្យភាពផ្តល់សារៈសំខាន់ខ្លាំងដល់ពិភពលោក

 

ចេញដំណើរយ៉ាងស្វាហាប់ក្នុងឆ្នាំ២០២៣ កំណែទម្រង់និងបើកទូលាយបានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍ ត្រូវតែធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅនិងពង្រីកបើកទូលាយដោយភាពក្លាហាននៃគតិបណ្ឌិតរបស់ចិន ដោយបង្កើនភិយ្យោភាពរបស់ប្រទេសចិនក្នុងការបន្តចូលរួមចំណែកយ៉ាងសកម្មនិងសំខាន់ថែរក្សាសន្តិភាព និងបង្កើនល្បឿននៃការអភិវឌ្ឍរបស់ពិភពលោក ស្របពេលដែលក្នុងវប្បធម៌ចិន ឆ្នាំ២០២៣ជាឆ្នាំថោះឬសត្វទន្សាយ ហើយសត្វទន្សាយត្រូវបានគេស្គាល់ថាជាសត្វដែលមានសំណាងជាងគេក្នុងចំណោមសត្វទាំងដប់ពីរ វាជានិមិត្តរូបនៃព្រហ្មវិហារធម៌ ភាពថ្លៃថ្នូរ ភាពវៃឆ្លាត ផ្តល់យុត្តិធម៌ និងផ្តល់គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ថែមទៀតផង។ ការណ៍នេះសុភាសិតបុរាណចិនមួយបានពោលថា «ជ័យជម្នះទទួលបាន នៅពេលដែលមនុស្សប្រមូលផ្ដុំកម្លាំងគ្នា ហើយភាពជោគជ័យនឹងទទួលបាន នៅពេលមនុស្សចូលរួមគិតទាំងអស់គ្នា»។ ដរាបណាពិភពលោកនៅតែរក្សាគោលបំណងនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងចូលរួមពួតដៃគ្នាជាមួយចិនដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងដោះស្រាយបញ្ហាលំបាកជាសកល នោះច្បាស់ណាស់ដែលថាពិភពលោកក្នុងឆ្នាំថោះនេះនឹងអភិវឌ្ឍកាន់តែល្អប្រសើរ ព្រមទាំងផ្តល់ជីវិតល្អបវរនិងវិបុលភាពជូនដល់មនុស្សជាតិទាំងមូលទៀតផង៕

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស