នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៣ ចំពោះទស្សនិកជនបរទេសតាមរយៈស្ថានីយទូរទស្សន៍ CGTN វិទ្យុអន្តរជាតិចិននិងបណ្តាញអ៊ីនធើណេត ។ អត្ថបទទាំងស្រុងដូចខាងក្រោម៖
មិត្តភ័ក្តិជាទីស្រឡាញ់ទាំងអស់គ្នាៈ
ស្ថិតក្រោមពន្លឺព្រះអាទិត្យដ៏កក់ក្តៅក្នុងរដូវរងា យើងទទួលអបអរឆ្នាំ ២០២៣ ដែលពោរពេញទៅដោយការរំពឹងទុកដ៏ល្អបវរ ។ ខ្ញុំសូមសម្តែងការសួរសុខទុក្ខដ៏ស្និទ្ធស្នាលជូនដល់លោកអ្នកនៅក្រុងប៉េកាំង !
ក្នុងឆ្នាំ ២០២២ ដែលទើបបានកន្លងផុតទៅ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើដោយជោគជ័យដែលបានកំណត់យ៉ាងច្បាស់លាស់នូវភារកិច្ចនិងផ្លូវសម្រាប់ការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។ ក្នុងនាមជាអ្នកចូលរួម អ្នកសាក្សីនិងជាអ្នកកត់ត្រានៃយុគសម័យថ្មី អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញនូវទិដ្ឋភាពដ៏អស្ចារ្យនៃសមាជលើកនេះទៅកាន់តំបន់នានានៅទូទាំងពិភពលោកតាមរយៈការផ្សាយបន្តផ្ទាល់ ហើយបានបង្កើតស្នាដៃល្អៗជាច្រើនយ៉ាងម៉ត់ចត់ ដូចជា 《កំណត់ទិសដៅ》《បកស្រាយអំពីបម្រែបម្រួលរបស់ចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ》ជាដើមដើម្បីរៀបរាប់យ៉ាងរស់រវើកនូវរឿងវ៉ាវដ៏អស្ចារ្យក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ក៏ដូចជាទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ។
ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ យើងបានស្វែងរកការច្នៃប្រឌិតថ្មីក្នុងការរួមបញ្ចូលគ្នាស្តីពី"គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា" ហើយបានខិតខំសម្រេចបាននូវគោលដៅស្តីពី"កម្មវីធីទូរទស្សន៍សុទ្ធតែល្អៗ" ។ ក្នុងដំណើរផ្សាយដំណឹងអំពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រើ"ភាពរ៉ូមែនទិចតាមបែបផែនចិន"ដែលពោរពេញទៅដោយបច្ចេកវិទ្យាខ្ពស់ដើម្បីធ្វើឱ្យស្មារតីអូឡាំពិកនិងវប្បធម៌ចិនរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ក៏ដូចជាបានបំភ្លឺកីឡាព្រិលទឹកកកនៃការប្រកួតកីឡាអូឡាំពិករដូវរងាតាមរយៈបច្ចេកវិទ្យាខ្ពស់ ។ លោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានកោតសរសើរខ្ពស់ចំពោះការផ្សាយដំណឹងនិងផ្សព្វផ្សាយការប្រកួតរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា ទទួលបានភាពជោគជ័យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ។ កម្មវិធីល្អៗដែលបានផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដូចជា《វណ្ណកម្មអក្សរសិល្បិ៍បុរាណចិន》 《កំណាព្យនិងគំនូររបស់ចិន》គឺជាការបកស្រាយបែបសិល្បៈចំពោះមូលហេតុដែលអរិយធម៌ចិនអាចផ្សព្វផ្សាយតៗគ្នាជាប់មិនដាច់ ហើយក៏ជាការស្វែងរកជានិរន្តរភាពចំពោះការរួមបញ្ចូលគ្នានៃអរិយធម៌របស់មនុស្សជាតិផងដែរ ។ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រាត្រីសមោសរអបអរសាទរបុណ្យសែនលោកខែនិងរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំសកលជាដើមបានបំផុសរលកខ្ពស់ថ្មីសម្រាប់ស្វែងយល់ពីវប្បធម៌ចិននៅឯនាយសមុទ្រ ។ សកម្មភាពតាំងពិព័រណ៍និងដាក់បញ្ចាំងមួយចំនួន ដូចជា "មហោស្រពភាពយន្តឯកសារនិងរូបភាពរបស់ចិន" "ការភ្ជាប់និស្ស័យរវាងចិននិងអាមេរិកឡាទីន"និង"ការភ្ជាប់និស្ស័យរវាងចិននិងអាហ្រ្វិក"ជាដើមបានប្រើប្រាស់ភាពយន្តឯកសារនិងរូបភាពជាមធ្យោបាយដើម្បីបង្កើតជាធ្នឹមស្ពានសម្រាប់ការរៀនសូត្រពីវប្បធម៌រវាងគ្នានិងគ្នាព្រមនិងការតភ្ជាប់ដួងចិត្តរបស់ប្រជាជន ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានរៀបចំធ្វើវេទិកានិងសកម្មភាពប្រព័ន្ធសារព័ត៌មានដែលមានប្រធានបទច្រើនបែបយ៉ាង ដូចជា វេទិកាច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានសកលលើកទីមួយ វេទិកាជាន់ខ្ពស់ខាងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-អាហ្សង់ទីននិងវេទិកាសហប្រតិបត្តិការខាងប្រព័ន្ធសារព័ត៌មានចិន-អារ៉ាប់ជាដើម បន្តធ្វើឱ្យស៊ីជុម្រៅនូវយន្តការសហប្រតិបត្តិការក្នុងតំបន់ “ដៃគូប្រព័ន្ធសារព័ត៌មាន” ដែលបានបង្កើនចំណងមិត្តភាពក្នុងការផ្លាស់ប្តូរនិងប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធសារព័ត៌មានអន្តរជាតិ ។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ យើងបានធ្វើការផ្លាស់ប្តូរនិងការពិគ្រោះពិភាក្សាជាមួយមិត្តភក្តិគ្រប់ប្រទេសអំពីតម្លៃយុគសម័យនិងអត្ថន័យពិភពលោកនៃការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈសកម្មភាពប្រព័ន្ធសារព័ត៌មាននៅឯនាយសមុទ្រមួយចំនួន“ប្រទេសចិននិងពិភពលោកក្នុងដំណើរថ្មី”ចំនួន៥៨លើក ដែលទទួលបានការឆ្លើយតបនិងផ្សព្វផ្សាយពីប្រព័ន្ធសារព័ត៌មានអន្តរជាតិជាង២ពាន់ ។
លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ជាច្រើនលើកថា ប្រទេសចិនឈរនៅប៉ែកត្រឹមត្រូវនៃប្រវតិ្តសាស្ត្រយ៉ាងមុតមាំ ឈរនៅប៉ែកវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិយ៉ាងមុតមាំ ដើម្បីខិតខំប្រឹងប្រែងរួមចំណែកជាតម្រិះប្រាជ្ញាចិននិងផែនការចិនក្នុងកិច្ចការសន្តិភាពនិងអភិវឌ្ឍន៍របស់មនុស្សជាតិ ។ សមត្ថភាពផ្សព្វផ្សាយជាសន្ទស្សន៍ដ៏សំខាន់សម្រាប់វាយតម្លៃប្រព័ន្ធសារព័ត៌មានអន្តរជាតិ រីឯភាពពិតប្រាកដគឺជាអាយុជីវិតនៃប្រព័ន្ធសារព័ត៌មានទាំងអស់ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធប្រមូលព័ត៌មានសកល ខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាពផ្សាយដំណឹងអំពីបញ្ហាចំណុចក្តៅសកល ចំនួនភាសាផ្សព្វផ្សាយបានកើនឡើងពី៤៤ដល់៦៨ភាសា ដែលបានគ្របដណ្តប់ប្រទេសនិងតំបន់ចំនួន២៣៣លើទូទាំងពិភពលោក ។ ក្នុងការផ្សាយដំណឹងអំពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននិងការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោក យើងលះបង់ចោលទស្សនៈលំអៀង ប្រកាន់ខ្ជាប់ការពិតជាក់ស្តែង ដើម្បីផ្សព្វផ្សាយគោលជំហររបស់ចិននិងផែនការរបស់ចិនប្រកបដោយសត្យានុម័តនិងយុត្តិធម៌ទៅកាន់សហគមន៍អន្តរជាតិ ។
ក្នុងឆ្នាំថ្មី យើងនឹងបន្តតស៊ូព្យាយាមនិងបោះជំហានទៅមុខយ៉ាងអង់អាចក្លាហាន ដើម្បីបង្ហាញពីវិស័យជាច្រើននូវរូបភាពថ្មីរបស់ចិនក្នុងយុគសម័យថ្មីទៅកាន់សហគមន៍អន្តរជាតិ ។ ឆ្នាំថ្មីក៏ជាខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ យើងនឹងបន្តចងចំណងមិត្តភាពតាមរយៈ “ប្រព័ន្ធសារព័ត៌មាន” ជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌ បំពេញបេសកកម្មរបស់ប្រព័ន្ធសារព័ត៌មានដើម្បីផ្សព្វផ្សាយតម្លៃរួមរបស់មនុស្សជាតិទាំងមូល ក៏ដូចជាជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
“ភ្នំនិងទឹកមានទេសភាពស្រស់បំព្រងក្នុងរដូវផ្ការីក ខ្យល់រដូវផ្ការីកបាននាំមកនូវក្លិនក្រអូបផ្កានិងស្មៅ ។” ខ្ញុំសូមជូនពរម្តងទៀតសូមឱ្យលោកអ្នកសប្បាយរីករាយក្នុងឆ្នាំថ្មីសកល និងមានភាពសុខសប្បាយនិងសុភមង្គល!សូមអរគុណ!