魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីប្រកាសចាត់វិធានការដាក់ទណ្ឌកម្មលើអ្នកនយោបាយសំខាន់ៗនៃអង់គ្លេសចំនួន ១៣ រូបដែលបូករួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសជាដើម

2022-04-17 12:22:35 cri

    នៅថ្ងៃទី ​១៦ ​ខែមេសា ​តាមម៉ោង​ក្នុងតំបន់ ​ក្រសួង​ការបរទេសរុស្ស៊ី​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការអនុវត្ត​ការ​ដាក់ទណ្ឌកម្ម​លើ​អ្នកនយោបាយសំខាន់ៗ​នៃ​អង់គ្លេស​ដែល​បូក​រួម​ទាំង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ជាដើម ​។ ​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា ​ដោយ​សារ​រដ្ឋាភិបាល​អង់គ្លេស​បាន​ធ្វើ​សកម្មភាពអរិភាព​ដែល​មិនធ្លាប់មាន​កាល​ពី​មុន​ចំពោះ​រុស្ស៊ី​ ​ក្នុងនោះបូករួមទាំង​ការដាក់ទណ្ឌកម្ម​លើ​អ្នកនយោបាយសំខាន់ៗ​នៃ​រុស្ស៊ី​ជា​ដើម ​ហេតុនេះហើយ ​បានជា​រុស្ស៊ី​បាន​សម្រេចចិត្ត​នឹង​ដាក់បញ្ចូល​សមាជិកសំខាន់ៗ​នៃ​រដ្ឋាភិបាល​អង់គ្លេស​និង​អ្នកនយោបាយ​មួយចំនួន​ទៅ​ក្នុង​"បញ្ជីហាមឃាត់"​ដែល​ហាម​មិន​ឱ្យ​ចូល​ដែន​រុស្ស៊ី ​។​

    សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់ថា ​ទង្វើ​របស់​រុស្ស៊ី​បែបនេះ​ជាការឆ្លើយតបវិញ​ចំពោះ​ព័ត៌មាន​ប្រឆាំង​រុស្ស៊ី​និង​សកម្មភាព​នយោបាយ​ដែលធ្វើឡើង​ដោយ​អង់គ្លេស ​។ ​គោល​បំណង​របស់​អង់គ្លេស ​គឺ​ដាក់ឱ្យ​រុស្ស៊ី​ឯកោផ្នែកនយោបាយ​លើ​ផ្ទៃ​អន្តរជាតិ ​បង្ក​លក្ខខណ្ឌ​សម្រាប់​ទប់​ស្កាត់​ការអភិវឌ្ឍ​និង​បំផ្លាញ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់រុស្ស៊ី ​។ ​ថ្នាក់​ដឹកនាំ​ជាតិ​អង់គ្លេស​កំពុង​ធ្វើឱ្យ​ស្ថានការណ៍​អ៊ុយក្រែន​ឡើងកម្តៅ​ដោយ​ចេតនា​អាក្រក់ ​ក៏ដូចជា​ផ្តល់​គ្រឿង​សព្វាវុធ​ដ៏កាចសាហាវ​ដល់​រដ្ឋអំណាច​ក្រុងគៀវ​ព្រមទាំង​ធ្វើកិច្ចសហការ​ជាមួយ​អង្គការ​ណាតូ​ដើម្បី​រួមគ្នា​ចាត់ប្រតិបត្តិការ​ ​។ ​ស្របពេលជាមួយគ្នានេះ ​ទីក្រុងឡុងដ៍​បាន​ជំរុញ​យ៉ាងខ្លាំងក្លា​ឱ្យ​សម្ព័ន្ធមិត្តលោកខាងលិច​របស់ខ្លួន​និងប្រទេសដទៃ​ទៀត​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ក្នុង​ទ្រង់ទ្រាយធំ ​ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​ទាំងនេះ​គ្មានអត្ថន័យទាល់តែ​សោះ ​វា​នឹង​ទទួលលទ្ធផល​ផ្ទុយគ្នា ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស