李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរបស់លោកZhong Chengzhan កីឡាករចិននៅលើរទេះរុញ

2022-04-15 12:50:56

រឿងរ៉ាវរបស់លោកZhong Chengzhan កីឡាករចិននៅលើរទេះរុញ_fororder_eac4b74543a98226376770118eb22c064a90eb1e

ថ្ងៃទី ១៧ខែធ្នូ ឆ្នាំ ២០១៣  ទីលានជិះស្គីទឹកកក Wanlong នៅស្រុក Chongli ទីក្រុង Zhangjiakou ខេត្ត Hebei ប្រទេសចិន ។

ទីនេះគឺជាកីឡដ្ឋានជិះស្គីទឹកកកលំដាប់អន្តរជាតិខ្នាតធំដំបូងគេបំផុតដែលបានបង្កើតឡើងនៅក្នុងប្រទេសចិន ជាកន្លែងជិះស្គីទឹកកកកពេញនិយមនៅក្នុងចិត្តរបស់អ្នកជំនាញជិះស្គីទឹកកក។

មានបរទេសម្នាក់មើលទៅអាយុរាងចំណាស់ហើយ រូបរាងហាក់ដូចជាគ្រូបង្វឹក កំពុងឈរនៅចំពោះមុខមនុស្សជាច្រើនដើម្បីពន្យល់ចុងក្រោយអំពីការហ្វឹកហាត់ជិះស្គីទឹកកកថ្ងៃនេះ។ គាត់ឈ្មោះថាKnut Jaeger។ ពីមុន គាត់គឺជាជើងចាស់លេងកីឡាក្រៅផ្ទះ ហើយពូកែជំនាញជិះស្គីទឹកកក។ ក្រោយមកគាត់បានក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់។

"គ្រប់គ្នាធ្វើបានល្អណាស់ក្នុងការហ្វឹកហ្វឺនថ្ងៃនេះ។ ទាំងអស់គ្នាកុំបារម្ភពីជំនាញថ្មី យើងរីកចម្រើនបន្តិចម្ដងៗជារៀងរាល់ថ្ងៃទៅបានហើយ" បន្ទាប់ពីលោក Jaeger និយាយចប់ គ្រប់គ្នាទះដៃសម្តែងអំណរគុណ ហើយរៀបចំរបស់របររៀងៗខ្លួន ហើយចាប់ផ្តើមជិះស្គីចុះពីលើភ្នំតាមផ្លូវព្រិលទឹកកកទៅកាន់ជើងភ្នំ។

"តោះ! ហោះទៅហើយ!"

ខណៈពេលដែលលោក Jaeger និយាយចប់ មនុស្សម្នាក់ក្នុងឈុតជិះស្គីទឹកកកពណ៌លឿង និងខ្មៅ បានប្រញាប់ចុះពីកំពូលជម្រាល ។

"លោក Zhong បន្ថយល្បឿន យឺតបន្តិចទៅ!លោក Jaegerបានស្រែកទៅកាន់មនុស្សម្នាក់នោះ ប៉ុន្តែគាត់បានជិះស្គីឆ្ងាយទៅហើយ។

មនុស្សដែលត្រូវបានគេស្គាល់ថាជា "លោកZhong "នេះ មានឈ្មោះថា Zhong Chengzhan គឺជាអ្នកល្បីឈ្មោះក្នុងមជ្ឈដ្ឋានកីឡាក្រៅផ្ទះនៃប្រទេសចិន និងមានទេពកោសល្យខាងកីឡាយ៉ាងខ្លាំង។

នៅពេលនេះ Zhong Chengzhan កំពុងជាន់លើក្តារជិះស្គីទឹកកកដ៏ថ្មីមួយគូ ហើយគាត់បានជិះលើផ្លូវដែលមានព្រិលយ៉ាងសប្បាយរីករាយ ដោយម្ដងងាកទៅឆ្វេង ម្ដងងាកទៅស្តាំ ជាមួយកាយវិការបង្វិលយ៉ាងខ្លាំង។ នៅពេលដែល Zhong Chengzhan លង់នឹងភាពរំភើបនិងសេចក្តីរីករាយដែលនាំមកដោយល្បឿនលឿននោះ គាត់ស្រាប់តែមានអារម្មណ៍ថាក្តារជិះស្គីនៅក្រោមជើងរបស់ខ្លួនស្រាប់តែញ័រយ៉ាងខ្លាំង! គាត់មិនទាន់បានបញ្ចេញប្រតិកម្មទាន់ពេលផង ខ្លួនគាត់ទាំងមូលបានរមៀលទៅមុខបាត់ទៅហើយ។

Zhong Chengzhan ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដ៏ល្អបំផុតនៅទីក្រុងប៉េកាំងទាំងយប់ ហើយគ្រូពេទ្យបានធ្វើការវះកាត់ជាបន្ទាន់ ។

មិនដឹងរយៈពេលបានកន្លងផុតទៅយូរប៉ុន្មានទេ ការវះកាត់ទើបបានបញ្ចប់។

"អ្នករងរបួសបានចេញផុតពីភាពគ្រោះថ្នាក់ហើយ ការវះកាត់ក៏បានជោគជ័យដែរ។ តែដោយសារថា ចង្កេះរបស់អ្នករងរបួសត្រូវបានខូចយ៉ាងធ្ងន់ធ្ងរ ទោះជាពួកយើងបានព្យាយាមអស់ពីសមត្ថភាពហើយក្តី ក៏ប៉ុន្តែទៅថ្ងៃក្រោយ គាត់ប្រហែលជាត្រូវប្រើរទេះរុញហើយ ។ សូមមេត្តាជួយគាត់ឱ្យត្រៀមចិត្តសម្រាប់រឿងនេះ" ។ ក្រោយពីគ្រូពេទ្យនិយាយចប់ គាត់បានងាកទៅវិញ ធ្វើឲ្យអ្នកទាំងអស់គ្នាស្រឡាំងកាំងនៅនឹងកន្លែង។

នៅពេលដែល Zhong Chengzhan បើកភ្នែកម្តងទៀត គាត់ឃើញថាខ្លួនឯងដេកសម្រាកនៅក្នុងបន្ទាប់ព្យាបាល។ Zhong Chengzhan បានព្យាយាមងើបអង្គុយ ប៉ុន្តែព្យាយាមជាច្រើនដងហើយ រាងកាយខាងក្រោមរបស់គាត់មិនមានប្រតិកម្មទាល់តែសោះ។ "មើលទៅ ខ្ញុំមិនអាចលេងស្គីទឹកកកបានទៀតទេ" ចិត្តរបស់ Zhong Chengzhan មានភាពសោកសៅយ៉ាងខ្លាំង។

ក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុងប៉េកាំង លោក Zhong Chengzhan បានបង្ហាញពីបំណងចង់ជិះស្គីទឹកកកម្តងទៀតរបស់ខ្លួនទៅកាន់លោក Jaeger ។ ប៉ុន្មានខែបានកន្លងផុតទៅ មានមួយថ្ងៃ Zhong Chengzhan កំពុងធ្វើកិច្ចការក្រុមហ៊ុននៅក្នុងការិយាល័យ ស្រាប់តែមានសារផ្ញើមកពី Jaeger មកលើទូរស័ព្ទដៃរបស់គាត់ សរសេរថា "លោក Zhong សូមញ្ជើញលោកមើលវីដេអូនេះ" ។

ចុចលើវីដេអូនេះហើយ Zhong Chengzhan បានឃើញថា មានអ្នកជិះស្គីទឹកកកម្នាក់អង្គុយនៅលើក្តារព្រិលទឹកកកពិសេសមួយ ដៃទាំងពីរកាន់ឈើច្រត់ម្ខាងមួយ ហើយនៅបាតឈើច្រត់គឺជាក្តារជិះស្គីទឹកកកតូចមួយ។ អត្តពលិកបានអង្គុយដូចនេះ រំអិលចុះពីលើភ្នំ បត់បែនទិសដៅដោយប្រើឈើច្រត់ទាំងពីរដើម្បីគ្រប់គ្រងទិសដៅរអិល ហើយល្បឿនក៏លឿនមិនខុសពីការជិះស្គីទឹកកកធម្មតាដែរ។

ពេលមើលវីដេអូនេះ Zhong Chengzhan មានអារម្មណ៍ថាបេះដូងរបស់គាត់លោតលឿន ដង្ហើមក៏ញាប់ហើយក្នុងចិត្តមានអារម្មណ៍រីករាយខុសពីធម្មតា។

"តើខ្ញុំអាចរៀនជិះស្គីទឹកកកប្រភេទនេះនៅឯណា? ខ្ញុំចង់សាកល្បងវាមើល!" វីដេអូចាក់មិនទាន់ចប់ផង Zhong Chengzhan ក៏ផ្ញើសារតបទៅ Jaeger វិញយ៉ាងប្រញាប់ប្រញាល់។

"កីឡានេះត្រូវបានគេហៅថាជិះស្គីទឹកកកបែបអង្គុយ ហើយមានមនុស្សចេះជិះតិចណាស់ ប្រសិនបើឯងចង់រៀន ត្រូវមករៀននៅអឺរ៉ុប "។

«ទៅណាក៏បានដែរ លោកជួយទាក់ទងឱ្យខ្ញុំបន្តិចទៅ!»

"លោក Zhong! ជិះស្គីទឹកកកបែបអង្គុយមិនងាយស្រួលដូចដែលយើងបានឃើញនោះទេ ហើយអ្នកដែលរៀនចេះមានមិនច្រើនទេ។ ឯងត្រូវតែត្រៀមចិត្តប្រឈមនឹងភាពបរាជ័យ"។

«បើមិនសាកមិនដឹងទេ សូមជួយខ្ញុំទាក់ទងស្ថាប័ននិងគ្រូបង្វឹកដែលអាចឱ្យខ្ញុំរៀនជិះស្គីទឹកកកបែបអង្គុយបានផង!"

"មិនអីទេ ខ្ញុំនឹងព្យាយាមផ្តល់ចម្លើយឱ្យឯងមុនពេលរដូវធ្លាក់ព្រិលបន្ទាប់មកដល់។"

នៅព្រឹកព្រលឹមថ្ងៃទី ៣១ ខែមករាឆ្នាំ ២០១៥ លោកZhong Chengzhan បានមកធ្វើការនៅក្នុងការិយាល័យដូចធម្មតា។ លោកទើបតែអង្គុយចុះ ទូរសព្ទក៏រោទ៍ភ្លាម។ សំឡេងលោកDa Luoបានបន្លឺចេញពីទូរស័ព្ទដោយនិយាយថា៖ "លោកZhong លោកJaeger គាត់ស្លាប់បាត់ហើយ»។

"ឯងនិយាយថាម៉េច?!"

ពីរខែក្រោយ នៅថ្ងៃមួយ កីឡាករនិងអ្នកនិយមកីឡាក្រៅផ្ទះប្រទេសចិន ចំនួនជាង ៦០ នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន។ ពួកគេបានមកពីគ្រប់ទិសទី ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធលោកJaeger ។ នៅពេលដល់វេនលោក Zhong Chengzhanឡើងថ្លែងកថា  គាត់បានឡើងវេទិកាទាំងអង្គុយលើកៅអីរុញហើយនិយាយថា៖ "លោក Jaeger គឺជាគ្រូបង្រៀន និងជាមិត្តរបស់ខ្ញុំ ហើយគាត់គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតរបស់ខ្ញុំ។ ការប្រាស្រ័យទាក់ទងជាមួយគាត់ បានធ្វើឱ្យខ្ញុំដឹងថា នៅក្នុងវិស័យកីឡាដ៏រស់រវើក និងប្រកបដោយមនោសញ្ចេតនានេះ អ្នកប្រកួតប្រជែងគ្នាក៏អាចរាប់អានគ្នាក្លាយជាកល្យាណមិត្តបានដែរ។"

បន្ទាប់ពីពិធីរំលឹកវិញ្ញាណក្ខន្ធបានបញ្ចប់ មានស្ត្រីម្នាក់បានទៅរកលោក Zhong Chengzhan ហើយនិយាយថា៖ "លោក Zhong សូមអញ្ជើញមកនេះបន្តិច" ។

ស្ត្រីនោះបាននាំ Zhong Chengzhan ទៅបន្ទប់សម្រាកមួយនៅក្បែរកន្លែងនោះ ហើយងាកមកនិយាយទល់មុខគាត់ថា៖ "លោក Zhong ខ្ញុំបានឮពីមិត្តខ្ញុំម្នាក់ថា លោកលែងចង់រៀនជិះស្គីទឹកកកបែបអង្គុយហើយ?"

“ខ្ញុំមានអារម្មណ៍ថាខ្លួនឯងអាត្មានិយមខ្លាំងណាស់ ខ្ញុំមិនយល់ពីការលំបាករបស់លោក Jaeger ទេ។ គាត់មានសុខភាពមិនល្អ ប៉ុន្តែខ្ញុំមិនខ្វល់ពីគាត់ទេ ហើយថែមទាំងបានសុំឱ្យគាត់ ជួយខ្ញុំរឿងនេះរឿងនោះថែមទៀត។ "

"ប៉ុន្តែលោក Zhong តើលោកដឹងទេថា ការងារចុងក្រោយដែល Jaeger បានធ្វើក្នុងជីវិតរបស់គាត់គឺធ្វើកិច្ចសម្រួលដើម្បីឱ្យលោកទៅរៀនជិះស្គីទឹកកកបែបអង្គុយនៅអឺរ៉ុបនេះហើយ ។ គាត់បានសម្រេចភារកិច្ចនេះ នៅដង្ហើមចុងក្រោយរបស់គាត់ ។ គាត់បានចាត់ចែងគ្រប់ប្រការទាំងអស់រួចរាល់សម្រាប់លោកហើយ។ គាត់នឹងសោកស្តាយប្រសិនបើលោកបោះបង់ឱកាសនេះចោល។”

ឮបែបនេះ Zhong Chengzhan ភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង។ បន្ទាប់ពីមួយនាទីក្រោយមក លោក Zhong Chengzhan បានយកដៃទាំងពីរខ្ទប់បិទមុខយ៉ាងសោកសៅ ។ មួយសន្ទុះក្រោយមក គាត់បានជូតមុខ ហើយងើបមុខដោយនិយាយថា៖ "ខ្ញុំនឹងដាក់ពាក្យស្នើសុំទិដ្ឋាការទៅអឺរ៉ុបភ្លាម"។

យន្តហោះដឹកអ្នកដំណើរដែលដឹក Zhong Chengzhan និងមិត្តល្អរបស់គាត់ Da Luo បានហោះឆ្លងកាត់ចម្ងាយជិតមួយម៉ឺនគីឡូម៉ែត្រ ហើយបានចុះចតនៅទីក្រុង Innsbruck Main ដែលជាទីក្រុងតូចមួយមានទីតាំងនៅជ្រលងភ្នំអាល់នៅភាគខាងលិចប្រទេសអូទ្រីស។ នេះគឺជាទីក្រុងដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាពីរលើក។

បន្ទាប់ពីញ៉ាំអាហារពេលព្រឹកយ៉ាងប្រញាប់ប្រញាល់នៅក្នុងភោជនីយដ្ឋាន Zhong Chengzhan បានមកដល់រមណីយដ្ឋានជិះស្គីទឹកកកនៅជាយក្រុងតាមការណាត់។

ពេលនេះមេឃកំពុងឆ្លាក់ព្រិល Zhong Chengzhan បានឃើញស្រមោលខ្មៅពិសេសមួយកំពុងដើរនៅខាងមុខ សំដៅមករកគាត់។ ពេលស្រមោលនោះខិតជិតមកដល់គាត់  ទើបZhong Chengzhan  មើលឃើញច្បាស់ថា ជាបុរសម្នាក់កំពុងអង្គុយលើក្តារស្គីទឹកកកពិសេសមួយ។ ជើងទាំងពីររបស់បុរសនោះត្រូវបានដាក់ចូលទៅក្នុងអ្វីដែលមើលទៅដូចជាថង់ដេកពាក់កណ្តាល ហើយខ្លួនប្រាណគាត់និងក្តារស្គីទឹកកកបានរួមបញ្ចូលគ្នាតែមួយ។ ដៃទាំងពីររបស់បុរសនេះ កាន់ដងជិះស្គីទឹកកកដែលមានក្ដារស្គីទឹកកកតូចមួយនៅខាងចុង។

"គាត់មានឈ្មោះថា Martin Braxenthaler គឺជាអត្តពលិកជិះស្គីទឹកកកបែបអង្គុយដ៏ខ្លាំងពូកែបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះជើងឯកប៉ារ៉ាអូឡាំពិករដូវរងាចំនួន ១០ លើក "។ Da Luo បានឱនខ្នង ហើយនិយាយខ្សឹបៗក្បែរត្រចៀក Zhong Chengzhan ។

Zhong Chengzhan បានឃើញថា ខ្លួនរបស់Martin និងក្ដារស្គីទឹកកកបែបអង្គុយនោះបានរួមបញ្ចូលគ្នាតែមួយ ហើយគាត់មានកាយវិការរហ័សរហួនជាងមនុស្សធម្មតានៅលើព្រិលទឹកកកទៅទៀត។

"លោក Zhong មែនទេ?"

Zhong Chengzhan ងក់ក្បាល ។  Martin និយាយត្រង់ៗថា ៖ "លោក Zhong ថ្ងៃនេះខ្ញុំមកនិយាយបញ្ចុះបញ្ចូលឱ្យលោកបោះបង់ចោល ។”

  "គ្រូបង្វឹក Martin, Jaeger គួរតែនិយាយជាមួយលោករួចហើយ មែនទេ?"

“Jaeger…” Martin អានឈ្មោះ Jaeger ហើយគិតមួយភ្លែត រួចនិយាយថា “លោក Zhong ការជិះស្គីទឹកកកបែបអង្គុយមិនធម្មតាដូចលោកឃើញក្នុងវីដេអូលើបណ្តាញអ៊ីធើណែតទេ។ ខ្ញុំបានទទួលមនុស្សមានមហិច្ឆតាដូចលោកច្រើននាក់ហើយ ប៉ុន្តែ ពួកគេភាគច្រើន រៀនមិនចេះទេ ហើយភាគច្រើនរៀនមិនបានបីថ្ងៃផង។ ខ្ញុំបានជួបរឿងនេះច្រើនដងហើយ ខ្ញុំពិតជាមិនចង់ឃើញរឿងនេះកើតឡើងម្តងទៀតទេ»។

"គ្រូបង្វឹក Martin ខ្ញុំបានត្រៀមខ្លួនត្រៀមចិត្តរួចជាស្រេចហើយ ។ ខ្ញុំមិនខ្លាចទេ"។

"តើលោកមិនខ្លាចទេ?" Martin មើលភ្នែករបស់ Zhong Chengzhan "ហេតុអ្វីបានជាលោកចង់រៀនជិះស្គីទឹកកកបែបអង្គុយ?"

"ដើម្បី លោក Jaeger មិត្តល្អរបស់ខ្ញុំ។ គាត់តែងសង្ឃឹមថាខ្ញុំនឹងអាចជិះស្គីទឹកកកបានម្តងទៀត។ ខ្ញុំមិនអាចឱ្យកិច្ចខំប្រឹងប្រែងរបស់គាត់ក្លាយជាអសារបង់បានទេ "។

"ហេតុផលមិនគ្រប់គ្រាន់ទេ" Martin ក្រវីក្បាល " លោកបើមានតែហេតុផលប៉ុណ្ណឹង លោកមិនអាចតស៊ូទៅមុខបានទេ។ ខ្ញុំគិតថាលោកគួរតែចេញទៅវិញទៅ។ លោកមិនទាន់ដឹងច្បាស់ថាហេតុអ្វីបានជាលោកមកទីនេះនៅឡើយទេ"។

បន្ទាប់ពីនិយាយបែបនេះ Martin ដៃកាន់ដងស្គីទឹកកកទប់ដី ត្រៀមបត់ខ្លួនហាក់ហៀបនឹងចាកចេញភ្លាមៗ។ Zhong Chengzhan បានឃាត់ផ្លូវរបស់ Martin ហើយនិយាយថា៖ "ខ្ញុំសុខចិត្តស្លាប់ប្រសិនបើខ្ញុំមិនអាចជិះស្គីទឹកកកបាន! លុះត្រាតែខ្ញុំបានជិះស្គី លើផ្លូវស្គីទឹកកក ទើបខ្ញុំមានអារម្មណ៍ថាខ្ញុំនៅមានជីវិត!"

"អូខេ អ្វីដែលគួរនិយាយខ្ញុំនិយាយអស់ហើយ នេះជាជម្រើសរបស់លោកខ្លួនឯងទេ"។

ក្រោមការណែនាំរបស់ Martin លោកZhong Chengzhan បានយកជើងទាំងគូរបស់គាត់ញាត់ចូលទៅក្នុងថង់ដេកពាក់កណ្តាលនៅលើក្តារស្គីទឹកកកដើម្បីទុកជើង ហើយចាប់ផ្តើមរៀនពីរបៀបពាក់ឧបករណ៍មួយជំហានម្តងៗ។ Martin ធ្វើជំហានមួយ រង់ចាំមួយភ្លែត ពេលឃើញ Zhong Chengzhan ចេះធ្វើតាមហើយ   Martin បន្តធ្វើជំហានបន្ទាប់ ។

ទីបំផុត  Zhong Chengzhan បានចូលអង្គុយលើក្តារជិះស្គីទឹកកក ដោយនឿយហត់បែកញើសជោកក្បាល។

MartinបាននាំZhongChengzhanទៅជម្រាលព្រិលមួយ ហើយបានធ្វើកាយវិការជាគំរូ តម្រូវឱ្យZhongChengzhanធ្វើតាមគាត់។ ZhongChengzhanមានអារម្មរណ៍ថា ទប់មិននឹង នៅក្រោមការជំនួយរបស់Daluo។ ដៃគូទើបតែលែងដៃ ZhongChengzhanក៏បានបាត់បង់តុល្យភាព ហើយបានដួលធ្លាក់ទៅលើព្រិល។ ដោយសារតែវាគឺជាព្រិលទើបតែធ្លាក់ថ្មីៗ ព្រិលទន់យ៉ាងខ្លាំង ZhongChengzhanដួលធ្លាក់ហើយ គឺធ្លាក់ជ្រៅទៅក្នុង មិនអាចកម្រើកបាន។ Daluoបានទាញ Zhong Chengzhanចេញពីរណ្តៅព្រិល លើកគាត់ឈរត្រង់។ សកម្មភាពដូចនេះបន្តដដែលៗជាច្រើនលើក។បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់អស់រយៈពេលពេញមួយថ្ងៃ ZhongChengzhanនឿយហាត់យ៉ាងខ្លាំង DaLuoនិងមនុស្សប៉ុន្មាននាក់ទៀតក៏ហត់ខ្លាំងណាស់ដែរ។ ពេលញ៉ាំអាហារពេលល្ងាច មនុស្សមួយក្រុមបានអង្គុយនៅតុអាហារ ហើយគ្មានអ្នកណានិយាយស្ដីសូម្បីមួយម៉ាត់។ មុនពេលទៅអូទ្រីស ZhongChengzhanស្មានតែ អាចរៀនចេះយ៉ាងឆាប់រហ័ស ប៉ុន្តែមើលទៅ ការប៉ាន់ស្មានពីមុនរបស់គាត់មានសុទិដ្ឋិនិយមពេកហើយ។

នៅថ្ងៃទី២ ZhongChengzhanអាចរអិលខ្លួនចេញពីរបីម៉ែត្រមុនពេលដួល។ ទោះបីជាវាមើលទៅស្ទើរតែមិនអាចហៅថា ការជិះស្គីព្រិលទឹកកកក្នុងក្រសែភ្នែករបស់អ្នកដទៃក៏ដោយ ប៉ុន្តែMartinបានបន្តលើកទឹកចិត្តថា “ល្អណាស់ លោកZhong លោកធ្វើបានល្អច្រើនជាងម្សិលមិញ។ អាចចាត់ទុកថា លោកគឺជាមនុស្សពូកែដែលខ្ញុំធ្លាប់បានជួប មកដល់ពេលនេះហើយមិនទាន់យំទៀត មនុស្សជាច្រើនមកដល់ពេលនេះសុទ្ធតែបានយំរួចបាត់ទៅហើយ។"

ថ្ងៃទី៣ Martinបាននាំពួកគេមកដល់ជម្រាលព្រិលមួយកាន់តែវែង និងកាន់តែខ្ពស់ជាងមុន។ Zhong Chengzhanនៅលើកំពូលភ្នំ សម្លឹងមើលទៅក្រោមគាត់ក៏មានអារម្មណ៍ភ័យខ្លាចម្យ៉ាងដែលមិនអាចពន្យល់បាន។ Martinបានធ្វើកាយវិការជាគំរូ ដើម្បីបង្រៀនZhongChengzhanឱ្យរំអិលខ្លួនតាមផ្លូវកាច់ទៅកាច់មក ដោយរអិលយឺតៗតាមកម្លាំងទំនាញទៅក្រោម។ ពេលមើលឃើញកាយវិការគំរូរបស់Martinធ្វើដោយរលូនស្រួល ZhongChengzhanបានគិតក្នុងចិត្តថា “នេះហើយគឺជាសុបិនរបស់ខ្ញុំ មែនទេ?”

“ល្អ ឥលូវដល់វេនលោកហើយ!” Martinស្រែកទៅកាន់Zhong Chengzhanពីខាងក្រោមជម្រាល។

Zhong Chengzhan ប្រើដៃទាំងសងខាងរុញដងស្គីទឹកកកទៅក្រោយយ៉ាងខ្លាំង ហើយរាងកាយទាំងមូលបានរអិលទៅមុខ អព្ភូតហេតុមួយបានកើតឡើង! ភ្លាមៗនោះ Zhong Chengzhanមានអារម្មណ៍ថា គាត់បានរកឃើញអារម្មណ៍គ្រប់គ្រងតុល្យភាពបាន។ នៅពេលណាដែលគាត់ផ្អៀងទៅម្ខាង ដៃនិងដងខ្លួនគាត់នឹងធ្វើការកែតម្រូវដោយស្វ័យប្រវត្តិ!

ចិត្តរបស់ZhongChengzhanបានរំជើបរំជួលឡើង។គាត់បានបន្តរំអិលទៅមុខដោយភាពក្លាហាន ហើយមានអារម្មណ៍ថា ល្បឿនកាន់តែលឿន តុល្យភាពកាន់តែល្អ។

"រំអិលទៅហើយ! រំអិលទៅហើយ!" Daluo និងអ្នកផ្សេងទៀតកំពុងទះដៃស្រែកអបអរយ៉ាងសប្បាយរីករាយនៅខាងលើជម្រាល។

ស្ទើរតែពេញមួយរដូវរងា Zhong Chengzhanបានចំណាយពេលនៅក្នុងប្រទេសអូទ្រីស ហើយជំនាញជិះស្គីព្រិលទឹកកករបស់គាត់កាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មួយថ្ងៃមុនពេលចាកចេញពីប្រទេសអូទ្រីស Martinបាននាំគាត់ទៅលើកំពូលនៃផ្លូវជិះស្គីព្រិលទឹកកកកម្រិខ្ពស់។

ពេលគាត់អង្គុយក្បែរMartinនៅលើកំពូលផ្លូវ ហើយក្រឡេកមើលជុំវិញ Zhong Chengzhanបានឃើញសមុទ្រពពកដ៏ធំរសាត់នៅក្រោមជើងរបស់គាត់ ហើយផ្លូវព្រិលទឹកកកបានរលាយចូលទៅក្នុងសមុទ្រពពកនោះ។

“លោកZhong ខ្ញុំបានឮថាលោកជួបនឹងឧប្បត្តិហេតុនៅពេលធ្វើកាយវិការបង្វិលខ្លួន ត្រូវទេ?”

Zhong Chengzhanងក់ក្បាល។

“មនុស្សគ្រប់រូប សុទ្ធតែមានឧបសគ្គនៅក្នុងចិត្ត។ប្រសិនបើមិនឆ្លងកាត់ឧបសគ្គនេះទេ ពិតជាមិនអាចក្រោកឈរបានឡើយ។ លោកZhong ថ្ងៃនេះពួកយើងនឹងធ្វើលំហាត់បង្វិលខ្លួន ទុកជាមេរៀនចុងក្រោយដែលខ្ញុំបង្រៀនលោក។ថ្ងៃនេះ ពួកយើងនឹងឆ្លងកាត់ឧបសគ្គនេះឱ្យបាន!”

Martin និយាយចប់ភ្លាម ក៏ប្រើកម្លាំងដៃទាំងពីររំអិលខ្លួនចុះទៅក្រោមភ្លាម។

Zhong Chengzhanក៏ប្រញាប់រំអិលទៅ តាមក្រោយ ឃើញតែMartinបត់ឆ្វេងបត់ស្ដាំយ៉ាងប៉ិនប្រសប់នៅលើផ្លូវព្រិលទឹកកកដ៏ចោត។ Zhong Chengzhanបានខិតខំប្រឹងប្រែង ដើម្បីរក្សាចង្វាក់តាមMartin ហើយរំអិលតាមគន្លងរបស់គាត់។

Martinបានក្រឡេកមើលទៅក្រោយ ហើយឃើញថា Zhong Chengzhanអាចរំអិលតាមបាន ដូច្នេះ គាត់ក៏បានបង្កើនល្បឿនបន្តិចម្តងៗ។ Zhong ChengzhanឃើញMartinរំអិលកាន់តែលឿនទៅៗ ។ នៅពេលនេះ គាត់គ្រាន់តែឮសំឡេងខ្យល់ក្នុងត្រចៀករបស់គាត់ ហើយទិដ្ឋភាពរបួសរបស់គាត់កាលពីប៉ុន្មានឆ្នាំមុន ហាក់ដូចជាសត្វចម្លែកដែលបានត្រលប់ចេញមកពីសមុទ្រដ៏ជ្រៅ មកកាន់កាប់អារម្មណ៍របស់គាត់ម្តងទៀត។ រាងកាយរបស់Zhong Chengzhanខ្សោយអស់កម្លាំង ហើយល្បឿនរំអិលបានថយចុះបន្តិចម្តងៗ។

Zhong Chengzhanបានងើបមុខឡើង ឃើញរូបរបស់Martinកាន់តែតូចទៅៗនៅពីមុខគាត់ កំហឹងដោយមិនដឹងខ្លួនបានផ្ទុះឡើងនៅក្នុងចិត្តរបស់គាត់។ គាត់បានលើកដៃម្ខាង ហើយគោះមួកសុវត្ថិភាពរបស់គាត់យ៉ាងខ្លាំង ដើម្បីព្យាយាមបណ្តេញភាពភ័យខ្លាចចេញពីអារម្មណ៍របស់គាត់។

“តើខ្ញុំនៅសល់អ្វីដែលអាចបាត់បង់បានទៀតទេ? ខ្ញុំនៅខ្លាចអ្វីទៀត!?” Zhong Chengzhan ស្រែកខ្លាំងៗបណ្ដើរ បង្កើនល្បឿនបណ្ដើរ  ហើយបន្តសាកល្បងឆ្ពោះទៅគែមផ្លូវព្រិលទឹកកក មុំបត់កាន់តែធំទៅៗ។ ភាពរំភើបនៃការរអិលនិងការបង្វិលក្នុងល្បឿនលឿនបានជំនួសភាពភ័យខ្លាចរបស់គាត់ដោយមិនដឹងខ្លួន ហើយថែមទាំងបំពេញអារម្មណ៍របស់Zhong Chengzhanម្តងទៀត។

"សេរីភាព! សេរីភាព!" Zhong Chengzhanស្រែកខ្លាំងៗបណ្ដើរ រំអិលខ្លួនដូចហោះទៅខាងក្រោមបណ្ដើរ។  គាត់ដឹងក្នុងចិត្តថា គាត់បានឆ្លងផុតឧបសគ្គនោះហើយ។

Zhong Chengzhanតាមទាន់Martin ហើយពួកគេទាំងពីរនាក់ រំអិលខ្លួននៅលើផ្លូវព្រិលទឹកកកទន្ទឹមគ្នា ប្រៀបដូចជាសត្វឥន្ទ្រីពីរក្បាលហោះទន្ទឹមគ្នា៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស