李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គោលនយោបាយZERO COVID នាំឱ្យចិននៅតែជាទីផ្សារវិនិយោគប្រកបដោយជំនឿចិត្តខ្ពស់

2022-04-13 16:03:42

ចាប់តាំងពីកំណែទម្រង់សេដ្ឋកិច្ចចិន ឬកំណែទម្រង់ និងការបើកទូលាយ ដែលត្រូវបានទទួលស្គាល់ថាជាការបើករបស់ប្រទេសចិន គឺជាកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចដែលហៅថា «សង្គមនិយមតាមបែបផែនចិន» និង        «សេដ្ឋកិច្ចទីផ្សារសង្គមនិយម» លោក តេង ស៊ាវពីង ត្រូវបានចាត់ទុកថាជា «ស្ថាបត្យករ និង ប្រតិបត្តិករ» កំណែទម្រង់បានចាប់ផ្តើមផែនការកំណែទម្រង់នេះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៨ ហើយក្នុងឆ្នាំ២០១០ ប្រទេសចិនបានទទួលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកប្រកបដោយភាពនឹងនរ។

ភាពជោគជ័យនៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិន និងរបៀបនៃការអនុវត្តរបស់ពួកគេបាន      បណ្តាលឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងសង្គមចិនក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ហើយកំណែទម្រង់ជាបន្តបន្ទាប់ទាំងនេះបាននាំឱ្យប្រទេសចិនមានការកើនឡើងជាមហាអំណាចពិភពលោក និងការសម្រេចបាននូវសុបិននៃការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រទេសចិន។

ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបង្កើតឲ្យមាននូវអនាគតប្រកបដោយបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួម។ ក្នុងការតទល់ជាមួយនឹងបញ្ហាប្រឈមជាសាកល ប្រទេសនានាចាំបាច់ត្រូវបង្កើនកិច្ចសន្ទនា និងការចែករំលែក​ ក៏ដូចជារៀនសូត្រនូវការអនុវត្តល្អៗ។ យើងគប្បីពិនិត្យមើលទៅលើចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក និងដើម្បីផ្តល់ផលប្រយោជន៍ឲ្យប្រជាជនរបស់យើងទាំងអស់គ្នា។ ទន្ទឹមនឹងនេះ យើងគួរតែអនុញ្ញាតឲ្យប្រទេសនីមួយៗស្វែងរកដំណោះស្រាយដោយខ្លួនឯង ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ពួកគេ នៅក្នុងស្មារតីនៃការស្វែងរកភាពសុខដុមរមនាខណៈពេលដែលយើងមានភាពខុសគ្នា។

ប្រសិនបើយើងពិនិត្យមើលទៅលើប្រវត្តិទំនាក់ទំនងដ៏រឹងមាំរវាងចិននិងអាមេរិក យើងឃើញថាចិនតែងខិតខំបង្កើនទំនាក់ទំនងដ៏ល្អនេះ ព្រោះចិនបានយល់យ៉ាងច្បាស់ថាទំនាក់ទំនងនេះមិនត្រឹមតែនឹងអាចផ្តល់ជាផលប្រយោជន៍ឲ្យប្រទេសនិងប្រជាជនរបស់ប្រទេសទាំង២ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ធ្វើឲ្យទំនាក់ទំនងរវាងចិន ចាប់តាំងពីការធ្វើឲ្យទំនាក់ទំនងរវាងចិន និងអាមេរិកមានភាពប្រក្រតីឡើងវិញកាលពី៤៣ឆ្នាំមុន ប្រទេសទាំងពីរបានបង្កើតឲ្យមានជាវឌ្ឍនភាពនៃទំនាក់ទំនងជាប្រវត្តិសាស្រ្តមួយ ទោះបីជាមានពេលខ្លះប្រទេសទាំងពីរមានភាពល្អក់កករក៏ដោយក្តី ដែលវឌ្ឍនភាពនេះបានផ្តល់ជាអត្ថប្រយោជន៍ជាក់ស្តែងដ៏ធំសម្បើមដល់ប្រជាជនរបស់ប្រទេសទាំងពីរ។ ប៉ុន្តែ នៅពេលដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នាលើសង្គ្រាមពាណិជ្ជកម្ម ឬភូមិសាស្រ្តនយោបាយ ដែលផ្តួចផ្តើមដោយអាមេរិក បានទាញទម្លាក់ផលប្រយោជន៍របស់ពិភពលោក។

ប្រទេសចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធបញ្ញាជាមួយប្រទេសនានាលើលោក ដើម្បីបង្កើតបរិយាកាសធ្វើអាជីវកម្មដ៏យុត្តិធម៌សម្រាប់សហគ្រាសពិភពលោកទាំងមូល។ ប្រទេសចិនយល់ថា អ្វីៗទាំងអស់រស់នៅប្រកបដោយភាពសុខដុមរមនា និងរីកចម្រើនជាមួយនឹងការបំពាក់បំប៉ន ព្រោះប្រទេសចិនតែងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈមធ្យោបាយផ្សេងៗនានា និងប្រើប្រាស់នូវរាល់យន្តការជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការដែលទើបបង្កើតថ្មី ឲ្យបានពេញលេញនៅក្នុងកិច្ចសន្ទនាពាក់ព័ន្ធនឹងបញ្ហាការទូត និងបញ្ហាសន្តិសុខ បញ្ហាដ៏ស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច បញ្ហានៃការអនុវត្តច្បាប់ បញ្ហាសន្តិសុខអ៊ិនធឺណិត និងសង្គម ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ រួមទាំងការផ្លាស់ប្តូរវប្បធម៌ផងដែរ។ ប្រទេសចិនតែងតែពង្រីកនំខេក នៃកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែធំជាងនេះ បង្កើតជាបញ្ជីពិពណ៌នាវិស័យនានានៅក្នុងកិច្ចសហប្រតិបត្តិការអាទិភាព ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវលទ្ធផល ឲ្យបានកាន់តែច្រើន និងលឿនតាមដែលអាចធ្វើបាន។

ទីផ្សារចិនអាចនាំមកនូវផលកម្រៃជាទីគាប់ប្រសើរ ហើយក្នុងបរិបទដែលវីរុសកូវីដ១៩នៅតែរីករាលដាលយ៉ាងធ្ងន់ធ្ងរ ការបណ្តាក់ទុនផ្ទាល់ពីបរទេសនៅលើពិភពលោកនៅតែមានភាពទន់ខ្សោយ តែនៅប្រទេសចិន សហគ្រាសបរទេសបែរជានាំគ្នាបន្ថែមបណ្តាក់ទុននេះ ជាលទ្ធផលនៃការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព ឬយើងអាចនិយាយថា ប្រទេសចិនបានអនុវត្តយ៉ាងជោគជ័យប្រកបដោយប្រសិទ្ធផលនៃគោលនយោបាយ Zero Covid ។ ការទប់ស្កាត់ការរីករាលនៃជំងឺCovid-19 ជាទិសដៅនិងជាគោលដៅចាំបាច់និងបន្ទាន់សម្រាប់ធានាបាននូវសុខសុវត្ថិភាពនៃសុខុមាលភាពរបស់ប្រជាជាតិចិននិយាយដោយឡែក សម្រាប់មនុស្សជាតិនិយាយរួម ហើយបើនិយាយចំពោះសហគ្រាសទុនបរទេស គឺផ្តោតសំខាន់ទៅលើសក្តានុពលកំណើនជាបន្តបន្ទាប់ក្នុងទីផ្សារធំរបស់ប្រទេសចិន ដែលជាទីផ្សារមានសក្តានុពលដ៏ធំធេងបែបនេះធ្វើឱ្យទុនបរទេសពោពេញទៅដោយជំនឿចិត្តក្នុងពេលដែលប្រទេសចិនបានប្តេជ្ញាសម្រេចបាននូវ Zero Covid ក្នុងផ្ទៃប្រទេសចិន។ សហគ្រាសថ្មីដែលចូលក្នុងទីផ្សារចិនរំពឹងថា នឹងប្រកបអាជីវកម្មដោយមានភាពនឹងនរ រីឯ «មិត្តភក្តិចាស់» ដែលបានបណ្តាក់ទុនជាច្រើនឆ្នាំនៅប្រទេសចិនបានបង្ហាញពីគោលបំណងដែលចង់បន្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ។ អ្នកវិនិយោគបរទេសមានសុទិដ្ឋិនិយមចំពោះទីផ្សារចិន គឺនៅត្រង់ «បរិយាកាសទន់» នៃវិស័យវិនិយោគចិនមានភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់។ ប្រទេសចិនបានអនុវត្តវិធានការជាច្រើនដើម្បីពង្រីកការបើកទូលាយនិងធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មមានភាពកាន់តែល្អ ក្នុងន័យធ្វើឱ្យសហគ្រាសពហុជាតិដែលបណ្តាក់ទុននៅប្រទេសចិនកាន់តែទុកចិត្ត។ នាពេលកន្លងទៅថី្មៗនេះ សភាពាណិជ្ជកម្មអាល្លឺម៉ង់នៅចិននិងទីភ្នាក់ងារ Klynveld Peat Marwick Goerdeler បានចេញផ្សាយរបាយការណ៍រួមស្ដីពីការពិនិត្យអង្កេតជំនឿចិត្តខាងពាណិជ្ជកម្មពីឆ្នាំ២០២១-២០២២ ដោយបានបង្ហាញថា សហគ្រាសអាល្លឺម៉ង់ធ្វើអាជីវកម្មនៅចិនមានចំនួន៧១%គ្រោងនឹងបន្ថែមបណ្តាក់ទុននៅប្រទេសចិន។

យើងបានដឹងរួចមកហើយថា សុខុមាលភាពរបស់ប្រជាជនមិនអាចផ្តាច់ចេញពីជីវភាពរស់នៅប្រចាំថ្ងៃបាននោះទេ។ យើងត្រូវធ្វើការនេះឱ្យបានខ្ជាប់ខ្ជួនអស់ពេលយូរ ប្រៀបដូចជាញញួរដំដែកគោលមួយ យើងត្រូវខិតខំប្រឹងប្រែងធ្វើការជានិច្ចកាលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ យើងត្រូវអនុវត្តនូវរាល់គោលនយោបាយដែលយើងបានអនុម័តម្តងមួយឆ្នាំៗ ហើយធ្វើការងារជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាពលរដ្ឋឲ្យពួកគេមើលឃើញពីវឌ្ឍនភាព និងទទួលបានផលប្រយោជន៍ផងដែរ។ ក្នុងន័យនេះ គោលនយោបាយ Zero Covid កាន់តែត្រូវពង្រឹងនិងពង្រីកប្រសិទ្ធភាពនូវការអនុវត្តកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលនៅក្នុងប្រទេសចិន ដែលជាទីទាក់ទាញយ៉ាងខ្លាំងដល់ទេសចរ និងវិនិយោគិនបរទេស ក្នុងពេលដែលជនជាតិចិននៅទូទាំងប្រទេស កំពុងចូលរួមគាំទ្រអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ Zero Covidនេះ។

ថ្លែងទៅកាន់មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២កន្លងមក លោក លី ខឺ ឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលដោយបានគូសបញ្ជាក់ថា ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់សេដ្ឋវិទូក្នុងពិភពលោកនោះ ត្រូវបានប្រទេសចិនកំណត់ថានឹងលើសពី៦%។ ការប៉ាន់ប្រមាណភាគច្រើនរបស់មជ្ឈដ្ឋានខាងក្រៅចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិន គឺខ្ពស់ជាង៦% ។ ខណៈពេលដែលប្រទេសចិនបានក្លាយទៅជាប្រទេសមហាអំណាច  សេដ្ឋកិច្ចលំដាប់លេខ២នៅលើពិភពលោក ហើយខណៈដែលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនបានឈានចូលទៅក្នុងដំណាក់កាលជាប្រក្រតីថ្មី ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ដែលមាននិរន្តរភាព និងសុខុមាលភាពល្អ ដែលពិភពលោកនឹងអាចឆ្លៀតឱកាសទាញយកអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»នេះ ដើម្បីបង្កើនទំនាក់ទំនងគ្នា និងការផ្លាស់ប្តូរគ្នាឆ្លងព្រំដែន ហើយបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការដោះដូរពាណិជ្ជកម្ម និងការវិនិយោគ។ អ្វីដែលចាំបាច់នោះ គឺការធ្វើឲ្យមានតុល្យភាពសេដ្ឋកិច្ចពិភពលោកឡើងវិញ ដោយជំរុញឲ្យមានតម្រូវការថ្មី និងធានាឲ្យបាននូវការផ្គត់ផ្គង់ប្រកបដោយភាពស័ក្តិសិទ្ធិ។     

ជារួម ប្រទេសចិនក្នុងនាមជាគោលដៅបណ្តាក់ទុន ចិននៅតែមានកម្លាំងទាក់ទាញខ្លាំងក្លាដដែល ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនចេញផ្សាយនាពេលថ្មីៗកន្លងមកបានបង្ហាញឱ្យឃើញថា នៅខែមករាឆ្នាំ២០២២នេះ ដោយមិនបូករួមទាំងវិស័យធនាគារ មូលបត្រ និងការធានារ៉ាប់រង បរិមាណដើមទុនបរទេសដែលប្រទេសចិនប្រើប្រាស់ដោយជាក់ស្តែងបានឡើងដល់១សែន២ពាន់២៨០លានប្រាក់យាន់ចិន បានកើនជាង១១.៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ត្រូវជា១៥៨៤០លានដុល្លារអាមេរិក។ និយាយចំពោះប្រទេសចិន តួលេខគួរឱ្យកត់សម្គាល់នេះមិនត្រឹមតែមានន័យថា សម្រេចបាននូវកិច្ចចាប់ផ្តើមដ៏ល្អប្រសើរក្នុងឆ្នាំនេះលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ជាងនេះទៅទៀត បានបញ្ចេញព័ត៌មានគន្លឹះមួយទៅកាន់មជ្ឈដ្ឋានខាងក្រៅ ពោលគឺ៖អ្នកវិនិយោគទុនបរទេសនៅតែមានជំនឿចិត្តចំពោះទីផ្សារចិន ក្នុងនាមជាគោលដៅបណ្តាក់ទុន ចិននៅតែមានកម្លាំងទាក់ទាញខ្លាំងក្លាដដែល។ កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសណាមួយ ឬ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» បានចូលជាធរមានតាមពេលកំណត់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងតំបន់មុខជានឹងបង្កបង្កើតកាលានុវត្តភាពបណ្តាក់ទុកនៅប្រទេសចិនកាន់តែច្រើនឡើងៗ។ និយាយចំពោះសេដ្ឋកិច្ចសកលដែលបាននិងកំពុងងើបឡើងវិញដោយទន់ខ្សោយ នេះក៏ជាកាលានុវត្តភាពដ៏មានតម្លៃណាស់។ សម្លឹងមើលទៅអនាគត ប្រទេសចិននឹងបន្តបញ្ចេញសក្តានុពលកំណើនកាន់តែច្រើន បន្តពង្រីកការបើកទូលាយចំពោះបរទេស និងបង្កបង្កើតបរិយាកាសប្រកបអាជីវកម្មដែលប្រកបដោយទីផ្សារភាវូបនីយកម្ម នីតិកម្ម និងសកលភាវូបនីយកម្ម ក៏ដូចជាចែករំលែកនូវផលប្រយោជន៍អភិវឌ្ឍសេដ្ឋកិច្ចដ៏មានគុណភាពកាន់តែច្រើនជាមួយពិភពលោក។ អាចប៉ាន់ប្រមាណថា នឹងមានសហគ្រាសពហុជាតិកាន់តែច្រើនឡើងៗយល់ឃើញថា ការបណ្តាក់ទុននៅចិន នឹងទទួលបានកាលានុវត្តភាពកាន់តែច្រើននិងកាន់តែធំ៕

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស