វេលាម៉ោង៤ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិននៅក្នុងសាលជិះស្គីល្បឿនលឿន National Speed Skating Ovalដែលគេស្គាល់ថាជា "ខ្សែបូទឹកកក" ការប្រកួតជិះស្គីល្បឿនចម្ងាយ ៥រយ ម៉ែត្របុរសនៃកីឡាអូឡាំពិករដូវរងាលើកទី២៤ កំពុងដំណើរការ។
តាមការកំណត់នៃការប្រកួតជិះស្គីល្បឿនលឿននៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា កីឡាករត្រូវប្រកួតជាក្រុម មួយក្រុមពីរនាក់ បន្ទាប់ពីកីឡាករទាំងអស់បានបញ្ចប់ការប្រកួតហើយ គេនឹងចាត់ចំណាត់ថ្នាក់តាមលទ្ធផលនៃការប្រកួតរៀងៗខ្លួន ហើយចុងក្រោយនឹងសម្រេចថាអ្នកណាទទួលមេដាយមាស មេដាយប្រាក់និងមេដាយសំរឹទ្ធ។ ដូច្នេះបើការប្រកួតជិះស្គីល្បឿនលឿនមិនទាន់ចប់ដល់គូប្រកួតចុងក្រោយទេ គេមិនអាចដឹងថានរណាជាជើងឯកឡើយ។
"កីឡាករចូលទីតាំង។" អាជ្ញាកណ្តាលបានបញ្ជាតាមរយៈឧបករណ៍បំពងសំឡេង។ សាលកីឡាស្រាប់តែស្ងាត់ស្ងៀម ហើយភ្នែករាប់គូបានផ្តោតទៅលើលោក Gao Tingyu ដែលឈរនៅពីក្រោយខ្សែបន្ទាត់ចាប់ផ្តើម និងកីឡាករប៉ូឡូញដែលក្នុងក្រុមតែមួយជាមួយគាត់។
“ទាំងអស់គ្នាត្រៀម!” អាជ្ញាកណ្តាលបន្តបញ្ជា។
Gao Tingyu បានជាក់ស្បែកជើងស្គីខាងស្តាំរបស់ខ្លួនទៅលើផ្ទៃទឹកកក រួចបង្អោនខ្លួន ហើយរង់ចាំកាំភ្លើងចាប់ផ្តើមបន្លឺឡើង។
ស្រុកកំណើតរបស់ Gao Tingyu ស្ថិតនៅទីក្រុង Yichun ខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ ក្នុងវិស្សមកាលរដូវក្តៅនេះ Gao Tingyu ចូលចិត្តការជិះស្គីRoller ហើយបានផ្លាស់ប្តូរគ្នាពាក់ស្បែកជើងស្គីRollerដែលមានតែមួយគូជាមួយក្មេងៗជាច្រើននៅលើទីធ្លា ដោយជិះស្គីមិនឈប់ពីព្រឹកដល់យប់។ ឪពុករបស់គាត់ឈ្មោះ Gao Haiji មិនបានយកចិត្តទុកដាក់ចំពោះរឿងនេះទេ។ តាមការមើលឃើញរបស់ឪពុកគាត់ វាគ្រាន់តែជាចំណូលចិត្តតែមួយភ្លែតរបស់ក្មេងៗតែប៉ុណ្ណោះ។
ក្នុងឆ្នាំទី២ Gao Tingyu បានចូលរៀនសាលាបឋមថ្នាក់ទី៣។ បន្ទាប់ពីចូលដល់ខែវិច្ឆិកា អាកាសធាតុនៅ Yichun កាន់តែរងាឡើងៗជារៀងរាល់ថ្ងៃ។ នៅថ្ងៃមួយ ម៉ោង ៤រសៀល ម្តាយរបស់ Gao Tingyu ឈ្មោះ Zhang Xiaoli កំពុងចម្អិនអាហារពេលល្ងាចនៅក្នុងផ្ទះបាយបណ្ដើរ និងរង់ចាំកូនប្រុសត្រឡប់មកផ្ទះវិញបណ្ដើរ ប៉ុន្តែចាំយូរហើយ នៅតែមិនឃើញកូនត្រឡប់មកវិញ។
ជិតដល់ម៉ោង៥ល្ងាចហើយ។ Zhang Xiaoli ក្រឡេកមើលនាឡិកានៅលើជញ្ជាំង ហើយប្រញាប់ចុះមកក្រោម ក៏បានជួប Gao Haiji ត្រឡប់មកពីធ្វើការវិញ កំពុងឡើងទៅលើផ្ទះ។
"អូនមានរឿងអី? ប្រញាប់ទៅណាហ្នឹង?"
"កូនមិនទាន់ត្រឡប់មកវិញទេ មិនឱ្យប្រញាប់ម៉េចកើតទៅ?!"
នៅពេលដែល Gao Haiji បានឮដូច្នេះ គាត់បារម្ភជាងប្រពន្ធគាត់ទៅទៀត។ គាត់បានងាកក្រោយវិញភ្លាម ហើយរួមគ្នាចាកចេញពីអគារជាមួយប្រពន្ធ Zhang Xiaoli ដោយប្រញាប់ប្រញាល់។
ប្តីប្រពន្ធទាំងពីរនាក់បានទៅសាលារបស់កូន Gao Tingyu ។ ទើបមកដល់ក្លោងទ្វារសាលា ក៏ឃើញក្មេងប្រុសស្រីមួយក្រុមៗកំពុងហាត់ជិះស្គីជុំវិញកន្លែងជិះស្គីទឹកកកដ៏សាមញ្ញមួយ ក្រោមការបញ្ជារបស់គ្រូអប់រំកាយ។
ប្តីប្រពន្ធបានឃើញ Gao Tingyu អាយុ ៩ឆ្នាំ ពាក់តែអាវក្រៅនិងមិនមានពាក់មួក ហើយរត់រអិលលើផ្ទៃទឹកកកបែកញើសយ៉ាងច្រើន។
ទីបំផុតនៅពេលការហ្វឹកហ្វឺនបានបញ្ចប់ Gao Tingyu បានដើរចេញពីសាលាជាមួយសិស្សផ្សេងទៀត។ ឪពុកGao Haiji ដើរទៅរកកូន Gao Tingyu ទាំងទឹកមុខងងឹតថា៖ "ទៅផ្ទះវិញទៅ!"
បន្ទាប់ពីអាហារពេលល្ងាចនៅថ្ងៃនោះ ឪពុកGao Haiji បានរៀបចំ "ការប្រជុំគ្រួសារ" នៅផ្ទះ ហើយប្រធានបទសំខាន់គឺដើម្បីពិភាក្សាអំពី "ធ្វើដូចម្ដេចដើម្បីហាមមិនឱ្យ Gao Tingyu បន្តចូលរួមក្នុងការហាត់ជិះស្គីល្បឿនលឿនទៀត"។
"ប្រាប់ម៉ាក់បន្តិចមក ហេតុអ្វីកូនចង់ហាត់ជិះស្គីលើទឹកកក?"
"ខ្ញុំគ្រាន់តែមានអារម្មណ៍ថាការជិះស្គីគឺពិសេសគួរឱ្យរំភើបនិងរីករាយ"។
"កូនដឹងទេថាបើនៅបន្តជិះស្គីទៀត នឹងពិបាកខ្លួនហើយ"។
"ម៉ាក់ខ្ញុំយល់ហើយ។ ម៉ាក់តែងតែនិយាយថា ធ្វើកិច្ចការអ្វីមួយត្រូវតែខិតខំតស៊ូជានិច្ច។ ខ្ញុំនឹងប្រឹងប្រែងតស៊ូទៅមុខ។ ម៉ាក់អោយខ្ញុំបន្តហាត់ទៀតទៅម៉ាក់"។
"ទេ!" ឪពុកGao Haiji បានឆ្លើយតបថា "ប៉ាប្រាប់កូនទៅចុះ ប៉ាមិនឱ្យ ហាត់ជិះស្គីទេ។ ប៉ានឹងប្រាប់លោកគ្រូថា ស្អែកកូនមិនចូលថ្នាក់ជិះស្គីទៀតទេ!
"បើមិនឱ្យខ្ញុំហាត់ជិះស្គីទេ ខ្ញុំនឹងឈប់រៀន ! " Gao Tingyu បានឈ្លោះជាមួយឪពុកគេ។
នៅយប់នោះ Zhang Xiaoli បានចាប់ផ្តើមនិយាយបញ្ចុះបញ្ចូល Gao Haiji ថា ៖ " វាក៏មានប្រយោជន៍ដែរដែលឱ្យកូនទៅហាត់ជិះស្គី យ៉ាងហោចណាស់ក៏អាចហាត់ប្រាណបានដែរ ត្រូវទេ?"
"ហឹង។"
"ចរិតកូននេះដូចឯងអញ្ចឹង។ មិនអាចខ្លាំងជាមួយគេបានទេ។ ថ្ងៃនេះក្រែងគេនិយាយហើយតើស បើមិនឱ្យគេជិះស្គី គេនឹងឈប់រៀន។ ខ្ញុំថា គេប្រាកដជាឈប់រៀនមែនទែន។”
"តាមគំនិតខ្ញុំ ទុកឱ្យកូនហាត់សិន។ មិនជាយូរប៉ុន្មានទេ គេនឹងឈប់ដោយខ្លួនឯង បានឬអត់ ?"
"បានបាន តាមចិត្តឯងចុះ " Gao Haiji សម្លឹងមើលពិដាន ហើយដកដង្ហើមធំ។
គឺដូចនេះ Gao Tingyu ជាក្មេងប្រុសអាយុ ៩ ឆ្នាំ បានបន្តចូលរៀននៅក្នុងថ្នាក់ជិះស្គីល្បឿនលឿន។ ប៉ុន្តែ គេបានតាំងចិត្តរៀនជិះស្គីរយៈពេលបីឆ្នាំ រហូតដល់គេបានបញ្ចប់ការសិក្សានៅសាលាបឋមសិក្សា។ ក្នុងរយៈពេលបីឆ្នាំនេះ កម្ពស់របស់ Gao Tingyu បានលូតឡើងយ៉ាងខ្លាំង ហើយការជិះស្គីរបស់គេមានភាពលេចធ្លោនៅក្នុងថ្នាក់ផងដែរ។
ពេលព្រឹកនេះ នៅទីក្រុង Harbin នៃខេត្ត Heilongjiang Gao Haiji បាននាំកូនប្រុសរបស់គាត់ ដើរឆ្លងកាត់ហ្វូងមនុស្សដ៏អ៊ូអរដែលទើបតែចុះពីរថភ្លើង។
ឪពុកនិងកូនទាំងពីរនាក់នេះបានជិះឡានក្រុងទៅសាលាកីឡាខេត្ត Heilongjiang ដើម្បីទៅរកគ្រូបង្វឹក Liu Guangbin នៃក្រុមជិះស្គីល្បឿនលឿនខេត្ត Heilongjiang ។
គ្រូបង្វឹក Liu បានទទួលយកសិស្សម្នាក់នេះដោយរីករាយ។
Gao Tingyu ដែលទើបចូលរួមក្រុមកីឡាខេត្តមានជំនឿចិត្តយ៉ាងខ្លាំង និងចង់សាងស្នាដៃល្អក្នុងក្រុមឲ្យបានឆាប់ ។
នៅថ្ងៃដំបូងនៃការហ្វឹកហាត់ជាមួយក្រុមកីឡាខេត្ត Gao Tingyu បានទៅដល់កន្លែងហាត់ជិះស្គីទឹកកកតាំងពីព្រលឹម ព្រមទាំងបានរៀបចំខ្លួនរួចរាល់ជាស្រេច ។ នៅម៉ោង ៨ ព្រឹកគត់ គ្រូបង្វឹកក្រុមខេត្ត Liu Guangbin បានបង្ហាញខ្លួននៅលើទីលានទឹកកក។
"សិស្សទាំងអស់គ្នា ថ្ងៃនេះ ការហ្វឹកហាត់របស់យើង គឺនៅតែផ្តោតលើការហ្វឹកហាត់ជំនាញមូលដ្ឋានលើដី។ គ្រប់គ្នាចែកជាក្រុមហាត់ទៅ ។ "
បន្ទាប់ពីបានស្តាប់ការណែនាំរបស់គ្រូបង្វឹក Liu លោក Gao Tingyu មានខកចិត្តបន្តិច។ ក្រែងកាយវិការមូលដ្ឋាននេះ គេបានហ្វឹកហាត់នៅក្រុមកីឡាក្រុងអស់រយៈពេលជាច្រើនឆ្នាំហើយមែនទេ? ហេតុអ្វីបានជាត្រូវហ្វឹកហាត់បែបនេះដដែលៗពេលមកដល់ក្រុមខេត្តទៀត?
តាមពិត ការហ្វឹកហ្វឺនជំនាញមូលដ្ឋានលើដីនៃការជិះស្គីល្បឿនលឿនគឺពិបាកនិងគួរឱ្យធុញទ្រាន់។ និយាយរួម គឺត្រូវធ្វើការហ្វឹកហាត់លើកទម្ងន់ម្តងហើយម្តងទៀតរាប់រយដងដើម្បីបង្កើតការចងចាំនៃសាច់ដុំ និងបង្កើនកម្លាំងនិងភាពធន់របស់សាច់ដុំ ។
បន្ទាប់ពី Gao Tingyu រៀនតាមគ្រូបង្វឹក Liu Guangbinមក គាត់បានប្រែពីធ្វើមិនកើតពេលដំបូងក្លាយជាធ្វើទាន់បន្តិចម្តងៗ ហើយបានរកឃើញចំណុចពូកែរបស់គាត់នៅក្នុងក្រុម។ នៅទីបំផុតក្លាយជាកម្លាំងសំខាន់របស់ក្រុមជិះស្គីល្បឿនលឿន Heilongjiang។
នៅខែមករា ឆ្នាំ ២០១៦ Gao Tingyu បានឈ្នះជើងឯកក្នុងវិញ្ញាសាជិះស្គីល្បឿន ៥០០ ម៉ែតបុរសវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡារដូវរងាចិនលើកទី១៣ ។ នៅខែឧសភាឆ្នាំដដែល Gao Tingyu ត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិជិះស្គីល្បឿនលឿនចិន។
ខែកុម្ភៈ ឆ្នាំ ២០១៧ ក្នុងការប្រកួតជិះស្គីល្បឿនលឿន ៥០០ ម៉ែត្របុរសក្នុងព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីដែលធ្វើឡើងនៅទីក្រុង Sapporo ប្រទេសជប៉ុន Gao Tingyu បានឈ្នះមេដាយមាសដោយប្រើពេល ៣៤.៦៩ វិនាទី ដែលបានបំបែកកំណត់ត្រាអាស៊ីផងដែរ។
ប៉ុន្មានថ្ងៃមុនការប្រកួតជិះស្គីល្បឿនលឿននៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា លើកទី ២៣ នាទីក្រុងPyeongChang លោក Gao Tingyu ភ័យខ្លាំងណាស់ដោយទប់ទល់មិនបាន រហូតដល់គ្មានចំណង់ចង់ញ៉ាំអាហារ។ នៅទីបំផុត Gao Tingyu បានឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសាជិះស្គីល្បឿនលឿនចម្ងាយ ៥០០ ម៉ែត្របុរស ដោយប្រើពេល ៣៤.៦៥ វិនាទី ដែលនេះក៏ជាមេដាយដំបូងក្នុងកីឡាអូឡាំពិករដូវរងាលើកនេះដែលឈ្នះដោយកីឡាករស្គីល្បឿនលឿនបុរសជនជាតិចិនផងដែរ។ ប៉ុន្តែ Gao Tingyu មិនពេញចិត្តនឹងលទ្ធផលនេះទេ។ បន្ទាប់ពីចុះពីលើវេទិកាទទួលមេដាយរួច Gao Tingyu បានយកមេដាយនេះទៅឱ្យ Liu Guangbin ហើយនិយាយថា ៖ "លោកគ្រូ ខ្ញុំនឹងប្តូរពណ៌មេដាយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកលើកក្រោយ "។
បន្ទាប់វិលត្រឡប់មកពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងPyeongchangវិញ GaoTingyuបានបន្តការហ្វឹកហាត់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃសម្រាប់ត្រៀមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។
ពេលវេលាបានមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក៏ជាថ្ងៃនៃវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាជិះស្គីល្បឿនលឿន៥០០ម៉ែត្របុរសក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។
“ទាំងអស់គ្នាត្រៀម!”សំឡេងរបស់អាជ្ញាកណ្តាលបន្លឺចេញពីឧបករណ៍បំពងសម្លេង។
GaoTingyuដកដង្ហើមវែងមួយ បង្អោនខ្លួន ហើយរង់ចាំពេលដែលកាំភ្លើងចាប់ផ្តើមបន្លឺឡើង។នៅពេលនេះGaoTingyuស្ងប់ស្ងាត់នៅក្នុងចិត្តរបស់គាត់។
Beng!កាំភ្លើងចាប់ផ្តើមបន្លឺឡើង។
តាមការមើលឃើញរបស់LiuGuangbin ឃើញថាGaoTingyuបានស្ទុះចេញពីចំណុចចាប់ផ្តើមដូចជាម៉ាស៊ីនជិះស្គី ហើយរាល់ជំហានគឺត្រឹមត្រូវល្អឥតខ្ចោះ។GaoTingyuបានរត់យ៉ាងលឿន ហើយកីឡាករប៉ូឡូញក្នុងក្រុមនេះ កំពុងតាមពីក្រោយយ៉ាងឆ្ងាយ។ បន្ទាប់ពីពីរបីជំហានដំបូង GaoTingyuបានចូលទៅក្នុងដំណាក់កាលល្បឿនលឿន។
GaoTingyuបាននាំមុខក្នុងការប្រកួតនៅចម្ងាយ១០០ម៉ែត្រចុងក្រោយ។LiuGuangbinបានឃើញGaoTingyuស្ទុះទៅមុខយ៉ាងខ្លាំង ហើយឆ្លងកាត់ខ្សែបន្ទាត់បញ្ចប់។
៣៤.៣២វិនាទី!កំណត់ត្រាអូឡាំពិកថ្មី!
LiuGuangbinស្ទើរតែមិនជឿភ្នែករបស់ខ្លួន ពីព្រោះគាត់មើលទៅ ថ្ងៃនេះGaoTingyuបញ្ចេញសមត្ថភាពមិនសូវល្អដូចពេលហ្វឹកហាត់សោះ។
LiuGuangbinបានដើរមកមុខ ហើយទះស្មាGaoTingyu។ អ្នកទាំងពីរនាក់មិននិយាយអ្វីទាំងអស់ ហើយត្រឡប់ទៅកន្លែងសម្រាកវិញដោយស្ងាត់ស្ងៀម។ខណៈពេលនេះ គ្មានអ្នកណាម្នាក់ដឹងថាលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណានោះទេ។ GaoTingyuចេញប្រកួតនៅក្នុងក្រុមទី៧ ហើយនៅមានកីឡាករ១៦នាក់ក្នុងក្រុមចំនួន៨ទៀតដែលនឹងត្រូវចូលប្រកួតវិញ្ញាសានេះ ក្នុងនោះ រួមមានអត្តពលិកកំពូលៗជាច្រើនលើពិភពលោក។
នៅពេលនេះ GaoTingyuបានផ្លាស់សម្លៀកបំពាក់កីឡាចេញ ហើយភ្នែករបស់គាត់ បន្តសម្លឹងមើលតារាងពិន្ទុ។ កីឡាករក្រុមទី៨ ទី៩ ទី១០ ទី១១ ទី១២ ទី១៣ និងទី១៤បានបញ្ចប់ការប្រកួតទាំងអស់រួចហើយ។ រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់យកបានពិន្ទុ លើសពីកំណត់ត្រាអូឡាំពិកដែលទើបតែបង្កើតដោយGaoTingyuនោះទេ។
ដល់វេនក្រុមទី១៥ដែលជាក្រុមចុងក្រោយនៅថ្ងៃនេះ។ មានកីឡាករកាណាដាLaurent Dubreuilនិងកីឡាករជប៉ុនTatsuya Shinhama ក៏បង្ហាញខ្លួនផងដែរ។
“ទាំងអស់គ្នាត្រៀម!” តាមការបញ្ជារបស់អាជ្ញាកណ្តាល កីឡាករកំពូលពិភពលោកទាំងពីរបានឈរនៅក្រោយខ្សែបន្ទាត់ចាប់ផ្តើម។កាំភ្លើងចាប់ផ្តើមបន្លឺឡើង ដោយមិននឹកស្មានថា មានអ្នករត់ចេញមុន។ DubreuilនិងTatsuya Shinhamaក៏បានត្រឡប់មកខ្សែបន្ទាត់ចាប់ផ្តើមវិញ ហើយចង្វាក់របស់អ្នកទាំងពីរហាក់ដូចជារងផលប៉ះពាល់។ បន្ទាប់ពីចាប់ផ្តើមម្តងទៀត អេក្រង់បានបង្ហាញថា លទ្ធផលជាក់ស្តែងនៅពេលចាប់ផ្តើមរបស់ពួកគេគឺប្រហែល០,២វិនាទីយឺតជាងGao Tingyuនៅដំណាក់កាលតែមួយ។
កីឡាករទាំងពីរបានប្រកួតគ្នានៅលើទីលានប្រកួត ដោយម្នាក់ៗដណ្ដើមគ្នាយកឈ្នះកំណត់ត្រាអូឡាំពិកដែលទើបបង្កើតដោយGao Tingyu។ ទោះបីជាគម្លាតរវាងពួកគេនិងGaoTingyuមានតែ០,២វិនាទីក៏ដោយ ប៉ុន្តែនេះគឺជាគម្លាតមួយដែលពិបាកឆ្លងកាត់បាននៅក្នុងការប្រកួតជិះស្គីល្បឿនលឿន៥០០ម៉ែត្រ។ Dubreuilបានឈានទៅមុខបន្តិចតាមពីក្រោយដោយShinhama ហើយពួកគេទាំងពីរបានឆ្លងផុតខ្សែបន្ទាត់បញ្ចប់។ប៉ុន្តែចុងក្រោយ គម្លាតរវាងពួកគេនិងGao Tingyuនៅជាប់គាំងត្រឹម០,២វិនាទី។
នៅចុងក្រោយ GaoTingyuទទួលបានមេដាយមាសក្នុងវិញ្ញាសាជិះស្គីល្បឿនលឿន៥០០ម៉ែត្របុរសក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ប្រកបដោយឧត្តមភាពដែលមិនអាចបំបែកបាន៕