រឿងរ៉ាវថ្ងៃនេះចាប់ផ្តើមនៅទីក្រុងមួយឈ្មោះថា Anshan ស្ថិតនៅភាគឦសានប្រទេសចិន។
នៅយប់មួយកាលពីឆ្នាំ ១៩៨៦ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់កំពុងឈរមើលទូរទស្សន៍បណ្ដើរ និងធ្វើកាយវិការតាមបណ្ដើរ។ចំពេលនេះ ម្ដាយនាងបានចូលមកហើយយកចានមួយដាក់នៅក្បែរគ្រែ។
" Dandan កូនធ្វើអីហ្នឹង? ដល់ពេលញ៉ាំបាយហើយ"
"ម៉ាក់ កូនចង់ហាត់អានេះដែរ"
"បាន កូនតែងតែលេងជាមួយ Wang Erya ត្រូវទេ? ចង់រៀនជាមួយគេទេ? ថ្ងៃស្អែកម៉ាក់នឹងទៅសួរ ហើយនាំកូនទៅរៀនតែម្ដង"។
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់នេះឈ្មោះថា Guo Dandan។ កាលនាងនៅក្មេង នាងមានក្តីសុបិនសិល្បៈមួយ។ នាងបានធ្វើកាយវិការតាមសកម្មភាពកម្មវិធីលើកញ្ចក់ទូរទស្សន៍ជារៀងរាល់ថ្ងៃ ដែលនោះគឺជាពេលវេលាដ៏រីករាយបំផុតក្នុងវ័យកុមាររបស់នាង។
ប៉ុន្តែថ្ងៃនោះ ម្តាយរបស់នាងមិនបានចាប់អារម្មណ៍នឹងអ្វីដែលកំពុងចាក់ផ្សាយតាមទូរទស្សន៍នោះទេ។ ម្តាយស្មានថាកូនចង់ហាត់កីឡាអត្តពលកម្មដែរ ដូច្នេះហើយនៅថ្ងៃបន្ទាប់ ម្តាយក៏បានបញ្ជូនកូនចូលទៅក្នុងក្រុមកីឡាអត្តពលកម្ម។
នៅពេលទៅដល់ក្រុមកីឡាអត្តពលកម្ម នាង Guo Dandan ទើបដឹងថាមានអីដូចជាមិនស្រួល។ នាងក៏ប្រាប់ម្តាយថា" ម៉ាក់ នេះមិនត្រូវទេ កូនមិនមែនចង់ហាត់អានេះទេ កូនចង់រៀនរាំ!"
ខណៈម្តាយត្រៀមនឹងនាំកូនទៅផ្ទះវិញ គ្រូបង្វឹកបាននិយាយថា”ក្មេងនេះមានលក្ខណសម្បត្តិរាងកាយល្អ គឺជាក្មេងដែលមានអនាគតល្អ ឱ្យគេសាកល្បងមើលសិនទៅ"។
ម្ដាយក៏បានយល់ព្រមភ្លាម។
គឺដូចនេះ នាង Guo Dandan បានចំណាយវ័យកុមាររបស់នាងទាំងស្រុងនៅក្នុងក្រុមកីឡាអត្តពលកម្ម Anshan ។ នាងបានហ្វឹកហាត់យ៉ាងស្វិតស្វាញ ហើយអត្តចរិតមិនចេះចុះចាញ់របស់នាងតាំងពីតូច បានធ្វើឱ្យនាងក្លាយជា "បងស្រីទីមួយ” នៅក្នុងក្រុមកីឡាអត្តពលកម្មយ៉ាងឆាប់រហ័ស។
នៅឆ្នាំ ១៩៩២នាងGuo Dandan មានអាយុ ១២ ឆ្នាំ។ ក្នុងឆ្នាំនោះ វិស័យកីឡាជិះស្គីរបស់ប្រទេសចិនទើបតែបានចាប់ផ្តើមឡើង ហើយវិញ្ញាសាជំនាញជិះស្គីសេរីលើអាកាសដែលទើបតែចាប់ផ្តើមនៅក្នុងប្រទេសចិនត្រូវបានគេដាក់ឈ្មោះថាជា "កីឡាអត្តពលកម្មលើទឹកកក"។ ប៉ុន្តែ តើគេត្រូវស្វែងរកអត្តពលិកណាដែលអាចប្រកួតវិញ្ញាសានេះបាន នៅឯណាទៅ? គ្រូបង្វឹកបាននឹកដល់អត្តពលិកហាត់កីឡាអត្តពលកម្ម។
មានថ្ងៃមួយ គ្រូបង្វឹកបានទៅរកនាង Guo Dandan ហើយប្រាប់ថា “បច្ចុប្បន្ន វិទ្យាស្ថានកីឡាShenyang កំពុងរៀបចំជ្រើសរើសអ្នកជិះស្គីលើអាកាស គេនឹងមកកន្លែងយើងដើម្បីជ្រើសរើសបេក្ខជន តើឯងចង់សាកល្បងទេ?”
"ចា ខ្ញុំនឹងសាកល្បងមើល។ គ្រូបង្វឹក ខ្ញុំនឹងខិតខំហាត់ដើម្បីក្លាយជា"បងស្រីទីមួយ" ជិះស្គីទឹកកកនាពេលអនាគត។
ដូច្នេះ នាង Guo Dandan ក៏បានមកដល់ទីក្រុង Shenyang ហើយបានចាប់ផ្តើមវិថីកីឡាជិះស្គីទឹកកករបស់ខ្លួន។
ជំនាញលើអាកាសដែលអ្នកនាង Guo Dandan បានហាត់គឺជាកីឡាដ៏ស្រស់ស្អាតនិងគួរឱ្យរំភើប ប៉ុន្តែវាក៏មានកត្តាគ្រោះថ្នាក់ផងដែរ។ វាតម្រូវឱ្យអត្តពលិកលោតពីលើជម្រាលព្រិលទឹកកក ហើយបង្វិលនិងក្រឡាប់រាងកាយលើអាកាសកម្ពស់ជាង១០ម៉ែត្រ ហើយលទ្ធភាពរងរបួសគឺខ្ពស់ណាស់។
កាលពីឆ្នាំ ១៩៩២ ក្នុងប្រទេសចិនមិនត្រឹមតែកង្វះខាតឧបករណ៍និងបរិក្ខារហ្វឹកហាត់ប៉ុណ្ណោះទេ សូម្បីតែគ្រូបង្វឹកលោក Chen Hongbinដែលជាគ្រូបង្វឹកទី១សម្រាប់វិញ្ញាសានេះរបស់អ្នកនាង Guo Dandan ពីមុនក៏ធ្លាប់ជាកីឡាករអត្តពលកម្មដែរ។ លោកស្ទើរតែគ្មានបទពិសោធន៍ស្តីពីកីឡាទឹកកកទាល់តែសោះ ។
នៅម៉ោង ៧ ព្រឹកព្រលឹម មេឃទើបភ្លឺ លោកChen Hongbin បានដឹកនាំសមាជិកក្រុមកីឡារបស់គាត់ទៅកាន់កំពូលភ្នំដោយកាន់ក្តារព្រិលទឹកកកទៅជាមួយ។ សមាជិកក្រុមមានការរំភើបចិត្តជាខ្លាំង ដោយសារនេះជាលើកដំបូងដែលពួកគេទៅហ្វឹកហាត់ជំនាញលើអាកាសជាក់ស្ដែងនៅនឹងកន្លែង។
Guo Dandan លើកដៃមុនគេដោយនិយាយថា“គ្រូបង្វឹក ឱ្យខ្ញុំហាត់មុនគេ!”
"Dandan ត្រៀមខ្លួនហើយឬនៅ?"
"គ្រូបង្វឹក ខ្ញុំត្រៀមខ្លួនរួចហើយ!"
" Dandan ឯងត្រៀមខ្លួនហើយមែនទែន?"
"ពិតជារួចរាល់ហើយ!"
ពេលដែលលោកគ្រូបង្វឹក Chen Hongbin ទើបលែងដៃចេញ គាត់ក៏បានទាញ Dandan មកវិញ សាចុះសាឡើង ៣ ទៅ ៤ ដង។ នាងGuo Dandan លែងខ្លាចទៀតហើយ ប៉ុន្តែគ្រូបង្វឹកហាក់ដូចជាញាប់ញ័រជាងនាងទៅទៀត។ ទីបំផុត នាងGuo Dandan ទប់អារម្មណ៍លែងបាន ក៏បានរុញច្រានគ្រូបង្វឹកចេញ ហើយរំអិលខ្លួនចុះទៅក្រោម។
"អា៎ ពិតជាសប្បាយណាស់ ខ្ញុំហាក់ដូចជាកំពុងហោះហើរអញ្ចឹង!"
ពេលមើលឃើញ Guo Dandan លោតស្គីលើកទីមួយដោយគ្មានភាពស្ទាក់ស្ទើរ គ្រូបង្វឹក Chen ភ័យខ្លាចដោយបេះដូងស្ទើរតែលោតចេញមកក្រៅ ហើយប្រញាប់ស្រែកពីលើកំពូលភ្នំខ្លាំងៗថា៖ «ផ្លូវស្គីនេះអត់ស្តង់ដារទេ បើឃើញដើមឈើគេចភ្លាមទៅ!"
ប្រាកដណាស់ នាងGuo Dandan បានរំអិលខ្លួនចុះទៅខាងក្រោម ហើយភ្លាមៗនោះនឹកមិនឃើញថាត្រូវឈប់ដោយរបៀបណាបាន។
នៅទីបំផុត នាងបានទៅបុកនឹងដើមឈើមួយដើម។
ទោះបីជាគួរឱ្យខ្មាសគេបន្តិចក៏ដោយ តែនាង Guo Dandan មិនខ្វល់ទេ។ នាងចូលចិត្តអារម្មណ៍ដូចហោះហើរដោយសេរីពេលរំអិលចុះពីលើភ្នំ ដែលអារម្មណ៍នោះពិតជារំភើបណាស់។
នៅក្នុងរដូវរងាដំបូងនៃឆ្នាំដែលនាងមានអាយុ ១២ ឆ្នាំ ក្មេងស្រីភាគឦសានម្នាក់នេះពិតជាបានយល់ដឹងពីភាពទាក់ទាញដ៏ពិតប្រាកដនៃព្រិលទឹកកក។
ចំណាប់អារម្មណ៍ចូលចិត្ត គឺជាគ្រូបង្រៀនដ៏ល្អបំផុត។ នៅក្នុងពិភពនៃព្រិលទឹកកក នាងGuo Dandan បានធំឡើងនិងរីកចម្រើនយ៉ាងឆាប់រហ័ស។ រាល់ពេលដែលអ្នកដួលម្ដង អ្នកនឹងទទួលបានបទពិសោធន៍បន្ថែមម្ដងទៀតដែរ។ មួយឆ្នាំបន្ទាប់ពីចូលរួមក្រុមហ្វឹកហាត់ ក្មេងស្រីនេះដែលមានអត្តចរិតរឹងរូសមិនចេះចុះចាញ់ម្នាក់នេះ បានបង្ហាញសមត្ថភាពរបស់ខ្លួន ហើយបានចាប់ផ្តើមដំណើរកីឡាព្រិលទឹកកករបស់ខ្លួនជាផ្លូវការ ដោយបានចូលរួមក្នុងការប្រកួតទាំងតូចទាំងធំ ទាំងក្នុងនិងក្រៅប្រទេសជាច្រើនលើក។
នៅឆ្នាំ ១៩៩៧ នាទីក្រុងMelbourne នៅក្នុងការប្រកួតជិះស្គីបែបសេរីជើងឯកពិភពលោកនៅប្រទេសអូស្ត្រាលី នាងGuo Dandan ដែលមានអាយុ១៧ឆ្នាំបានពុះពារគ្រប់ឧបសគ្គ ហើយទទួលបានកៅអីសម្រាប់ចូលរួមវគ្គប្រកួតផ្តាច់ព្រ័ត្រ។
ថ្ងៃទី ២ ខែសីហាគឺជាថ្ងៃនៃការប្រកួតផ្តាច់ព្រ័ត្រ។ នៅកន្លែងប្រកួតក្នុងភ្នំ Buller នាទីក្រុង Melbourne មានអ្នកចូលរួមទស្សនាជាច្រើន បរិយាកាសមានសភាពអ៊ូរអរយ៉ាងខ្លាំង ។
Guo Dandan ជាអត្តពលិកចុងក្រោយសម្រាប់ការប្រកួត ហើយអត្តពលិកនៅជួរមុខ ទទួលបានពិន្ទុល្អទាំងអស់ ។ ជាពិសេស អត្តពលិកអូស្ត្រាលីដែលចេញមកមុន Guo Dandan បានសម្តែងយ៉ាងល្អឥតខ្ចោះ រួចទម្លាក់ខ្លួនចុះមកលើដីយ៉ាងមាំមួន ។ កន្លែងប្រកួតមានភាពអ៊ូរអរយ៉ាងខ្លាំង មនុស្សម្នាបាននាំគ្នាសម្តែងការអបអរសាទរចំពោះគាត់ ហាក់បីដូចជាលទ្ធផលនៃការប្រកួតបានកំណត់រួចជាស្រេចហើយ ។
ពេលនេះ Guo Dandan មានទឹកមុខធម្មតា។ គ្រូបង្វឹកបានដើរទៅមុខលួងលោមនាងថា៖
“ Dandan កុំភ័យ កុំគិតអីផ្សេង ខំប្រឹងឱ្យអស់ពីលទ្ធភាពទៅបានហើយ...”
"គ្រូបង្វឹក ខ្ញុំចង់ផ្សងព្រេងលេង B46 លើកនេះ"។
“Dandan អត្តពលិកអូស្ត្រាលី អាមេរិក និងកាណាដាលើកនេះ គឺសុទ្ធតែខ្លាំងពូកែណាស់ ។ ឯងមិនបាច់មានសម្ពាធខ្លាំងពេកទេ។ ឱ្យតែឯងបង្ហាញសមត្ថភាពដូចពេលហ្វឹកហាត់រាល់ដងទៅបានហើយ ។ ឯងទើបតែចាប់ផ្តើមហាត់បច្ចេកទេស B46 នៅថ្មីៗនេះទេ។ ឯងច្បាស់ទេថាអាចធ្វើបាន?”
"គ្រូបង្វឹក គឺដោយសារពួកគេខ្លាំង ទើបខ្ញុំចង់ធ្វើឱ្យអស់ពីលទ្ធភាព។ ខ្ញុំចង់ឱ្យពួកគេដឹងថា ជនជាតិចិនមិនខ្សោយទេលើកីឡាព្រិលទឹកកក។"
គ្រូបង្វឹកបានដឹងថា Guo Dandan ជាក្មេងស្រីមានចរិតរឹងរូស ឱ្យតែនាងបានសម្រេចចិត្តហើយ នោះនាងច្បាស់ជាធ្វើជាក់ជាមិនខាន។ ដូច្នេះគ្រូបង្វឹកក៏បានយល់ព្រម ។
សូមបញ្ជាក់ថា បច្ចេកទេស B46 គឺជាកាយវិការដ៏លំបាកបំផុតសម្រាប់ស្ត្រីលេងវិញ្ញាសាកីឡានេះលើពិភពលោកនៅពេលនោះ។
តែមួយសន្ទុះក្រោយមក ការប្រកួតបានចាប់ផ្តើម ដល់វេន Guo Dandan លោតហើយ។
នាង Dandan គ្មានអារម្មណ៍តានតឹង ហើយផ្តោតអារម្មណលើកាយវិការដែលបានហាត់កាលពីមុនគឺ ជិះស្គី បង្វិលខ្លួនមួយជុំ បង្វិលខ្លួនពីរជុំ និងទម្លាក់ខ្លួនលើព្រិលទឹកកក។
ពេលដែលនាងទម្លាក់ខ្លួនចុះមកយ៉ាងមាំមួននោះ កន្លែងប្រកួតដំបូងឡើយស្ងប់ស្ងាត់ បន្ទាប់មកក៏មានភាពអ៊ូអរខ្លាំងឡើង ដូច្នេះស្តាប់មិនសូវច្បាស់អំពីការប្រកាសលទ្ធផលចុងក្រោយបំផុតនៅហ្នឹងកន្លែងផ្ទាល់។ ពេលនេះ គេឃើញអ្នកបកប្រែអមដំណើរជាមួយក្រុមកីឡាចិនបានចុះពីលើភ្នំដោយប្រញាប់ប្រញាល់ ហើយស្រែកថា៖
"Dandan, Dandan, ពួកយើងឈ្នះហើយ! ឯងជាជើងឯក!"
Guo Dandan បើកភ្នែកធំដោយក្តីរំភើប ហាមាត់ធំ រួចហើយក៏ស្រក់ទឹកភ្នែក។ នាងស្ទើរតែមិនហ៊ានជឿត្រចៀករបស់ខ្លួនទេ។ នាងបានរង់ចាំពេលវេលានេះយូរណាស់មកហើយ។
ពិធីប្រគល់រង្វាន់ត្រូវបានពន្យារពេល Guo Dandan មានការព្រួយបារម្ភបន្តិច ហើយមិនដឹងថាមានអ្វីកើតឡើង។
រយៈពេលបីម៉ោងក្រោយមក
(ភ្លេងជាតិចិនបានលាន់ឮឡើង)
ទីបំផុត ពិធីប្រគល់មេដាយបានចាប់ផ្តើមហើយ។ មកដល់ពេលនេះ ពួកគេទើបដឹងថា គណៈកម្មាធិការរៀបចំកីឡាមិនដែលគិតថាអត្តពលិកចិនអាចឈ្នះមេដាយមាសនិងមេដាយប្រាក់ក្នុងការប្រកួតកីឡាស្គីទឹកកកពិភពលោកបានទេ ហេតុនេះទើបមិនបានត្រៀមអ្វីទាល់តែសោះ សូម្បីតែទង់ជាតិចិន ក៏ត្រូវទៅខ្ចីពីអគ្គកុងស៊ុលចិនប្រចាំនៅក្រុងមែលប៊ន និងបានបង្កើតក្រុមតន្រ្តីបណ្តោះអាសន្នដើម្បីលេងភ្លេងជាតិនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
គឺដូចនេះ Guo Dandan បានក្លាយជាជើងឯកពិភពលោកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកីឡាជិះស្គីទឹកកករបស់ចិន!
បន្ទាប់ពីទទួលបានជើងឯកពានរង្វាន់ពិភពលោក Guo Dandan បានក្លាយជាបេក្ខភាពពេញនិយមក្នុងការឆ្ពោះទៅឈ្នះជើងឯកអូឡាំពិក។ កាលពីឆ្នាំ១៩៩៨ អ្នកនាង Guo Dandan ដែលមានអាយុ ១៨ ឆ្នាំបានអមដំណើរជាមួយគណៈប្រតិភូកីឡារបស់ប្រទេសចិនទៅកាន់ទីក្រុង Nagano-ken ប្រទេសជប៉ុន ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី ១៨ ។
(អធិប្បាយអំពីកីឡាអូឡាំពិករដូវរងា Nagano-ken)
“ឥឡូវនេះ ពួកយើងកំពុងស្ថិតនៅទីលានជិះស្គីបែបសេរីនៅទីក្រុងNagano-kenប្រទេសជប៉ុន ដើម្បីធ្វើការផ្សាយផ្ទាល់អំពីវិញ្ញាសាកីឡាជិះស្គីនារីបែបសេរីនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី ១៨ ។ នៅសល់រយៈពេល ១០ នាទីទៀតគឺចាប់ផ្តើមការប្រកួតហើយ បើយោងតាមការកំណត់នៃការប្រកួត មុនពេលចាប់ផ្តើមការប្រកួតជាផ្លូវការ អត្តពលិកត្រូវហាត់ធ្វើកាយវិការមួយដង រួចរាល់ហើយទើបអាចចូលរួមការប្រកួតបាន។ បន្តទៅនេះ សូមអញ្ជើញ Guo Dandan អត្តពលិកចិនដែលជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងវគ្គជម្រុះ។ Guo Dandan បានត្រៀមខ្លួនរួចជាស្រេចហើយ សូមចាប់ផ្តើម ។
("ប៊ូម")
បន្ទាប់ពីចេញដំណើរមិនជាយូរប៉ុន្មាន សំណាងអាក្រក់បានមកដល់។
Guo Dandan និងក្ការស្គីរបស់នាងបានធ្លាក់លើព្រិលពីកម្ពស់ជាង១០ ម៉ែត្រ ។
" Dandan យ៉ាងម៉េចហើយ? មានរបួសទេ?"
"គ្រូបង្វឹក ខ្ញុំគ្មានបញ្ហាទេ អត់អីទេ។"
"មិនអីទេ អ៊ីចឹងក្រោកឈរឡើងឱ្យគ្រូមើល ។ "
ដោយឃើញការព្រួយបារម្ភរបស់គ្រូបង្វឹក Guo Dandan បានទ្រាំខំក្រោកឈរឡើង ប៉ុន្តែ ទោះបីជាខំប្រឹងយ៉ាងណាក្តី ក៏នាងមិនអាចក្រោកឈរឡើងបានដែរ។
"Dandan មិនកើតទេ យើងដកខ្លួនពីការប្រកួតទៅ " លោកប្រធានគណៈប្រតិភូ Shan Zhaojian បាននិយាយបញ្ចុះបញ្ចូល។
"លោកគ្រូ Shan ខ្ញុំដឹងថាលោកគ្រូបារម្ភពីខ្ញុំខ្លាចខ្ញុំរបួសម្តងទៀត ប៉ុន្តែខ្ញុំបានហ្វឹកហាត់ជាច្រើនឆ្នាំហើយ ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិកនេះ។ ខ្ញុំមិនអាចរត់ចោលការប្រកួតបានទេ!"
ពេលនេះ ដល់ពេលចាប់ផ្តើមការប្រកួតជាផ្លូវការហើយ ។
តំណាងសហព័ន្ធកីឡាព្រិលទឹកកកអន្តរជាតិបានដើរទៅកាន់ Guo Dandan ហើយសួរថា៖
"អ្នកនាង តើអ្នកនាងអាចបន្តចូលរួមការប្រកួតបានទេ?"
"ចា៎ ខ្ញុំអាច!"
"ក្មេងស្រីចិន អស្ចារ្យណាស់! ខ្ញុំសូមជូនពរឱ្យអ្នកនាងទទួលបានលទ្ធផលល្អ។ស៊ូៗ !"
"ជូនដំណឹងដល់ក្រុមការងារទាំងអស់ថា ការចាប់ផ្តើមការប្រកួតត្រូវពន្យារពេលរយៈពេល ១០ នាទី។ "
តំណាងសហព័ន្ធកីឡាព្រិលទឹកកកអន្តរជាតិមានការរំភើបចិត្តចំពោះស្មារតីតស៊ូរបស់ Guo Dandan ។ នេះជាលើកដំបូងហើយដែលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាបានធ្វើការពន្យារពេលចាប់ផ្ដើមការប្រកួត ១០ នាទី សម្រាប់ក្រុមអត្តពលិកចិន។
បន្ទាប់មក Guo Dandan បានបញ្ចប់ការលោតចំនួនពីរលើក ហើយដួលទៅលើផ្ទៃព្រិលទឹកកក។ នៅទីចុងបំផុត នាងទទួលបានពិន្ទុឈរនៅលំដាប់ទី ៧ លើតារាងលទ្ធផល។ ទោះបីជានាងមិនអស់ចិត្តចំពោះលទ្ធផលក៏ដោយ ប៉ុន្តែនាងនិងគណៈប្រតិភូកីឡាចិនបានក្លាយជាចំណុចសំខាន់នៃភូមិអូឡាំពិករដូវរងាទាំងមូល។ នៅពេលនោះ នាងបានយល់ច្បាស់ថា ស្មារតីអូឡាំពិកមិនពាក់ព័ន្ធនឹងចំណាត់ថ្នាក់នោះទេ ឱ្យតែខំប្រឹងប្រែងអស់ពីលទ្ធភាព នោះគឺមានតម្លៃហើយ ។
(សំឡេងនៃឧទ្ធម្ភាគចក្រ)
បន្ទាប់ពីការប្រកួតបញ្ចប់ទៅ ឧទ្ធម្ភាគចក្របានដឹកបញ្ជូន Guo Dandan ទៅកាន់មន្ទីរពេទ្យដ៏ល្អបំផុតនៅទីក្រុងតូក្យូ។
ក្រោយពីការពិនិត្យសុខភាពរួច គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា នាងបាក់ជើងស្តាំ និងដាច់សរសៃពួរជើងខាងឆ្វេង ។ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យតូក្យូបានលើកមេដៃជូនដល់ក្មេងស្រីជនជាតិចិនរូបនេះ ។
បន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Nagano-ken ឆ្នាំ១៩៩៨បានបញ្ចប់ GuoDandanត្រឡប់មកដល់មាតុប្រទេសវិញ ហើយបន្តការហ្វឹកហាត់។ រហូតដល់បន្ទាប់ពីការប្រកួតកីឡាទូទាំងប្រទេសចិនឆ្នាំ២០០១ នៅក្នុងអាយុ២១ឆ្នាំ គាត់បានប្រកាសចូលនិវត្តន៍បន្ទាប់ពីរងរបួសជាច្រើនឆ្នាំនិងការសោកស្តាយចំពោះការប្រកួតកីឡាអូឡាំពិករដូវរងា។
នៅរដូវរងាឆ្នាំ២០០២ GuoDandanទទួលបានការហៅទូរស័ព្ទមួយ។
“ អាឡូDandan ខ្ញុំShanZhaojian។”
“លោកគ្រូShan ពួកយើងមិនដែលបានជួបគ្នាបន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Nagano-ken ឆ្នាំ១៩៩៨មកម្ល៉េះ តើលោកគ្រូសុខសប្បាយទេ?”
“លោកគ្រូសុខធម្មតាទេ Dandan ឥលូវឯងធ្វើអីហើយ? នៅចេះចាំជិះស្គីព្រិលទឹកកកទេមែនទេ?”
“ នៅចេះ តើម៉េចនឹងអាចភ្លេចបានទៅ លោកគ្រូ...”
“បច្ចុប្បន្ន ប្រទេសចិនកំពុងផ្សព្វផ្សាយកីឡាជិះស្គីព្រិលទឹកកក តើឯងចង់ចូលរួមទេ?”
អ្នកដែលទូរស័ព្ទរកGuoDandanម្នាក់នេះ គឺShanZhaojian ជាអ្នកដឹកនាំក្រុមកីឡាលើព្រិលទឹកកកនៅការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Nagano-ken ឆ្នាំ១៩៩៨។ នៅពេលនោះ លោកShanZhaojianជានាយកនៃការិយាល័យកីឡាលើព្រិលទឹកកកនៃមជ្ឈមណ្ឌលគ្រប់គ្រងកីឡារដូវរងាជាតិចិន ហើយកំពុងប្រាស្រ័យទាក់ទងសម្រាប់ការផ្សព្វផ្សាយនៃកីឡាជិះស្គីព្រិលទឹកកកនៅស្រុកChongliខេត្តHebei។ ដោយសារខ្វះខាតគ្រូបង្វឹកយ៉ាងច្រើន គាត់បាននឹកឃើញដល់អ្នកនាងមានអត្តចរិតរឹងរូសកាលពីពេលនោះ ហើយសង្ឃឹមថាGuoDandanអាចត្រឡប់ទៅទីលានជិះស្គីព្រិលទឹកកកវិញ ស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួនវិញ ហើយក៏ធ្វើជា “ភ្លើងបំភ្លឺ” ដើម្បីដឹកនាំមនុស្សកាន់តែច្រើនឱ្យស្គាល់ និងស្រឡាញ់ចូលចិត្តកីឡាលើព្រិលទឹកកក។
“Dandanឯងជឿគ្រូ កីឡាព្រិលទឹកកកមុខជានឹងអភិវឌ្ឍល្អនៅប្រទេសចិន ។”
“ច៎ា លោគ្រូShan ខ្ញុំនឹងទៅ។”
ដើមឆ្នាំ២០០៣ បន្ទាប់ពីទីលានជិះស្គីព្រិលទឹកកកទី១នៅស្រុកChongliបានបើកដំណើរការ GuoDandanបានទិញសំបុត្ររថភ្លើងមួយសន្លឹក យកប្រាក់៥០០យាន់ចិន រៀបចំវ៉ាលី ជិះរថភ្លើងទៅស្រុកChongli។
នៅពេលនោះ ទោះបីស្រុកChongliសំបូរព្រិលទឹកកកក៏ពិតមែន តែស្រុកនេះនៅតែជាស្រុកក្រីក្រថ្នាក់ជាតិមួយ ស្ថានភាពទីលានជិះស្គីព្រិលទឹកកកមិនល្អ បរិក្ខារកីឡាជិះស្គីព្រិលទឹកកកខ្វះខាតយ៉ាងខ្លាំង មិនល្អដូចស្ថានភាពវិទ្យាស្ថានកីឡាshenyangដែលនាងបានទៅហ្វឹកហាត់ កាលពីនៅក្មេងឡើយ។
ជាងនេះទៅទៀត កុមារតិចតួចណាស់នៅស្រុកChongliធ្លាប់បានទៅទីលានជិះស្គីព្រិលទឹកកក ហើយអ្នកដែលចេះជិះស្គីទឹកកករឹតតែតិចជាងនេះទៅទៀត។ ការផ្សព្វផ្សាយកីឡាជិះស្គីព្រិលទឹកកកពិបាកលើសពីការរំពឹងទុកទៅទៀត។
កីឡាជិះស្គីព្រិលទឹកកកគឺជាកីឡាមួយដែលពុំសូវពេញនិយមនោះទេ ហើយគ្រប់គ្នាតែងតែគិតថាវាជាកីឡាមានគ្រោះថ្នាក់ខ្ពស់។ ឪពុកម្តាយព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់កូនៗពួកគេនៅក្នុងកីឡានេះ ហើយវាពិបាកខ្លាំងណាស់ក្នុងការផ្សព្វផ្សាយកីឡានេះនៅក្នុងចំណោមយុវជន។
នៅក្នុងតំបន់ដែលមានធនធានទឹកកកនិងព្រិលដ៏សម្បូរបែបមួយ ក្មេងៗមិនអាចយល់អំពីទឹកកកនិងព្រិលបានច្បាស់ទេ ហើយនៅតំបន់ផ្សេងទៀតរឹតតែមិនបាច់និយាយ។ GuoDandanបានប្តេជ្ញាចិត្តថា នឹងខិតខំអស់ពីសមត្ថភាពដើម្បីឱ្យមនុស្សកាន់តែច្រើនស្វែងយល់ពីកីឡាព្រិលទឹកកក ហើយចូលចិត្តកីឡានេះផងដែរ។
ជារៀងរាល់ថ្ងៃនៅក្នុងស្រុកChongli GuoDandanរិះគិតយ៉ាងផ្ចិតផ្ចង់លើរាល់កាយវិការបង្រៀន ហើយបានស្វែងយល់បន្តិចម្តងៗនូវវិធីសាស្រ្តបង្រៀនកីឡាជិះស្គីព្រិលទឹកកក ហើយចាប់ផ្តើមផ្សព្វផ្សាយកីឡាជិះស្គីព្រិលទឹកកកដោយឈានចូលសាលារៀននិងសហគមន៍តាមរដ្ឋបាលក្នុងតំបន់។
ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងលឿននៃកីឡាព្រិលទឹកកកនៅស្រុកChongli អ្នកចូលចិត្តកីឡាជិះស្គីព្រិលទឹកកកកាន់តែច្រើនបានបង្កើនបច្ចេកទេសរបស់ខ្លួនក្រោមជំនួយពីGuoDandan។ គាត់បានដឹងបន្តិចម្ដងៗថា ការប្រើសកម្មភាពនិងឥទ្ធិពលរបស់ខ្លួន ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនស្វែងយល់ពីកីឡាជិះស្គីព្រិលទឹកកកនិងស្រឡាញ់ចូលចិត្តកីឡាជិះស្គីព្រិលទឹកកកនេះ។ នេះមានអត្ថន័យកាន់តែស៊ីជម្រៅ។ នៅក្នុងអំឡុងពេលនេះ GuoDandanមិនត្រឹមតែរកឃើញអត្ថន័យនៃជីវិតជាថ្មីម្ដងទៀតប៉ុណ្ណោះទេ ហើយក៏ទទួលបានស្នេហាផងដែរ។
ស្វាមីរបស់GuoDandan ឈ្មោះZhangJinlei គឺជាអ្នកចូលចិត្តជិះស្គីព្រិលទឹកកកម្នាក់។ អ្នកទាំងពីរបានជួបគ្នានៅស្រុកChongli ស្រឡាញ់គ្នានិងរៀបការ។នៅឆ្នាំ២០០៦ អ្នកនាង សម្រាលបានកូនស្រីម្នាក់ឈ្មោះXue Er។
នៅខែមករាឆ្នាំ២០០៩ ព្រិលដំបូងនៃឆ្នាំថ្មីបានធ្លាក់ចុះមកយ៉ាងស្ងប់ស្ងាត់។
GuoDandanនិងស្វាមីបាននាំXueErដែលមានអាយុបីឆ្នាំទៅទីលានជិះស្គីព្រិលទឹកកក។XueErរំភើបចិត្តយ៉ាងខ្លាំងពេលឃើញព្រិល ហើយមានក្តីស្រឡាញ់ពីធម្មជាតិម្យ៉ាងចំពោះព្រិលទឹកកក។
ស្វាមីភរិយាមួយគូនេះ ស្រាប់តែមានគំនិតមួយ។
ចង់ឱ្យXue’Erហាត់ជិះស្គីព្រិលទឹកកកដែរទេ?
នៅពេលមើលឃើញកូនស្រីចូលចិត្តព្រិលទឹកកកបែបនេះ នាងក៏សម្រេចចិត្តជួយជ្រោមជ្រែងកូនស្រីឱ្យអស់ពីកម្លាំងកាយចិត្ត។គឺដូចនេះ Xue’’Erបានចាប់ផ្តើមហ្វឹកហាត់ជាមួយម្តាយនៅអាយុ៣ឆ្នាំ។
ច្រើនឆ្នាំបានកន្លងផុតទៅ។ XueEr និងម្ដាយបានឆ្លងកាត់ភាពជោគជ័យនៃការស្នើសុំការប្រកួតកីឡាអូឡាំពិករដូវរងារបស់ប្រទេសចិន ហើយក៏បានឆ្លងកាត់ដំណើរប្រែប្រួលដែលស្រុកChongliប្រែក្លាយពីស្រុកដែលមានភាពក្រីក្រទៅជាទីប្រជុំកីឡាលើព្រិលទឹកកក។
ដោយដើរតាមគន្លងម្តាយ XueErបានចូលរួមជាផ្លូវការទៅក្នុងក្រុមជិះស្គីព្រិលទឹកកកក្រុងប៉េកាំងនៅខែសីហា ឆ្នាំ២០១៨ដោយផ្តោតសំខាន់ទៅលើកីឡាជិះស្គីកាត់ឧបសគ្គ។
នៅឆ្នាំ២០២២ ម្តាយនិងកូនស្រីត្រូវបានជ្រើសរើសឱ្យចូលក្នុងក្រុមឃោសនាកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ ហើយទៅកន្លែងផ្សេងៗដើម្បីផ្សព្វផ្សាយនិងអធិប្បាយពីរឿងរ៉ាវកីឡាព្រិលទឹកកកចិនដែលត្រូវបានបន្តវេនដោយមនុស្សពីរជំនាន់។
“ខ្ញុំពិតជារីករាយណាស់ដែលបានមើលឃើញការផ្លាស់ប្ដូរដ៏ច្រើននៃលក្ខខណ្ឌរស់នៅ និងបែបបទបង្វឹកអត្តពលិកជាតិយើង នៅលើខ្លួន XueEr។ ក្នុងនាមជាអត្តពលិកម្នាក់ ខ្ញុំដឹងថា នាងចង់ស្វែងរកលទ្ធផលដែលប្រសើរជាងមុន និងបំពេញក្តីសុបិនប្រកួតកីឡាអូឡាំពិករបស់នាងសម្រាប់ខ្ញុំ ហើយក្នុងនាមជាម្តាយរបស់នាង ខ្ញុំគ្រាន់តែសង្ឃឹមថា នាងអាចមានសុខភាពល្អនិងសប្បាយរីករាយ។”
ក្តីសុបិនរបស់ខ្ញុំគឺ ៤ឆ្នាំក្រោយ នៅកីឡាអូឡាំពិករដូវរងាក្រុងMilanឆ្នាំ២០២៦ ភ្លេងជាតិចិននឹងត្រូវបានបន្លឺឡើងសម្រាប់ខ្ញុំ ហើយទង់ជាតិចិននឹងត្រូវបានលើកខ្ពស់ឡើងសម្រាប់ខ្ញុំ! ខ្ញុំជឿជាក់ថា ដល់ពេលនោះ ខ្ញុំនឹងអាចបំពេញបេសកកម្មអត្តពលិកកីឡាលើព្រិលទឹកកកពីរជំនាន់គឺខ្ញុំនិងម្ដាយខ្ញុំ គឺដណ្ដើមកិត្តិយសជូនជាតិ!