កាលពីថ្ងៃទី២៤ខែធ្នូតាមម៉ោងក្រុងប៉េកាំង លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៣(NDAA)ឱ្យក្លាយជាច្បាប់ ។ សេចក្តីព្រាងច្បាប់នេះបូករួមទាំងខ្លឹមសារជាច្រើនដែលមួលបង្កាច់និងវាយប្រហារភាគីចិន ហើយកាន់តែបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរទៅកាន់កម្លាំងអបគមន៍ដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ ។
ដើមឡើយ អ្វីដែលហៅថា សេចក្តីព្រាងច្បាប់ NDAA ឆ្នាំ២០២៣គឺបាននិយាយអំពីកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាមេរិក ។ ប៉ុន្តែវាបានឃោសនាបំប៉ោងពី “ការគំរាមកំហែងរបស់ចិន”ដោយមិនអើពើនឹងការពិតជាក់ស្តែង ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយគឃ្លើន ។ សេចក្តីព្រាងច្បាប់នេះបានអះអាងថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ “ជំនួយយោធា”ក្នុងតម្លៃ១ម៉ឺនលានដុល្លារអាមេរិកនិង “ប្រាក់ឥណទានយោធា”ក្នុងតម្លៃ២ពាន់លានដុល្លារអាមេរិកដល់តំបន់តៃវ៉ាន់ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ និងទាមទារឱ្យពន្លឿនការលក់សព្វាវុធទៅឱ្យតំបន់តៃវ៉ាន់ជាដើម គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទង្វើនេះ គឺធ្វើឡើងដើម្បីបំផុសការបដិបក្ខគ្នារវាងត្រើយទាំងសងខាង និងយកសាំងមកចាក់លើភ្លើងក្នុងបញ្ហាច្រកសមុទ្រតៃវ៉ាន់ វាអាចបញ្ជាក់ថែមមួយកម្រិតទៀតថា ភាគីអាមេរិកគឺជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់និងជាអ្នកបង្កហានិភ័យសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ ។
កាលពីកន្លះខែមុន រដ្ឋាភិបាលលោក Joe Biden បានប្រកាសពីការលក់សព្វាវុធលើកទី៧ឱ្យតំបន់តៃវ៉ាន់បន្ទាប់ពីលោកឡើងកាន់មុខតំណែងរយៈពេលពីរឆ្នាំកន្លងទៅ ។ សេចក្តីព្រាងច្បាប់ NDAA ក្នុងឆ្នាំ២០២៣ក៏បានបូករួមទាំងខ្លឹមសារអវិជ្ជមានដូចជាការបន្ថែមការផ្តល់ជំនួយយោធាដល់តំបន់តៃវ៉ាន់ជាដើមផងដែរ ។ ប្រការទាំងនេះសុទ្ធតែបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ប្រទេសចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួមចំនួនបីរវាងចិននិងអាមេរិក ក៏ដូចជាបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចសន្យាខាងនយោបាយដែលភាគីអាមេរិកបានធ្វើចំពោះភាគីចិន ដែលបានលាតត្រដាងយ៉ាងពេញលេញពីកលល្បិចជាច្រើនរបស់កម្លាំងនយោបាយភាគីអាមេរិកមួយចំនួនដែលចង់បង្កភាពច្របូកច្របល់នៅច្រកសមុទ្រតៃវ៉ាន់ គាំទ្រតំបន់តៃវ៉ាន់និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ដើម្បីឆ្លៀតឱកាសនេះទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ។
ព្រមពេលជាមួយគ្នានេះ ការប្រព្រឹត្តរបស់ភាគីអាមេរិកលើបញ្ហាតំបន់តៃវ៉ាន់ បានបង្ហាញឱ្យឃើញនូវទង្វើនិយាយផ្សេងធ្វើផ្សឹងចំពោះប្រទេសចិនដែល “ចង់ធ្វើកិច្ចសន្ទនាបណ្តើរ ធ្វើការទប់ស្កាត់បណ្តើរ”និង “ពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបណ្តើរ បង្ករឿងហេតុបណ្តើរ” ។ ក្នុងកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិកនៅកោះបាលីដែលបើកធ្វើនៅខែមុន ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាតំបន់តៃវ៉ាន់ជាស្នូលនៃផលប្រយោជន៍គន្លឹះរបស់ចិន ជាបញ្ហាពីឫសគល់បំផុតនៃមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏ជាខ្សែបន្ទាត់ក្រហមដ៏សំខាន់បំផុតដែលមិនអាចបំពានបានក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។ លោកប្រធានាធិបតីអាមេរិក Joe Biden បានរំលឹកឡើងវិញពីគោលជំហរស្តីពីការ “មិនធ្វើចំនួនបួននិងគ្មានចេតនាមួយ” ហើយបានបន្ថែមនូវការបង្ហាញឥរិយាបថដែលថា អាមេរិកមិនគាំទ្រ “ប្រទេសចិនពីរ”និង “ប្រទេសចិនមួយតៃវ៉ាន់មួយ”គ្មានចេតនាស្វែងរក “ការផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិន គ្មានចេតនារារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននិងគ្មានចេតនាទប់ស្កាត់ប្រទេសចិន ។
តៃវ៉ាន់ជាតំបន់តៃវ៉ាន់របស់ចិន ការដោះស្រាយបញ្ហាតំបន់តៃវ៉ាន់ជារឿងរបស់ជនជាតិចិនខ្លួនឯង ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសណាមួយនោះទេ ។ កាលពីថ្ងៃទី២៥ខែធ្នូ តំបន់យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាមានិតចិនបានរៀបចំសកម្មភាពយាមល្បាតប្រុងជើងការរួមនិងលំហាត់សមយុទ្ធវាយប្រហារដោយកម្លាំងប្រដាប់អាវុធរួមនៅដែនសមុទ្រនិងដែនអាកាសជុំវិញកោះតៃវ៉ាន់ ។ នេះជាការតបតវិញជាដាច់ខាតចំពោះការឃុបឃិតគ្នាបង្ករឿងហេតុនៃសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់នាពេលបច្ចុប្បន្ននេះ ។ ប្រសិនបើភាគីអាមេរិកធ្វើតាមតែទំនើងចិត្ត នោះគ្រាន់តែនឹងជួញទុក្ខដាក់ខ្លួនតែប៉ណ្ណោះ ៕