ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីព្រមានថា ប្រហែលនឹងកាត់បន្ថយបរិមាណផលិតប្រេងកាតនិងហាមឃាត់ការលក់ប្រេងកាត ដើម្បីប្រឆាំងតបតវិញចំពោះបទបញ្ជារបស់លោកខាងលិចស្តីពីការកំណត់តម្លៃអតិបរមាប្រេងកាតរបស់រុស្ស៊ី
2022-12-25 12:24:33cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានព្រមានថា រុស្ស៊ីប្រហែលនឹងកាត់បន្ថយបរិមាណផលិតប្រេងកាតពី៥ភាគរយដល់៧ភាគរយនៅដើមឆ្នាំ២០២៣ ព្រមទាំងបញ្ឈប់លក់ប្រេងកាតទៅកាន់ប្រទេសដែលគាំទ្រការកំណត់តម្លៃអតិបរមានៃប្រេងកាតរុស្ស៊ី ។ បរិមាណកាត់បន្ថយប្រហែលនឹងឡើងដល់៥សែនដល់៧សែនបារ៉ែនជារៀងរាល់ថ្ងៃ ។

លោកបានថ្លែងទៀតថា ពិតមែនតែអឺរ៉ុបខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការពឹងផ្អែកទៅលើប្រេងកាតនិងឧស្ម័នធម្មជាតិរបស់រុស្ស៊ីក៏ដោយ ក៏ប៉ុន្តែក្នុងក្របខណ្ឌពិភពលោកទាំងមូលសុទ្ធតែមានតម្រូវការចំពោះការនាំចេញនៃថាមពលរុស្ស៊ី ភាគីរុស្ស៊ីបានស្វែងរកភាពសម្បូរបែបនៃអ្នកទិញជាប់រហូតមក ។

មានការផ្សាយដំណឹងឱ្យដឹងថា សំដៅចំពោះការដែលប្រទេសប៉ែកខាងលិចមួយចំនួនកំណត់តម្លៃអតិបរមាចំពោះប្រេងកាតរុស្ស៊ី លោកភូទីន ប្រធានាធិបតីរុស្ស៊ីប្រហែលនឹងចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីដើម្បិប្រកាសពីវិធានការតបតវិញនៅថ្ងៃទី២៦ឬ២៧ខែធ្នូខាងមុខនេះ ។

គួររំលឹកថា ពេលមុននេះ សហភាពអឺរ៉ុប ប្រទេសG៧ និងអូស្ត្រាលីបានប្រកាសកំណត់តម្លៃអតិបរមាចំពោះការនាំចេញប្រេងកាតរុស្ស៊ីតាមនាវាចរណ៍ក្នុងតម្លៃ៦០ដុល្លារអាមេរិកមួយបារ៉ែនជាបន្តបន្ទាប់ ដើម្បីវាយប្រហារចំណូលខាងប្រេងកាតរបស់រុស្ស៊ី ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស