ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Emmanuel Macron ប្រធានាធិបតីបារាំងអំពាវនាវឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកទៅលើសហរដ្ឋអាមេរិកខាងសន្តិសុខ
2022-12-23 13:54:13cri
Share with:

តាមការផ្សាយដំណឹងនៃកាសែត The Wall Street Journal កាលពីថ្ងៃទី២២ខែធ្នូឱ្យដឹងថា លោក Emmanuel Macron ប្រធានាធិបតីបារាំងបានអំពាវនាវឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកទៅលើសហរដ្ឋអាមេរិកខាងសន្តិសុខ ។ លោកបានថ្លែងដូចខាងលើនៅពេលវិលត្រឡប់មកក្រុងប៉ារីសវិញបន្ទាប់ពីបញ្ចប់កិច្ចប្រជុំអន្តរជាតិដែលបើកធ្វើនៅក្រុងអាម៉ាន់ប្រទេសហ៊្សកដានីនៅសប្តាហ៍នេះ ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Emmanuel Macron បានថ្លែងថា អឺរ៉ុបត្រូវការប្រកាន់ខ្ជាប់គោលជំហរកាន់តែមុតមាំនៅផ្ទៃក្នុងនៃអង្គការណាតូ ហើយកាត់បន្ថយការពឹងផ្អែកទៅលើសហរដ្ឋអាមេរិក អភិវឌ្ឍសមត្ថភាពស្វ័យការពារ ដើម្បីធានាសន្តិភាពនៃតំបន់អឺរ៉ុបដែលរងផលប៉ះពាល់ពីវិបត្តិអ៊ុយក្រែន ។ លោកបានសម្គាល់ថា ការអភិវឌ្ឍកិច្ចការពាររបស់អឺរ៉ុបមិនមែនស្វែងរកការជំនួសឱ្យអង្គការណាតូនោះទេ ។

កាសែត The Wall Street Journal បានចុះផ្សាយបទអត្ថាធិប្បាយអំពីករណីនេះថា លោក Emmanuel Macron បានអំពាវនាវប្រទេសប៉ែកខាងលិចឱ្យផ្តល់ការធានាខាងសន្តិសុខចំពោះរុស្ស៊ី ក្នុងនាមជាចំណែកមួយសម្រាប់ការបញ្ចប់វិបត្តិអ៊ុយក្រែននិងបង្ការកុំឱ្យការប៉ះទង្គិចរីករាលដាលទៅដល់អឺរ៉ុប ។ ការផ្សាយដំណឹងឱ្យដឹងទៀតថា ការលើកឡើងបែបនេះនឹងនាំឱ្យអ៊ុយក្រែននិងសម្ព័ន្ធមិត្តមួយចំនួនរបស់បារាំងមិនពេញចិត្ត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស