ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីដែលប្រកបដោយស្ថិរភាពនិងភាពរឹងមាំមិនត្រឹមតែសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកផងដែរ
2022-12-23 14:19:01cri
Share with:

    កាលពីថ្ងៃទី ២១ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក David Hurley អគ្គទេសាភិបាលអូស្ត្រាលីព្រមនិងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានផ្ញើសារលិខិតគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ។ នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសចិននិងអូស្ត្រាលីបានធ្វើកិច្ចសន្ទនាការទូតនិងយុទ្ធសាស្ត្ររវាងចិននិងអូស្ត្រាលីជុំទី  នៅទីក្រុងប៉េកាំង ហើយបានឈានដល់គំនិតឯកភាពរួមជាច្រើនអំពីការកែលម្អទំនាក់ទំនងទ្វេភាគី ។ ភាគីទាំងពីរឯកភាពគ្នាថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីគួរតែអនុលោមតាមទិសដៅនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននេះ ភាគីទាំងពីរគួរតែគោរពគ្នាទៅវិញទៅមក សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជាគ្រប់គ្រងការខ្វែងគំនិតគ្នា ។

    នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់ចិននិងអូស្ត្រាលីសម្រាប់កែលម្អនិងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ កាលពីខែវិច្ឆិកា ឆ្នាំនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលបានចង្អុលបង្ហាញពីទិសដៅនៃការកែលម្អទំនាក់ទំនងទ្វេភាគី ។ ដោយឡែកលើកនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីរំលងអស់រយៈពេលជាង ៣ ឆ្នាំ ហើយប្រទេសចិននិងអូស្ត្រាលីបានដំណើរការយន្តការសន្ទនាផែ្នកការទូតនិងយុទ្ធសាស្ត្រឡើងវិញដែលបានផ្អាកអស់រយៈពេលជាង ៤ ឆ្នាំមកហើយ ។ នេះគឺជាជំហានដ៏សំខាន់សម្រាប់អនុវត្តគំនិតឯកភាពរួមនៃកិច្ចជំនួបនៅកោះបាលីរវាងមេដឹកនាំនៃប្រទេសទាំងពីរ ។

    សូមបញ្ជាក់ថា ចិននិងអូស្ត្រាលីសុទ្ធតែជាប្រទេសដ៏សំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ កាលពីឆ្នាំ ១៩៧២ ចិននិងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ។ កាលពីឆ្នាំ ២០១៤ បានលើកកម្ពស់ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីឱ្យក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ កាលពីឆ្នាំ ២០១៥ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងអូស្ត្រាលីបានចូលជាធរមាននិងចាប់ផ្តើមអនុវត្តជាផ្លូវការ ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី និស្សិតបន្តការសិក្សារបស់ចិនគឺជាក្រុមនិស្សិតដែលបន្តការសិក្សានៅអូស្ត្រាលីដ៏ធំបំផុត ហើយប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរណ៍ដ៏ធំបំផុតរបស់អូស្ត្រាលីមុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ ។ល។ ប្រការទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវភាពស្អិតល្មួតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអូស្ត្រាលី ។

    យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងបរិបទដែលអាមេរិកបាននិងកំពុងពន្លឿនការប្រកួតប្រជែងរវាងប្រទេសមហាអំណាច អ្នកនយោបាយមួយចំនួនរបស់អូស្ត្រាលីបានធ្វើតាមសហរដ្ឋអាមេរិកដើម្បីគាបសង្កត់ប្រទេសចិន ។ ការគិតមិនបានវែងឆ្ងាយខាងយុទ្ធសាស្ត្រនិងទង្វើខុសឆ្គងរបស់អ្នកនយោបាយទាំងនេះបានបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអូស្ត្រាលីធ្លាក់ក្នុងសភាពជាប់គាំងដែលមិនធ្លាប់មានពីមុនមក។

    គួរបញ្ជាក់ដែរថា ប្រទេសចិននិងអូស្ត្រាលីគ្មានជម្លោះក្នុងប្រវត្តិសាស្ត្រនោះទេ ហើយដើមឡើយក៏គ្មានការប៉ះទង្គិចពាក់ព័ន្ធដល់ផលប្រយោជន៍ជាមូលដ្ឋាននោះដែរ ។ មិនថា ស្ថានការណ៍អន្តរជាតិបានប្រែប្រួលយ៉ាងណាក៏ដោយ ឱ្យតែប្រកាន់ខ្ជាប់គោលបំណងដើម នោះ នាវាយក្សនៃទំនាក់ទំនងរវាងចិននិងអូស្ត្រាលីក៏មិនវង្វេងផ្លូវនោះឡើយ ។ ភាគីអូស្ត្រាលីបានលើកឡើងថា រដ្ឋាភិបាលថ្មីប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ក៏ដូចជាមិនពង្រីកព្រមទាំងគ្រប់គ្រងឱ្យបានល្អនូវការខ្វែងគំនិតរវាងប្រទេសទាំងពីរ ។

    នាពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ។ ប្រទេសមួយចំនួនបាននិងកំពុងបង្កការប៉ះទង្គិច ក៏ដូចជាញុះញង់ឱ្យបង្កការបដិបក្ខគ្នាជាក្រុមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានបង្កជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិភាពនិងការអភិវឌ្ឍនៃអាស៊ីប៉ាស៊ីហ្វិក ។ រំពឹងថា ភាគីអូស្ត្រាលីនឹងប្រកាន់ឥរិយាបថដែលមានវិចារណញ្ញាណខាងយុទ្ធសាស្ត្រ តែមិនមែនបោះបង់ចោលផលប្រយោជន៍របស់ខ្លួនដើម្បីក្លាយជាកូនអុករបស់ប្រទេសដទៃទៀត ។

    បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីនៅតែប្រឈមនឹងការសាកល្បងជាច្រើនដដែល ។ ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីដែលប្រកបដោយស្ថិរភាពនិងភាពរឹងមាំមិនត្រឹមតែសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស