ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានបើកធ្វើកិច្ចប្រជុំកំពូលអាមេរិកនិងអាហ្វ្រិកលើកទីពីរ នេះគឺកិច្ចប្រជុំកំពូលអាមេរិកនិងអាហ្វ្រិកដែលសហរដ្ឋអាមេរិករៀបចំធ្វើបន្ទាប់ពីបានខកខានអស់រយៈពេល៨ឆ្នាំ ។ បើមើលពីបែបបទអាចឃើញថា កិច្ចប្រជុំកំពូលលើកនេះពិតជាមានទ្រង់ទ្រាយធំណាស់ ។ លោក Joe Biden ប្រធានាធិបតីអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនិងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននាំគ្នាចូលរួមកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំរបស់ប្រទេសអាហ្វ្រិកនិងសហភាពអាហ្វ្រិកចំនួន៤៩ក៏បានធ្វើដំណើរតាមយន្តហោះទៅកាន់ក្រុងវ៉ាស៊ីនតោនផងដែរ ។ សេតវិមានបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំកំពូលអាមេរិកនិងអាហ្វ្រិកលើកនេះបានគូសបញ្ជាក់ពីពាក្យសន្យារបស់អាមេរិកស្តីពីធ្វើឱ្យទំនាក់ទំនងជាមួយអាហ្វ្រិកមានភាពកាន់តែស៊ីជម្រៅ ។ រដ្ឋាភិបាលលោក Joe Biden នៅមានផែនការនឹងផ្តល់វិនិយោគទុនយ៉ាងហោចណាស់៥ម៉ឺន៥ពាន់លានដុល្លារអាមេរិកដល់អាហ្វ្រិកក្នុងរយៈពេលបីឆ្នាំខាងមុខនេះដែរ ។
ប៉ុន្តែ កិច្ចប្រជុំរយៈពេលបីថ្ងៃនេះបានបិទបញ្ចប់ក្នុងភាពខ្វែងគំនិត ។ លោក Arikana Chikhomboori Quaio អតីតតំណាងសហភាពអាហ្វ្រិកប្រចាំនៅសហរដ្ឋអាមេរិកបានសម្គាល់ថា កិច្ចប្រជុំកំពូលអាមេរិកនិងអាហ្វ្រិកលើកនេះគឺបរាជ័យ ទាល់តែជនជាតិអាមេរិករាប់អាននឹងជនជាតិអាហ្វ្រិកដោយស្មើគ្នា ។
បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិកបានតម្កល់អាហ្វ្រិកក្នុងឋានៈជាជាយនៃយុទ្ធសាស្ត្រសកលរបស់វា ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងអាមេរិកនិងអាហ្វ្រិកក៏កាន់តែអាប់អួរទៅៗ ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ សហរដ្ឋអាមេរិកបានស្តុកទុកវ៉ាក់សាំងជាច្រើនផង និងដឹកជញ្ជូនវ៉ាក់សាំងដែលជិតផុតកាលបរិចេ្ឆទទៅអាហ្វ្រិកផង ដែលត្រូវអាហ្វ្រិករិះគន់ថា ជា “សប្បុរសធម៌”ដ៏ក្លែងក្លាយ ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកស្រាប់តែកែប្រែអាកប្បកិរិយាហើយអះអាងថា នឹងយកចិត្តទុកដាក់ដល់អាហ្វ្រិក ប្រការនេះនាំឱ្យប្រជាជនអាហ្វ្រិកមានការសង្ស័យចំពោះក្តីស្មោះត្រង់របស់អាមេរិក ។
ពេលសហរដ្ឋអាមេរិកផ្តល់ជំនួយដល់អាហ្វ្រិក តែងតែមានភាពខុសគ្នាយ៉ាងខ្លាំងរវាងការនិយាយតាមមាត់និងទង្វើជាក់ស្តែង ។ យក “ផែនការកម្លាំងថាមពលអគ្គិសនីរបស់អាហ្វ្រិក”ជាឧទាហរណ៍ កាលពីខែមិថុនាឆ្នាំ២០១៣ លោក Obama ប្រធានាធិបតីអាមេរិកកាលនោះបានប្រកាសពីផែនការនេះខណៈពេលលោកទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង ដែលបានអះអាងថា នឹងឱ្យតំបន់អាហ្វ្រិកដែលនៅតែមានភាពងងឹតត្រូវបំភ្លឺដោយចង្កៀង ។ ប៉ុន្តែគិតមកទល់ចុងឆ្នាំ២០២០ បរិមាណផលិតថាមពលអគ្គិសនីជាក់ស្តែងមិនដល់១ភាគ៤នៃពាក្យសន្យានោះទេ ។
ក្រោយពី៨ឆ្នាំកន្លងទៅ ពាក្យសន្យារបស់រដ្ឋាភិបាលលោក Joe Biden ចំពោះអាហ្វ្រិកត្រូវគេមានការសង្ស័យដូចគ្នា ពីព្រោះ ការវិនិយោគតម្លៃ៥ម៉ឺន៥ពាន់លានដុល្លារអាមេរិកត្រូវចែកឱ្យប្រទេសអាហ្វ្រិកប្រហែល៥០ ដែលមិនគ្រាន់តែនឹងអនុវត្តក្នុងរយៈពេលបីឆ្នាំប៉ុណ្ណោះទេ ថែមទាំងវិនិយោគនេះនឹងដាក់ចូលក្នុងថវិកានៅឆ្នាំ២០២៣និងអនុវត្តនៅឆ្នាំ២០២៤ ព្រមពេលជាមួយគ្នានេះ នឹងប្រឈមនឹងបញ្ហាដែលសភារាស្ត្រដែលកាន់កាប់ដោយបក្សសាធារណរដ្ឋអាចអនុម័តថវិកាឬអត់ទៀតផង ។
និយាយចំពោះអាហ្វ្រិកនាពេលបច្ចុប្បន្ន ប្រការដែលត្រូវការបំផុត គឺជំនួយដ៏ពិតប្រាកដនិងស្មោះត្រង់របស់ប្រទេសធំៗ ។ សហរដ្ឋអាមេរិកគួរតែគោរពអាហ្វ្រិកយ៉ាងប្រាកដប្រជា ធ្វើការងារជាក់ស្តែងសម្រាប់ឱ្យអាហ្វ្រិក ដើម្បីធ្វើឱ្យប្រជាជនអាហ្វ្រិកចាប់អារម្មណ៍ពីមនោសញ្ចេតនាដ៏ស្មោះត្រង់របស់អាមេរិក ក៏ដូចជាទទួលបានការជឿទុកចិត្តពីអាហ្វ្រិកតាមរយៈការអនុវត្តជាក់ស្តែង ៕