កាលពីថ្ងៃទី២០ខែធ្នូ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងថា អ៊ីរ៉ង់រីករាយសម្រេចការចរចាស្តីពីការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ដែលបើកធ្វើនៅក្រុងវីយ៉េន រដ្ឋធានីប្រទេសអូទ្រីសតាមសេចក្តីព្រាងច្បាប់ជាសមិទ្ធផលដែលសម្រេចបាននៅពេលមុននេះ ។
តាមដំណឹងពីវេបសាយនៃក្រសួងការបរទេសអ៊ីរ៉ង់ឱ្យដឹងថា ថ្ងៃដដែល លោក Hossein Amir-Abdollahian បានថ្លែងដូចខាងលើនៅពេលជួបសន្ទនាជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបនៅក្រុងអាម៉ាន់ រដ្ឋធានីហ៊្សកដានី ។ លោក Hossein Amir-Abdollahian បានថ្លែងទៀតថា ដើម្បីឈានដល់កិច្ចព្រមព្រៀង ភាគីពាក់ព័ន្ធគួរតែចៀសវាងធ្វើឱ្យបញ្ហាក្លាយជារឿងនយោបាយ ប្រកាន់អាកប្បកិរិយាជាក់ស្តែងនិងធ្វើសេចក្តីសម្រេចចិត្តដ៏ចាំបាច់ ។
លោក Josep Borrell បានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមថា ភាគីទាំងពីរបាន “ឯកភាពគ្នាថា ចាំបាច់ត្រូវរក្សាភាពរលូនខាងទំនាក់ទំនង ហើយអនុវត្តកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ជាថ្មីឡើងវិញលើមូលដ្ឋាននៃការចរចាក្រុងវីយ៉េន ។”