កាលពីថ្ងៃទី១៩ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Huang Xilian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនបានអញ្ជើញចូលរួមពិធីដាក់ឱ្យប្រើប្រាស់ការិយាល័យ AEO របស់រដ្ឋបាលគយហ្វីលីពីននិងថ្លែងសុន្ទរកថា ។
លោក Huang Xilian បានសម្តែងការអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ការិយាល័យ AEO របស់រដ្ឋបាលគយហ្វីលីពីនព្រមទាំងលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ការិយាល័យ AEO របស់រដ្ឋបាលគយហ្វីលីពីនជាសញ្ញាកត់សម្គាល់ថា ដំណើរធ្វើយន្តការភាវូបនីយកម្មនៃគម្រោង AEO របស់ហ្វីលីពីនឈានចូលដំណាក់កាលថ្មីមួយ ។ ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងហ្វីលីពីនទទួលបានសមិទ្ធផលយ៉ាងច្រើន ទំហំពាណិជ្ជកម្មរវាងចិននិងហ្វីលីពីនបានកើនឡើងទ្វេដង ដែលឡើងដល់៨ម៉ឺន២ពាន់៥០លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ហ្វីលីពីនក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ។ ស្ថាប័នគយជាច្រកទ្វារនៃពាណិជ្ជកម្មទ្វេភាគី កំណើនយ៉ាងឆាប់រហ័សនៃទំហំពាណិជ្ជកម្មរវាងចិននិងហ្វីលីពីនគឺមិនអាចឃ្លាតចេញពីការគាំទ្រយ៉ាងខ្លាំងរបស់ស្ថាប័នគយនោះទេ ។
លោក Huang Xilian បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ប្រព័ន្ធគយរបស់ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងជំរុញការទទួលស្គាល់គ្នាទៅវិញទៅមកចំពោះគម្រោង AEO ។ រំពឹងទុកថា ការទទួលស្គាល់គ្នាទៅវិញទៅមកចំពោះគម្រោង AEO រវាងគយចិននិងគយហ្វីលីពីននឹងអាចសម្រេចក្នុងពេលឆាប់ៗ ដើម្បីជំរុញកិច្ចសម្រួលនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត ៕