នៅថ្ងៃទី ២០ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រារព្ធធ្វើកិច្ចប្រជុំបើកចំហស្តីពីបញ្ហាអាហ្វហ្កានីស្ថាន ។ លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះដោយបានអំពាវនាវសហគមន៍អន្តរជាតិឱ្យបង្កើនការគាំទ្រនិងផ្តល់ជំនួយដល់អាហ្វហ្កានីស្ថាន ។
លោក Zhang Jun បានលើកឡើងថា ប្រជាជនអាហ្វហ្កានីស្ថានមិនគួរត្រូវបំភ្លេចទេ ហើយសហគមន៍អន្តរជាតិត្រូវបង្កើនកម្លាំងដើម្បីផ្តល់ការគាំទ្រនិងផ្តល់ជំនួយកាន់តែច្រើន ។ ទាក់ទិននឹងរឿងនេះ លោកបានអធិប្បាយពីសំណើ ៤ ចំណុច៖
ទីមួយ ត្រូវប្រយុទ្ធប្រឆាំងនឹងភេរវនិយមយ៉ាងមុតមាំ ។ ទីពីរ ត្រូវជួយអាហ្វហ្កានីស្ថានឱ្យចេញផុតពីការលំបាកខាងជីវភាពរស់នៅរបស់ប្រជាជន ។ ទីបី ត្រូវគាំទ្រអាហ្វហ្កានីស្ថានឱ្យសម្រេចបាននូវការអភិវឌ្ឍដ៏ល្អប្រសើរ ។ ទីបួន ត្រូវរក្សាកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទង ។
លោក Zhang Jun បានថ្លែងទៀតថា ប្រទេសចិនគាំទ្រអង្គការសហប្រជាជាតិឱ្យដើរតួនាទីដ៏សំខាន់ក្នុងការជួយអាហ្វហហ្កានីស្ថានសម្រេចបាននូវការស្តារឡើងវិញដោយសន្តិភាព ហើយរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកកាន់តែច្រើនដល់ការសម្រេចបាននូវសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងប្រទេសអាហ្វហ្កានីស្ថាន ៕