ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការកែសម្រួលគោលនយោបាយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិននឹងនាំមកនូវការប៉ាន់ប្រមាណកាន់តែល្អប្រសើរនៃសេដ្ឋកិច្ចប្រទេសចិន
2022-12-20 09:22:58cri
Share with:

មិនធ្វើតេស្តអាស៊ីដនុយគ្លេអ៊ិចនិងកូដសុខភាពទៀតពេលទៅតំបន់ផ្សេងទៀត មិនបាច់ស្កេនកូដនិងពិនិត្យកំដៅខ្លួនខណៈពេលចូលក្នុងកន្លែងសាធារណៈ អ្នកឆ្លងជំងឺកូវីដ១៩ដែលគ្មានរោគសញ្ញាឬមានរោគសញ្ញាស្រាលអាចស្នាក់នៅក្នុងផ្ទះ។ល។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានកែសម្រួលឱ្យប្រសើរឡើងនូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដែលបូករួមទាំងខ្លឹមសារក្នុង១០វិស័យដូចជាកំណត់តំបន់ហានិភ័យដោយចំគោលដៅនិងវិទ្យាសាស្ត្រ កែលម្អវិធីធ្វើចត្តាឡីស័ក ពន្លឿនការចាក់វ៉ាក់សាំងឱ្យមនុស្សចាស់ជរានិងបង្កើនការធ្វើស្ថិតិអំពីសភាពការណ៍សុខភាពនិងគ្រប់គ្រងដោយចែកជាប្រភេទនៃហ្វូងមនុស្សដ៏សំខាន់ជាដើម ។ បច្ចុប្បន្ននេះ ការធ្វើដំណើរទៅតំបន់ផ្សេងទៀតរបស់អ្នកផងទាំងពួងគឺមានភាពរលូនជាសន្សឹមៗ សង្គមចិនកំពុងបោះជំហានទៅកាន់ភាពប្រក្រតីនៃផលិតកម្មនិងជីវភាពរស់នៅឡើងវិញ ។

ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រឈមមុខនឹងការរីករាលដាលសាចុះសាឡើងនៃជំងឺកូវីដ១៩ រដ្ឋាភិបាលចិនបានធ្វើការចាត់ចែងនិងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលបានដឹកនាំប្រទេសចិនប្រគល់តារាងពិន្ទុគួរឱ្យកត់សម្គាល់ ពោលគឺប្រទេសចិនក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់ដែលសម្រេចបាននូវកំណើនវិជ្ជមានខាងសេដ្ឋកិច្ចមុនគេបង្អស់លើទូទាំងពិភពលោកនៅឆ្នាំ២០២០ ទំហំសេដ្ឋកិច្ចបានលើសពី១១០ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២១ ដែលគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង៥,១ភាគរយក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។ល។តារាងពិន្ទុនេះគឺជាភស្តុតាងដែលបានបញ្ជាក់ថា មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកប្រធានរដ្ឋចិន Xi Jinping ជាប្រមុខស្នូលបានដឹកនាំប្រជាជនចិនជាង១ពាន់លាននាក់ ឆ្លងកាត់ការសាកល្បងគ្រប់បែបយ៉ាង ជំរុញសេដ្ឋកិច្ចចិនពុះពារឧបសគ្គនិងរីកចម្រើនទៅមុខដោយអង់អាចក្លាហាន ។

ទន្ទឹមនឹងការកែសម្រួលឱ្យប្រសើរឡើងឥតឈប់ឈរនូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិន ខេត្ត Zhejiang ខេត្ត Jiangsu និងខេត្ត Sichuan ជាដើមបានចេញទៅបរទេស ដើម្បីទាក់ទាញពាណិជ្ជករឬសហគ្រាសបរទេសមកធ្វើអាជីវកម្មនៅប្រទេសចិន ក៏ដូចជាពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ ។ ក្រុងប៉េកាំងបានបង្កើនកម្លាំងជួយសហគ្រាសពុះពារឧបសគ្គ ហើយចាត់វិធានការជាច្រើនដើម្បីជំរុញឱ្យពន្លឿនការធ្វើផលិតកម្មនិងធ្វើការងារឡើងវិញ ។ បច្ចុប្បន្ននេះ អត្រាធ្វើការងារឡើងវិញនៃសហគ្រាសជាច្រើនក្នុងតំបន់អភិវឌ្ឍន៍បច្ចេកទេសសេដ្ឋកិច្ចនៃក្រុងប៉េកាំងបានកើនឡើងជាបណ្តើរៗ ដែលបានធ្វើឱ្យរបៀបរៀបរយផលិតកម្មមានប្រក្រតីភាពឡើងវិញ ។

បន្ទាប់ពីបានកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ គំនិតស្តីពី"មនុស្សម្នាក់ៗសុទ្ធតែត្រូវធ្វើជាអ្នកទទួលខុសត្រូវទីមួយនៃសុខភាពរបស់ខ្លួន"ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។អាចឃើញថា នៅកន្លែងជាច្រើន ដូចជាស្ថានីយរថភ្លើង ព្រលានយន្តហោះ ផ្សារទំនើបនិងមន្ទីរពេទ្យជាដើមអ្នកផងទាំងពួងសុទ្ធតែពាក់ម៉ាស់ដោយស្ម័គ្រចិត្ត ។ ពេលតម្រង់ជួររង់ចាំ មនុស្សទាំងឡាយក៏អាចរក្សាគម្លាតសុវត្ថិភាពដោយស្ម័គ្រចិត្តផងដែរ ។ នៅកន្លែងសាធារណៈ មានបុគ្គលិកការងារសម្លាប់មេរោគឥតឈប់ឈរ ដែលបានផ្ដល់នូវអារម្មណ៍សុវត្ថិភាពដល់មនុស្សទាំងឡាយ ។

បច្ចុប្បន្ននេះ គោលនយោបាយបង្ការជំងឺកូវីដ១៩របស់ចិនកំពុងមានភាពប្រសើរឡើងឥតឈប់ឈរ ដែលមិនអាចចៀសវាងពីដំណាក់កាលសម្របខ្លួនឡើយ។ រដ្ឋាភិបាលចិនអំពាវនាវឱ្យបង្កើនការចាក់វ៉ាក់សាំងលើមនុស្សគ្រប់រូប ជាពិសេសគឺមនុស្សចាស់ជរា ហើយគូសបញ្ជាក់ថា នឹងបង្កើនការផ្គត់ផ្គង់ឱសថនិងត្រៀមបម្រុងធនធានវេជ្ជសាស្ត្រ ព្រមទាំងតម្រូវឱ្យពន្លឿនការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធជួយសង្គ្រោះនិងព្យាបាលជំងឺដោយបែងចែកតាមថ្នាក់និងប្រភេទជាដើម ការធ្វើបែបនេះមិនត្រឹមតែដើម្បីសមស្របនឹងសំណូមពរនៃស្ថានការណ៍ថ្មីក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីបំណងដើមរបស់ប្រទេសចិនស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បងក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ។

ប្រទេសចិនប្រកាន់ខ្ជាប់ការរៀបចំចាត់ចែងឱ្យបានកាន់តែល្អប្រសើរនូវការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ផ្តោតសំខាន់លើការជំរុញដំណើរការនៃសេដ្ឋកិច្ចឱ្យមានភាពប្រសើរឡើងវិញជាទូទៅ នេះនឹងក្លាយជាកម្លាំងចលករដ៏ធំបំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ ។ វិធានការថ្មីបានគូសបញ្ជាក់ពីភាពចំគោលដៅនិងប្រសិទ្ធភាពក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ វាមិនត្រឹមតែនឹងដើរតួនាទីធានាដល់ការងារនិងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងក៏នឹងតាំងមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននៅពេលអនាគតផងដែរ ៕

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស