សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលប្រារព្ធឡើងក្នុងមួយឆ្នាំម្តងបានធ្វើឡើងនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូ ។ សន្និសីទបានបូកសរុបនូវការងារសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ ធ្វើការវិភាគចំពោះស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ននិងរៀបចំចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ ។ សន្និសីទនេះបានសង្កត់ធ្ងន់ថា "ឆ្នាំក្រោយ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការ"តម្កល់ទុកភាពនឹងនរជាចម្បង ហើយស្វែងរកការអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃភាពនឹងនរ" "ជំរុញដំណើរការសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរឡើងវិញទាំងមូល សម្រេចបាននូវការលើកស្ទួយប្រកបដោយប្រសិទ្ធភាពនៃគុណភាពនិងកំណើនដោយសមហេតុផលនៃបរិមាណ ក៏ដូចជាមានការចាប់ផ្តើមដ៏ល្អក្នុងកិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ" បទបង្ហាញទាំងនេះបានផ្តល់ការណែនាំច្បាស់លាស់សម្រាប់ការងារសេដ្ឋកិច្ចនៅឆ្នាំក្រោយ ហើយក៏ជាដំណឹងល្អសម្រាប់ពិភពលោកផងដែរ ។
ការសិក្សាស្រាវជ្រាវទាំងជាតិនិងអន្តរជាតិជាច្រើនបានបង្ហាញឱ្យឃើញថា ដោយសាររងឥទ្ធិពលពីកត្តាជាច្រើន កំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿនយ៉ាងលេចធ្លោនៅឆ្នាំ ២០២២ ហើយសេដ្ឋកិច្ចសកលនឹងបន្តមានភាពថមថយចុះនៅឆ្នាំ ២០២៣ ។ ក្នុងបរិបទបែបនេះ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ការរក្សាដំណើរការដោយនឹងនរនៃសេដ្ឋកិច្ចចិន វាមានសារសំខាន់ណាស់ ។
ប្រព័ន្ធសារព័ត៌មានបរទេសបានសង្កេតឃើញថា សន្និសីទលើកនេះបានបញ្ជាក់ថា ត្រូវផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ត្រូវតម្កល់ទុកការស្តារឡើងវិញនិងពង្រីកការប្រើប្រាស់ជាអាទិភាព ។កាលពីប៉ុន្មានថ្ងៃមុន ប្រទេសចិនបានដាក់ចេញ《ផែនការយុទ្ធសាស្រ្តស្តីពីការពង្រីកតម្រូវការក្នុងស្រុក(២០២២-២០៣៥)》។ បច្ចុប្បន្ននេះ ចំនួនប្រជាជនចិនបានលើសពី ១ ពាន់ ៤ រយលាននាក់ ផលិតផលក្នុងស្រុកសរុប គឺ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៃប្រទេសចិនបានលើសពី១២០០០ដុល្លារអាមេរិក ហើយអនុបាតនៃការចំណាយចុងក្រោយរបស់ប្រជាជនចិនក្នុងGDPបានលើសពី ៥០ ភាគរយក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា គឺជាទីផ្សារចំណាយដែលមានសក្តានុពលបំផុតនៅទូទាំងពិភពលោក ។ ការពង្រីកតម្រូវការក្នុងស្រុករបស់ប្រទេសចិនមុខជានឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យសហគ្រាសនៃបណ្តាប្រទេសនានាចូលក្នុងទីផ្សារចិនដ៏ធំធេង ក៏ដូចជាធ្វើឱ្យ"ទីផ្សារចិនក្លាយទៅជាទីផ្សារសកល ទីផ្សារអាចចែករំលែកបាននិងទីផ្សាររបស់អ្នកទាំងអស់គ្នា"ថែមមួយកម្រិតទៀត ។
"ភាពបើកទូលាយ"គឺជាពត៌មានច្បាស់លាស់មួយទៀតដែលសន្និសីទលើកនេះបញ្ជូនទៅកាន់ពិភពលោក ។ សន្និសីទលើកនេះបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស ពង្រីកដោយនឹងនរនូវការបើកទូលាយជាប្រព័ន្ធខាងវិស័យក្បួនច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដាជាដើម ហើយបានលើកឡើងថា នឹងខំប្រឹងឱ្យអស់សមត្ថភាពថែមមួយកម្រិតទៀតដើម្បីកៀរគរនិងប្រើប្រាស់ទុនបរទេស។ នាថ្មីៗកន្លងទៅនេះ លទ្ធផលនៃការស៊ើបអង្កេតរបស់សភាពាណិជ្ជកម្មអាល្លឺម៉ង់នៅចិននិងសភាពាណិជ្ជកម្មអូស្ត្រាលីនៅចិនបានបង្ហាញថា សហគ្រាសដែលផ្តល់បទសម្ភាសន៍ភាគច្រើនមានអាកប្បកិរិយាសុទិដ្ឋិនិយមចំពោះកាលានុវត្តភាពទីផ្សារនិងប្រាក់កំរៃរបស់ខ្លួននៅប្រទេសចិន ។
សូមបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ ។ សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលប្រារព្ធឡើងបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបង្ហាញទៅកាន់ពិភពលោកនូវភាពធន់នៃសេដ្ឋកិច្ច សក្ដានុពលនៃទីផ្សារ ភាពរស់រវើកនៃនវានុវត្តន៍និងភាពក្លាហាននៃការបើកទូលាយរបស់ប្រទេសចិន ។ ឱ្យតែការធ្វើទំនើបកម្មតាមបែបផែនចិនដើរឱ្យកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ពិភពលោកក៏នឹងទទួលបានឱកាសឈ្នះ-ឈ្នះកាន់តែច្រើនផងដែរ ៕