ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បណ្តាភាគីនានាគួរតែជំរុញយ៉ាងសកម្មនូវ“គ្រាក្រុងប៉ារីស”ដើម្បីអភិរក្សជីវចម្រុះសកល
2022-12-17 10:44:47cri
Share with:

      យប់ថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ដំណាក់កាលទីពីរនៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥ ដែលបើកធ្វើនៅក្រុងMontreal ប្រទេសកាណាដា  ដោយបានអំពាវនាវថា “ រួមគ្នាជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ រួមគ្នាបង្កើតសហគមន៍រួមជីវិតរបស់ភពផែនដី ក៏ដូចជារួមគ្នាកសាងពិភពលោកដ៏ស្រស់ប្រិមប្រិយ ” ព្រមទាំងបានលើកឡើងនូវគំនិតផ្តួចផ្តើមបួនចំណុចដើម្បីសម្រេចបាននូវគោលដៅនេះ ។ នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់ប្រទេសចិនក្នុងនាមជាប្រទេសប្រធានផ្លាស់វេននៃកិច្ចប្រជុំ COP15 ដើម្បីជំរុញអភិបាលកិច្ចជីវចម្រុះសកល ។

      បច្ចុប្បន្ននេះ ជីវចម្រុះប្រឈមនឹង “វិបតិ្តនិងឱកាស” ។ ទីមួយគឺ “វិបតិ្ត”  ក្នុងរយៈពេល១រយឆ្នាំកន្លងមក សកម្មភាពរបស់មនុស្សជាតិបណ្តាលឱ្យល្បឿនផុតពូជជីវសាស្រ្តលឿនជាងការផុតពូជដោយធម្មជាតិលើសពី១០០ដង ។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា តាមការប៉ាន់ប្រមាណ ដល់ឆ្នាំ២០៣០ ការថមថយចុះនៃប្រព័ន្ធបរិស្ថានសកលនឹងបណ្តាលឱ្យមានការខាតបង់ចំនួន៣ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ ទីពីរគឺ “ឱកាស” ។ គោលដៅសំខាន់បំផុតរបស់កិច្ចប្រជុំ COP15 គឺតាក់តែងនិងអនុម័ត “ក្របខ័ណ្ឌជីវចម្រុះសកលបន្ទាប់ពីឆ្នាំ២០២០ ” ។ បើសិនជាអាចសម្រេចបាន នោះនឹងបង្កើត “ឱកាសជាប្រវត្តិសាស្ត្រ” ក្នុងការកំណត់គោលដៅនិងមធ្យោបាយយ៉ាងច្បាស់លាស់ ដើម្បីការពារជីវចម្រុះក្នុងរយៈពេល១០ឆ្នាំឬកាន់តែយូរនៅពេលអនាគត ។

      ក្នុងបរិបទបែបនេះ កិច្ចប្រជុំ COP15 បានធ្វើឡើងក្រោមប្រធានបទ “អរិយធម៌អេកូឡូស៊ី៖ រួមគ្នាកសាងសហគមន៍រួមជីវិតរបស់ភពផែនដី” ។ ថ្លែងក្នុងសុន្ទរកថាលើកនេះ លោក Xi Jinping បានអំពាវនាវថា ត្រូវប្រមូលផ្តុំគំនិតឯកភាពរួមស្តីពីការអភិរក្សជីវចម្រុះ ជំរុញដំណើរសកលនៃការអភិរក្សជីវចម្រុះ ជំរុញការអភិវឌ្ឍបៃតង គាំពាររបៀបរៀបរយសកលនៃការអភិរក្សជីវចម្រុះប្រកបដោយភាពយុត្តិធម៌និងសមហេតុផល តាមរយៈការអភិរក្សជីវចម្រុះ ។ គំនិតផ្តួចផ្តើមចំណុចទាំងបួននេះ បានកំណត់គោលដៅផង ហើយក៏មានមធ្យោបាយផង ដែលបានចង្អុលបង្ហាញនូវទិសដៅសម្រាប់ការគ្រប់គ្រងជីវចម្រុះសកល ។

       ដើម្បីរួមគ្នាកសាងសហគមន៍រួមជីវិតរបស់ភពផែនដី ប្រទេសចិនបានធ្វើសកម្មភាពយ៉ាងប្រាកដប្រជា ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាប្រទេសដែលមានប្រភពធនធានព្រៃឈើកើនឡើងច្រើនជាងគេ និងមានទំហំដីដាំដើមឈើបង្កើតព្រៃសិប្បនិមិត្តធំជាងគេនៅលើពិភពលោក ហើយបានក្លាយជាប្រទេសដែលមាន “ទីក្រុងដីសើមអន្តរជាតិ”ច្រើនបំផុតនៅលើពិភពលោក ក្រៅពីនេះ ប្រទេសចិនក៏បាននិងកំពុងបង្កើតជាប្រព័ន្ធឧទ្យានជាតិធំជាងគេនៅលើពិភពលោកផងដែរ ។ល។ “ប្រការឈានមុខ”ទាំងនេះ ជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីជំរុញកិច្ចកសាងអរិយធម៌អេកូឡូស៊ី និងការអភិរក្សាជីវចម្រុះ ។

      ពេលវេលាមិនរង់ចាំពួកយើងទេ ។ ក្រោមកិច្ចសម្របសម្រួលនិងជំរុញយ៉ាងសកម្មរបស់ប្រទេសចិន បណ្តាភាគីនានាគួរតែបង្ហាញការបេ្តជ្ញាចិត្តនិងកម្លាំងប្រតិបតិ្ត រួមគ្នាជំរុញការអនុម័ត “ក្របខ័ណ្ឌជីវចម្រុះសកលបន្ទាប់ពីឆ្នាំ២០២០ ”  ដើម្បីនាំមកនូវ “គ្រាក្រុងប៉ារីស”ដល់ការអភិរក្សជីវចម្រុះសកល ក៏ដូចជាបង្កើតឱកាសដ៏ល្អប្រសើរ ដើម្បីរួមគ្នាបង្កើតសហគមន៍រួមជីវិតរបស់ភពផែនដីផងដែរ ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស