ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតដែលមានភាពកាន់តែស៊ីជម្រៅឥតឈប់ឈរ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោកផងដែរ
2022-12-10 17:05:04cri
Share with:

កាលពីថ្ងៃទី៨ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលគាល់ព្រះបាទ Salman bin Abdul Aziz Al Saud ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅព្រះបរមរាជវាំងក្នុងទីក្រុងរីយ៉ាត ព្រមទាំងជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតផងដែរ ។ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមអំពីការជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតទទួលបានការអភិវឌ្ឍកាន់តែធំ ។ និពន្ធនាយកនៃ«កាសែតរីយ៉ាត»របស់អារ៉ាប៊ីសាអ៊ូឌីតបានចុះផ្សាយបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចលើកនេះមុខជានឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតឡើងដល់កម្រិតថ្មីថែមទៀត ដើម្បីត្រួសត្រាយអនាគតកាន់តែភ្លឺស្វាងសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីតនិងចិន ។

បច្ចុប្បន្ននេះ ស្ថានភាពប្រែប្រួលដែលមិនធ្លាប់មានក្នុងរយៈពេល១សតវត្សរ៍កន្លងមកបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចពិភពលោកខ្វះកម្លាំងស្តារឡើងវិញ ។ ប្រទេសប៉ែកខាងលិចមួយចំនួនអនុវត្តឯកតោភាគីនិយមនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ដែលបានធ្វើឱ្យស្ថានការណ៍ភូមិសាស្ត្រនយោបាយមានភាពកាន់តែតានតឹង ។ ក្នុងស្ថានការណ៍ថ្មីនេះ ភាគីទាំងពីរធ្វើឱ្យទំនុកចិត្តខាងនយោបាយគ្នាទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងបង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោកផងដែរ ។

 ផលប្រយោជន៍របស់ភាគីចិនក៏ជាផលប្រយោជន៍របស់ភាគីអារ៉ាប៊ីសាអ៊ូឌីតដែរ ។ ការសម្តែងអាកប្បកិរិយារបស់ព្រះបាទ Salman ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបែបនេះបានទាក់ទាញការយកចិត្តទុកដាក់របស់ប្រព័ន្ធសារព័ត៌មានជាច្រើន ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ភាគីទាំងពីរចិននិងអារ៉ាប៊ីសាអ៊ូឌីតសុទ្ធតែបានបង្ហាញពីការគាំទ្រខាងនយោបាយយ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក ។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះអារ៉ាប៊ីសាអ៊ូឌីតក្នុងការបន្តដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ។ ព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះភាគីចិនដោយប្រើ ការគាំទ្រយ៉ាងមុតមាំចំនួនបីនិង ការប្រឆាំងជាដាច់ខាតចំនួនមួយ ។ ក្នុងបរិបទដែលស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិមានភាពបម្រែបម្រួលយ៉ាងខ្លាំងនិងស្មុគ្រស្មាញនាពេលបច្ចុប្បន្ន ចិននិងអារ៉ាប៊ីសាអ៊ូឌីតបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរៀងខ្លួន ដើម្បីផ្តល់ការការពារនិងធានាដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតក្នុងយុគសម័យថ្មី ។

ចំណងមិត្តភាពរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតមានភាពកាន់តែស៊ីជម្រៅ ក៏ត្រូវការកម្លាំងចលករក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែរ ។ ក្នុងបរិបទដែលជំងឺកូវីដ១៩បានរីករាលដាល នៅទូទាំងពិភពលោក ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងអារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំ២០២១នៅតែកើនឡើង៣០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ដែលបានបង្ហាញយ៉ាងពេញលេញនូវភាពធន់នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ។ ពេលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ភាគីចិនគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដ៏សំខាន់មួយចំនួន ដូចជា ទស្សនទានឆ្នាំ២០៣០និង មជ្ឈិមបូព៌ាបៃតងជាដើមរបស់ភាគីអារ៉ាប៊ីសាអ៊ូឌីត ហើយគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែអនុវត្តឱ្យបានល្អនូវការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវនិង ទស្សនទានឆ្នាំ២០៣០របស់អារ៉ាប៊ីសាអ៊ូឌីត ។ នេះបានចង្អុលបង្ហាញនូវទិសដៅសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិននិងអារ៉ាប៊ីសាអ៊ូឌីត ។

យើងមានហេតុផលជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតដែលមានភាពកាន់តែស៊ីជម្រៅឥតឈប់ឈរ នឹងនាំមកនូវក្តីសង្ឃឹមកាន់តែល្អបវរដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំក្នុងការគាំពារសន្តិភាពនិងស្ថិរភាពនៃមជ្ឈិមបូព៌ានិងជំរុញការអភិវឌ្ឍនិងវិបុលភាពរបស់ពិភពលោក ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស