នៅប្រទេសចិន ពេលនិយាយដល់ប្រទេសអារ៉ាប់ ក៏អាចផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួតបានដែរ ។ រឿងអក្សរសិល្ប៍របស់អារ៉ាប់《The Arabian Nights》មានឈ្មោះល្បីរន្ទឺនៅក្នុងប្រទេសចិន ។ បើរំលឹកឡើងវិញពីដំណើរប្រាស្រ័យទាក់ទងរវាងចិននិងអារ៉ាប់ជាងពីរពាន់ឆ្នាំកន្លងមក មិនថាស្នូរកណ្តឹងសត្វអូដ្ឋនិងខ្លុយ Qiang បានលាន់ឮនៅលើផ្លូវសូត្របុរាណ ឬក៏ការរួមសុខរួមទុក្ខ ដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិឡើងវិញរហូតដល់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការព្រមនិងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះលើផ្ទៃអន្តរជាតិក៏ដោយ ក៏ភាគីទាំងពីរបានប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ជំនឿទុកចិត្តនិងការគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរទាំងស្រុងជាប់រហូត ។
មុនពេលបើកធ្វើការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតាឆ្នាំ ២០២២ កម្លាំងនយោបាយមួយចំនួនរបស់បស្ចិមប្រទេសបានឃោសនាបំប៉ោងពីអ្វីដែលហៅថា "ការធ្វើពហិការផែ្នកការទូត"ក្រោមលេស"សិទ្ធិមនុស្ស" ។ ប្រទេសចិនបានផ្តល់ការគាំទ្រផែ្នកនយោបាយយ៉ាងមុតមាំដល់កាតា ក៏ដូចជាឆ្លងតាមរយៈមធ្យោបាយគ្រប់បែបយ៉ាងដើម្បីគាំទ្រកាតាក្នុងការរៀបចំការប្រកួតបាល់ទាត់ពានពិភពលោក ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះការធ្វើឱ្យការប្រកួតកីឡាក្លាយទៅជាបញ្ហានយោបាយ ។
គួររំលឹកថា បើនិយាយចំពោះចិននិងអារ៉ាប់ ការគាំទ្រគ្នាផ្នែកនយោបាយមិនដែលអវត្តមានឡើយ ។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានរៀបចំតាមពេលកំណត់ ។ ខណៈពេលដែលប្រទេសភាគតិចបានឃោសនាបំប៉ោងពីការធ្វើពហិការចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនដូចជា អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម កាតាជាដើមបានមកដល់ប្រទេសចិន ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ដូចជាបានសម្តែងការគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិនតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ។
កាលពីខែសីហា ឆ្នាំ ២០២២ លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ។ ប្រទេសអារ៉ាប់ចំនួន ២២ ទាំងអស់បានរំលឹកឡើងវិញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ក្នុងនោះ មានរដ្ឋាភិបាលនៃប្រទេសចំនួន ១៨ បានបញ្ចេញសំឡេងជាសាធារណៈដើម្បីគាំទ្រប្រទេសចិន ។
គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឬទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសអារ៉ាប់ចំនួន ១២ ព្រមនិងសម្ព័ន្ធអារ៉ាប់។
"ជំនឿទុកចិត្តបែបនេះគឺមិនអាចបំបែកបំបាក់បានទេ ហើយក៏មិនអាចប្រើលុយមកទិញបាននោះដែរ ។" ពាក្យសម្តីនេះដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងពេលថ្លែងសុន្ទរកថានៅឯទីស្នាក់ការទូទៅរបស់សម្ព័ន្ធអារ៉ាប់កាលពីខែមករាឆ្នាំ ២០១៦ បានបង្ហាញពីអត្ថន័យពិតនៃចំណងមិត្តភាពរវាងចិននិងអារ៉ាប់ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងសម្ព័ន្ធអារ៉ាប់បានរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធដែលបង្ហាញពីភាពរស់រវើកនៃចំណងមិត្តភាពរវាងចិននិងអារ៉ាប់ដែលបានឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ។
ប្រទេសចិននិងអារ៉ាប់យល់ដឹងពីគ្នា និងរាប់អានជាមួយគ្នាដោយមកពីផ្លូវសូត្រ ដើមឡើយគឺជាដៃគូសហប្រតិបត្តិការក្នុងការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ជាមួយប្រទេសអារ៉ាប់ចំនួន ២០ ព្រមនិងសម្ព័ន្ធអារ៉ាប់ ។
នាពេលបច្ចុប្បន្ននេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសអារ៉ាប់ដូចជា 《យុទ្ធសាស្ត្រថាមពលចម្រុះជានិរន្តរភាពឆ្នាំ ២០៣៥ 》របស់អេហ្ស៊ីប 《ទស្សនទានឆ្នាំ ២០៣០ 》របស់អារ៉ាប៊ីសាអូឌីតនិង《ទស្សនទានជាតិឆ្នាំ ២០៣០ 》របស់កាតាជាដើមសុទ្ធតែបានផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅជាមួយនឹងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"របស់ចិន ។ ប្រការនេះមានន័យថា កិច្ចសហប្រតិបត្តិការរវាងចិននិងអារ៉ាប់មិនត្រឹមតែមានប្រវត្តិសាស្ត្រពណ៌ចម្រុះនិងបច្ចុប្បន្នភាពដ៏រស់រវើកប៉ុណ្ណោះទេ ថែមទាំងក៏មានអនាគតដែលគួរជាទីរំពឹងទុកផងដែរ ៕