"ស្ថានភាពអន្តរជាតិមានភាពកាន់តែច្របូកច្របល់ ការប្រកួតប្រជែងសកលក៏កាន់តែលេចធ្លោ ហើយក៏កាន់តែបង្ហាញឱ្យឃើញនូវសារសំខាន់នៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបផងដែរ"។ ថ្ងៃទី១ខែធ្នូ លោក Xi Jinpingប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Michelប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងប៉េកាំង។ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងនូវសំណើចំនួន៤ចំណុចស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប ដោយរំពឹងថាសហភាពអឺរ៉ុបនឹងក្លាយទៅជាដៃគូដ៏សំខាន់របស់ប្រទេសចិនក្នុងការដើរលើផ្លូវនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ លោកMichelបានសំដែងថា សហភាពអឺរ៉ុបរីករាយធ្វើជាដៃគូសហប្រតិបត្តិការដែលអាចជឿទុកចិត្តបានរបស់ប្រទេសចិន។នេះបានបង្ហាញពីឆន្ទៈវិជ្ជមានរបស់ភាគីទាំង២ ក្នុងការជំរុញទំនាក់ទំនងរវាងចិននិងអឺរ៉ុបឱ្យវិវឌ្ឍរីកចម្រើនទៅមុខ។
ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Michel លើកនេះ គឺជាការជួបប្រាស្រ័យផ្លូវការលើកដំបូងរវាងមេដឹកនាំកំពូលចិននិងថ្នាក់ដឹកនាំស្ថាប័នសហភាពអឺរ៉ុបបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ នេះហើយក៏ជាដំណើរទស្សនកិច្ចនៅប្រទេសចិនលើកដំបូងបន្ទាប់ពីលោកឡើងកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ វេបសាយផ្លូវការនៃក្រុមប្រឹក្សាអឺរ៉ុបបានចេញផ្សាយដំណឹងនាពេលថ្មីៗកន្លងទៅនេះថា ក្នុងបរិបទនៃភូមិសាស្ត្រនយោបាយ និងបរិយាកាសសេដ្ឋកិច្ចដ៏តានតឹងបែបនេះ ដំណើរទស្សនកិច្ចលើកនេះគឺជា "ឱកាសទាន់ពេលវេលា" សម្រាប់អឺរ៉ុបនិងចិនធ្វើការប្រាស្រ័យទាក់ទងគ្នា។
ចិននិងអឺរ៉ុបគឺជាកម្លាំងធំ២ ក្នុងការគាំពារសន្តិភាពពិភពលោក ជាទីផ្សារធំ២សម្រាប់ជំរុញការអភិវឌ្ឍរួម និងជាអរិយធម៌ធំ២សម្រាប់ជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ។ជានិច្ចកាល ភាគីចិនតែងតែប្រើក្រសែភ្នែកយុទ្ធសាស្រ្តនិងវែងឆ្ងាយទៅមើលទំនាក់ទំនងរវាងចិននិងអឺរ៉ុប ។
"ត្រូវប្រកាន់ខ្ជាប់នូវការយល់ដឹងដ៏ត្រឹមត្រូវ" "ត្រូវគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានសមរម្យ" "ត្រូវធ្វើកិច្ចសហប្រតិបត្តិការដែលមានកម្រិតកាន់តែខ្ពស់" "ត្រូវពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ" លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតចំនួន៤ចំណុចស្តីពីការពង្រីកទំនាក់ទំនងរវាងចិននិងអឺរ៉ុបក្នុងកិច្ចជំនួប ដែលបានផ្តល់វិធីរួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវសម្រាប់ភាគីទាំង២។
ក្នុងជំនួបពិភាក្សា លោកMichelបានសន្យាថា សហភាពអឺរ៉ុបប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន សហភាពអឺរ៉ុបរីករាយរៀបចំការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយភាគីចិនក្នុងដំណាក់កាលក្រោយឱ្យបានល្អ ឆ្លងតាមរយៈការពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដោយផ្ទាល់ ដើម្បីកាត់បន្ថយការយល់ច្រឡំនិងការវិនិច្ឆ័យខុស ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហការគ្នា។ ការសម្តែងឥរិយាបថទាំងនេះ គឺវិជ្ជមានណាស់។
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាកត្តាគន្លឹះនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបជាប់រហូតមក។ ក្នុងរយៈពេល១០ខែដំបូងក្នុងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអឺរ៉ុបបានឡើងដល់៧សែន១ម៉ឺន១ពាន់៤រយលានដុល្លារអាមេរិក ដែលបានកើនឡើង៦ក្បៀស៣ភាគរយ។ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទី១របស់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបន្តក្លាយជាដៃគូពាណិជ្ជកម្មធំទី២របស់ប្រទេសចិន។ចិននិងអឺរ៉ុបបានបង្កើតជាទំនាក់ទំនងបំពេញបន្ថែមគ្នាខាងសេដ្ឋកិច្ចយ៉ាងខ្លាំង ។
ស្ថានការណ៍អន្តរជាតិមានភាពកាន់តែច្របូកច្របល់ កិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុបក៏កាន់តែមានសារសំខាន់។ សង្ឃឹមថា ភាគីអឺរ៉ុបអាចប្រកាន់ខ្ជាប់នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ រួមសហការជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុបដើរឱ្យកាន់តែឆ្ងាយនិងកាន់តែរឹងមាំ និងនាំមកនូវឱកាសកាន់តែច្រើនដល់គ្នាទៅវិញទៅមក ហើយក៏បានបំពេញបន្ថែមនូវស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានភាពច្របូកច្របល់៕