រសៀលថ្ងៃទី២៨ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ភាគីទាំងពីរឯកភាពគ្នាថា នឹងពួតដៃគ្នាដើម្បីជំរុញការកសាងទំនើបកម្ម ហើយឈានដល់គំនិតឯកភាពរួមដ៏សំខាន់អំពីការរួមគ្នាកសាងសហគមន៍រួមវាសនារវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី ។ ប្រទេសទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដែលបានបញ្ចេញសញ្ញាវិជ្ជមានថា ទំនាក់ទំនងទ្វេភាគីបានឈានចូលដំណាក់កាលថ្មីនិងបានឡើងដល់កម្រិតថ្មីថែមទៀត ។
ក្នុងការជួបពិភាក្សាការងារ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងខិតខំប្រឹងប្រែងឆ្ពោះទៅកាន់ទិសដៅស្តីពីការកសាងសហគមន៍រួមវាសនារបស់ប្រទេសទាំងពីរដែលរួមរស់នៅដោយសន្តិភាព ជួយយកអាសាគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយប្រការនេះនឹងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំក្នុងយុគសម័យថ្មី ។
សន្តិភាពជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ ។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនរីករាយរួមជាមួយភាគីម៉ុងហ្គោលីគោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពដែនដីគ្នាទៅវិញទៅមក គោរពផ្លូវអភិវឌ្ឍន៍រៀងៗខ្លួន ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកអំពីបញ្ហាដែលពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា ។ លោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលីរំលឹកឡើងវិញថា ភាគីម៉ុងហ្គោលីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយប្រទេសចិនតែមួយ ហើយគូសបញ្ជាក់ថា ភាគីម៉ុងហ្គោលីគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយភាគីចិន ។ ទំនុកចិត្តខ្ពស់ខាងនយោបាយបែបនេះបានចាក់គ្រឹះដ៏រឹងមាំក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ។
យោងតាមទិន្នន័យបានបង្ហាញថា ចិនបានក្លាយជាប្រទេសប្រភពនៃការវិនិយោគនិងដៃគូពាណិជ្ជកម្មធំទីមួយរបស់ម៉ុងហ្គោលីក្នុងរយៈពេល១៨ឆ្នាំជាប់ៗគ្នា ។ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងម៉ុងហ្គោលីគឺមានចំនួនលើសពី៦០ភាគរយនៃទំហំពាណិជ្ជកម្មជាមួយបរទេសសរុបរបស់ម៉ុងហ្គោលី ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងម៉ុងហ្គោលីបានវាយទម្លុះ១ម៉ឺនលានដុល្លារអាមេរិកជាលើកដំបូង ។ ក្នុងបរិបទដែលជំងឺកូវីដ១៩បានរីករាលដាលនិងសេដ្ឋកិច្ចពិភពលោកពិបាកស្តារឡើងវិញ តើប្រទេសទាំងពីរចិននិងម៉ុងហ្គោលីនឹងបន្តទទួលបានកម្លាំងចលករអភិវឌ្ឍន៍តាមរបៀបណា?
លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងកិច្ចជំនួបថា ភាគីទាំងពីរគួរតែជំរុញការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”និងគំនិតផ្តួចផ្តើមស្តីពី “ផ្លូវវាលស្មៅ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិង “គោលនយោបាយងើបឡើងវិញថ្មី”របស់ម៉ុងហ្គោលី ក៏ដូចជាគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ “ដើរដោយចែកជាពីរជំហាន”របស់ចិននិងគោលនយោបាយអភិវឌ្ឍន៍យូរអង្វែងស្តីពី “ផែនការឆ្នាំ២០៥០”របស់ភាគីម៉ុងហ្គោលី ។ “ក្បាលម៉ាស៊ីនធំទាំងបី”នេះនឹងជំរុញពីមុំយុទ្ធសាស្ត្រនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការរួមគ្នាកសាងសហគមន៍រួមវាសនារវាងប្រទេសទាំងពីរចិននិងម៉ុងហ្គោលីក្នុងយុគសម័យថ្មី ។
ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បានគ្រោងរួចហើយ ចិននិងម៉ុងហ្គោលីដែលជាប្រទេសជិតខាងល្អ មិត្តភក្តិល្អនិងជាដៃគូល្អ ពួតដៃគ្នារីកចម្រើនទៅមុខលើផ្លូវកសាងទំនើបកម្ម មុខជានឹងសម្រេចបាននូវការអភិវឌ្ឍរួមនិងវិបុលភាពរួមក្នុងយុគសម័យថ្មីជាក់ជាមិនខាន ៕