ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា លោកប្រធានរដ្ឋចិនXi Jinpingបំពេញទស្សនកិច្ចនៅបរទេសជាលើកដំបូងបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានធ្វើឱ្យពិភពលោកយល់ដឹងពីប្រទេសចិនកាន់តែច្បាស់
2022-11-22 15:35:42cri
Share with:

លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២១ខែវិច្ឆិកាថា កាលពីថ្មីៗកន្លងទៅនេះ លោកប្រធានរដ្ឋចិនXi Jinpingអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំG20លើកទី១៧និងសន្និសីទក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិកលើកទី២៩ និងបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសថៃ។ ដំណើរទស្សនកិច្ចលើកនេះគឺជាសកម្មភាពការទូតរបស់ប្រមុខរដ្ឋចិនដែលមានសារៈសំខាន់និងប្រកបដោយសមិទ្ធផលជាផ្លែផ្កាបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលធ្វើឱ្យពិភពលោកយល់ដឹងពីប្រទេសចិនកាន់តែច្បាស់។

លោកស្រីMao Ningបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនXi Jinpingបានលើកឡើងផែនការចិនជូនចំពោះពិភពលោកដោយបានអំពាវនាវឱ្យបណ្តាប្រទេសមានទស្សនៈបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ និងជំរុញការអភិវឌ្ឍសកលដែលកាន់តែប្រកបដោយបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ជាទូទៅនិងមានភាពធន់។

លោកស្រីMao Ningបានបន្តទៀតថា ដំណើរទស្សនកិច្ចនេះក៏ជាការរួមបញ្ចូលគ្នាជាមួយពិភពលោកដែរ។ មានប្រទេសកាន់តែច្រើននៅលើពិភពលោកបានទទួលស្គាល់ថាការអភិវឌ្ឍរបស់ប្រទេសចិនគឺជាការរីកចម្រើននៃកម្លាំងសន្តិភាពនិងវឌ្ឍនភាព ប្រទេសចិនគឺជាមិត្តភក្តិនិងជាដៃគូដែលគួរឱ្យទុកចិត្តនិងត្រូវធ្វើកិច្ចសហការជាមួយ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស