ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តួនាទីដ៏សំខាន់របស់ចិននៅក្នុងAPEC
2022-11-21 14:54:48cri
Share with:

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) គឺជាវេទិកាអន្តររដ្ឋាភិបាលសម្រាប់សេដ្ឋកិច្ចសមាជិកចំនួន២១នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលលើកកម្ពស់ពាណិជ្ជកម្មសេរីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក   ។  APECបានចាប់ផ្តើមនៅឆ្នាំ១៩៨៩ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី  APECត្រូវបានទទួលស្គាល់ថាជាប្លុកពហុភាគីកម្រិតខ្ពស់បំផុតមួយ និងវេទិកាចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានឥទ្ធិពលជាសាកលយ៉ាងសំខាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការពឹងពាក់គ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងការមកដល់នៃប្លុកពាណិជ្ជកម្មក្នុងតំបន់នៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក។

ចាប់តាំងពីឆ្នាំ១៩៩១មក ចិនបានដើរតួនាទីកាន់តែសំខាន់ និងបាននាំAPEC ឱ្យក្លាយជាសមាជិកគ្រួសារដ៏ធំ ។ ដូចដែលយើងបានកត់សម្គាល់កន្លងមក បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងនាមជាដៃគូសន្ទនារបស់អាស៊ាន ចិនបានចូលរួមជាមួយAPEC ក្នុងគោលបំណងពង្រីកទីផ្សារកាន់តែទូលាយសម្រាប់ផលិតផលកសិកម្ម និងវត្ថុធាតុដើម ។ កិច្ចសហប្រតិបត្តិការនេះបានផ្សារភ្ជាប់នូវផលប្រយោជន៍រួមរបស់APEC នៅក្នុងការជំរុញសេដ្ឋកិច្ចបើកចំហនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អមជាមួយនឹងការអភិវឌ្ឍប្រកបដោយនវានុវត្តភាព ការតភ្ជាប់គ្នានៃកំណើន និងធ្វើការផ្សារភ្ជាប់ផលប្រយោជន៍ ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ចិនបានផ្តួចផ្តើមនាំសេដ្ឋកិច្ចទាំងអស់នៅក្នុងតំបន់ត្រូវតែធ្វើការរួមគ្នាដើម្បីកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកនៃការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយកិច្ចការនេះនឹងបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូល។

វត្តមានរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ នៅប្រទេសថៃ នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់បង្កើននូវគំនិតផ្តួចផ្តើមរបស់ចិនសម្រាប់APEC ដែលយើងនឹងអាចមើលឃើញយ៉ាងជាក់ច្បាស់ចំនួន ៤ ចំណុចសំខាន់គឺ ទី១-ចិននឹងបន្តចូលរួមជំរុញទំនាក់ទំនងគ្នា ការផ្លាស់ប្តូរគ្នា និងការបន្តធ្វើការអភិវឌ្ឍដោយនវានុវត្តន៍ ដោយបំប្លែងការយល់ស្របគ្នានោះឲ្យទៅជាសកម្មភាពជាក់ស្តែង ។ ទី២-ចិនបង្កើនស្មារតីប្រកៀកស្មាជាមួយ APEC ក្នុងការដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខរួមជាមួយគ្នា ។ ទី៣-ចិនខិតខំធ្វើការរួមគ្នាជាមួយ APEC ដើម្បីកសាងវេទិកានៃកិច្ចសហប្រតិបត្តិការដោយឈរលើពហុភាគី។  ភាពជាដៃគូរបស់ចិន មានន័យថាចិននឹងបន្តចូលរួមធ្វើការក្នុងគោលដៅរួម ដើម្បីបន្ស៊ីជាមួយគំនិតផ្តួចផ្តើមសំខាន់ៗនានាដែលចិនបានបង្កើតឡើង ។ ទី៤-ចិនបន្តល្បឿននៃការអភិវឌ្ឍរួមគ្នាជាមួយទៅវិញទៅមក APEC តាមរយៈគោលគំនិតមិនប្រែប្រួលរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការសិក្សាពីគ្នាទៅវិញទៅមក។ ចិនបានចូលរួមជាមួយAPECក្នុងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសដល់សមាជិកនានាដើម្បីផ្តល់ភាពពេញលេញដល់ភាពសម្បូរបែបនៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ទាញយកកម្លាំងពីគ្នាទៅវិញទៅមក បង្កើនអានុភាពកាន់តែប្រសើរឡើងនៃឥទ្ធិពលនៃសកម្មភាពដែលទាក់ទងគ្នា និងសម្រេចបាននូវការអភិវឌ្ឍរួម ហើយនេះជាតួនាទីដ៏សំខាន់របស់ចិននៅក្នុង APEC ដែលនឹងផ្តល់នូវការពង្រីកបណ្តាញដ៏សំខាន់មួយសម្រាប់ដំណើរការនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចពិភពលោក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងជំរុញកំណែទម្រង់ និងការបើកចំហក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ ៕

ចិនយល់ច្បាស់ណាស់ថា បើទោះបីជាបច្ចុប្បន្ន មនុស្សជាតិកំពុងរស់នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយការរីកចម្រើនផ្នែកទ្រព្យសម្បត្តិសម្ភារៈ ការជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា   ហើយអារ្យធម៌របស់មនុស្សមានការរីកចម្រើនជាងពេលណាៗទាំងអស់ តែជម្លោះក្នុងតំបន់បានកើតឡើងជាញឹកញាប់ ហើយពិភពលោកក៏កំពុងជួបបញ្ហាប្រឈមជាសកល ដូចជា អ័ព្ទនៃជំងឺCovid-19 បញ្ហាភេរវនិយម ជនភៀសខ្លួន ភាពក្រីក្រ និងភាពអត់ការងារធ្វើជាដើម ។ ដោយប្រឈមនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចក្នុងពេលតែមួយ ចិនបាននិងកំពុងស្វះស្វែងរកដំណោះស្រាយដែលជាស្មារតីរបស់ចិនដោយមានហ្សែនជាអ្នកសង់ស្ពានមេត្រីភាព ជាអ្នកស្នេហាសន្តិភាព ជាអ្នកដែលមានភក្តីភាពចំពោះការអភិវឌ្ឍសកល និងជាអ្នករួមចំណែកយ៉ាងសកម្មនិងស្វាហាប់ក្នុងការគោរពបាននូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ នោះច្បាស់ណាស់ថា ចិននឹងបន្តសហការជាមួយបណ្តាសមាជិករបស់ APEC រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ហើយកំណត់ទិសដៅដ៏ត្រឹមត្រូវសម្រាប់សកលភាវូបនីយកម្មសេដ្ឋកិច្ច ៕

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អ្នកបកប្រែ:李庆莉
ប្លុកពិសេស