ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចកាត់ផ្ដាច់ពីអាស៊ីប៉ាស៊ីហ្វិកបានទេ ហើយវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិកក៏មិនអាចកាត់ផ្ដាច់ពីប្រទេសចិនផងដែរ
2022-11-21 14:07:42cri
Share with:

      កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លើកទី ២៩ បានបិទបញ្ចប់នៅប្រទេសថៃ  ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះដោយលើកឡើងនូវគំនិតផ្តួចផ្តើមនិងវិធានការជាក់ស្តែងសំខាន់ៗមួយចំនួនជុំវិញការកសាងសហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិកនិងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ជាដើមដែលទទួលបានការឆ្លើយតបនិងគាំទ្រយ៉ាងសកម្មពីបណ្តាភាគីនានា ។ កិច្ចប្រជុំលើកនេះបានអនុម័តលើឯកសារសមិទ្ធិផលសំខាន់ៗចំនួនពីរ គឺសេចក្តីប្រកាសរបស់មេដឹកនាំអង្គការ APECនិងគោលដៅក្រុងបាងកកស្តីពីសេដ្ឋកិច្ចបៃតងតាមវិធីវិលជុំខាងជីវសាស្រ្តដែលបានឆ្លុះបញ្ចាំងពីគោលនយោបាយនិងគំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់ប្រទេសចិន ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ពាក្យសម្តីសំខាន់ៗរបស់លោកប្រធានរដ្ឋចិន Xi Jinping បានបំភ្លឺដល់"ពេលវេលាអាស៊ី"សម្រាប់អភិបាលកិច្ចសកល ហើយប្រទេសចិនបានក្លាយជាកម្លាំងនាំមុខគេដែលសាមគ្គីគ្រប់ភាគីទាំងអស់ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួម ។

       អង្គការ APEC គឺជាវេទិកាដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ក្នុងនាមជា"ប្រទេសនាំមុខគេ"និង"ក្បាលម៉ាស៊ីន"នៃសេដ្ឋកិច្ចពិភពលោក តើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងវិវឌ្ឍរីកចម្រើនទៅរកទិសដៅយ៉ាងណានិងដើរតាមផ្លូវណា ? វាមិនត្រឹមតែពាក់ព័ន្ធដល់អនាគតនិងជោគវាសនានៃតំបន់នេះប៉ុណ្ណោះទេ ថែមទាំងក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ ។ កិច្ចប្រជុំរបស់អង្គការ APEC ឆ្នាំនេះបានធ្វើឡើងក្រោមប្រធានបទ "ការបើកទូលាយ តភ្ជាប់គ្នានិងតុល្យភាព"ដែលបានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់មហាគ្រួសារអាស៊ីប៉ាស៊ីហ្វិក ។

      ប្រទេសចិនគឺជារដ្ឋសមាជិកដ៏សំខាន់នៃអង្គការ APEC ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APECឆ្នាំនេះ  លោក Xi Jinping ប្រធានរដ្ឋចិនបានអំពាវនាវឱ្យកសាងសហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិកដែលប្រកបដោយសន្តិភាព ស្ថិរភាព ភាពសម្បូរសប្បាយរួម ភាពស្រស់ស្អាតនិងជួយគ្នាទៅវិញទៅមកដោយសង្កត់ធ្ងន់ថា "ត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដនិងគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី" "ត្រូវប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ជាទូទៅនិងមានភាពបរិយាប័ន្ន ព្រមនិងសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ" "ត្រូវប្រកាន់ខ្ជាប់នូវការបើកចំហកិច្ចសហប្រតិបត្តិការក្នុងតំបន់និងរួមគ្នាជំរុញវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិក ។"

      បើមើលពីសុន្ទរកថាគន្លឹះទាំងនេះ មជ្ឈដ្ឋានខាងក្រៅអាចឃើញថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តោតសំខាន់លើពាក្យគន្លឹះមួយនេះ ពោលគឺ "សហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិក"ដោយបានអំពាវនាវឱ្យបណ្តាភាគីនានា"គាំពារទិសដៅត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក" ក៏ដូចជាបានអធិប្បាយពីបញ្ហាថា"តើត្រូវជំរុញឱ្យកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកមានភាពកាន់តែស៊ីជម្រៅតាមរបៀបណា" ។

      ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចកាត់ផ្ដាច់ពីអាស៊ីប៉ាស៊ីហ្វិកបានទេ ហើយវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិកក៏មិនអាចកាត់ផ្ដាច់ពីប្រទេសចិនផងដែរ ។ អង្គការ APEC បានកំណត់គោលដៅដ៏មហិមាស្តីពីការបង្កើត"សហគមន៍រួមនៃអាស៊ីប៉ាស៊ីហ្វិក"នៅឆ្នាំ ២០៤០ ដែលបានផ្សារភ្ជាប់និងជំរុញគ្នាទៅវិញទៅមកជាមួយនឹងទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិកដែលប្រទេសចិនបានលើកឡើងនោះ ។ ក្នុងសុន្ទរកថាគន្លឹះរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់ អង្គការ APEC ឆ្នាំនេះ បានបន្សល់ទុកម្តងទៀតនូវ"ដានរបស់ចិន"ដ៏ជ្រាលជ្រៅលើផ្លូវអភិវឌ្ឍន៍នៃអាស៊ីប៉ាស៊ីហ្វិក ។ ប្រទេសចិនដែលបោះជំហានឆ្ពោះទៅរកការធ្វើទំនើបកម្មជាបន្តបន្ទាប់ ពិតជានឹងផ្តល់កាលានុវត្តភាពថ្មីកាន់តែច្រើនដល់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួនជាក់ជាមិនខាន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស