“ភូមិយើងមានការផ្លាស់ប្តូរខ្លាំងណាស់ កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានគិតថា នឹងមានជីវភាពល្អបែបនេះទេ ។”លោក Si Fanghua អ្នកភូមិ Suoyifan ដែលស្ថិតនៅត្រើយខាងត្បូងទន្លេលឿងបានថ្លែងដូចពោលខាងលើដោយរំភើបចិត្តនៅពេលដើរកម្សាន្តក្នុងភូមិ ។
ភូមិ Suoyifan ស្ថិតនៅភាគខាងកើតស្រុក Gaoqing ខេត្ត Shandong ដែលជាចំណុចកណ្តាលតំបន់អភិរក្សធម្មជាតិដីសើមបឹង Dalu ។ ភូមិនេះមានទឹកព័ទ្ធជុំវិញទាំងបីទិស ហើយមានទំហំដីសើមជាង៦៦៧ហិកតា ។ ស្មានមិនដល់ថា កាលពី១០ឆ្នាំមុន ដោយសាររងការបំផ្លិចបំផ្លាញពីទឹកជំនន់ទន្លេលឿងជាច្រើនលើក ភូមិ Suoyifan បានលេចចេញដីអំបិលដែលមានទំហំធំ បណ្តាលឱ្យការប្រមូលផលដំណាំបានតិចណាស់ ។ កាលពីឆ្នាំ២០០១ បន្ទាប់ពីវិស្វកម្មបង្ហូរទឹកទន្លេលឿងទៅក្នុងក្រុង Zibo កសាងរួច ភូមិ Suoyifan បានកកើតទៅជារចនាសម្ព័ន្ធដែលមានបឹងមានបាតជាដីខ្សាច់ព័ទ្ធជុំវិញទាំងបីទិស ។ ឆ្លងកាត់ការគរនឹងបាតបឹងជាច្រើនឆ្នាំ ផ្ទៃទឹកនៃបឹងមានបាតជាដីខ្សាច់បានកកើតទៅជាដីសើមអេកូឡូស៊ីដែលមានទំហំជាង២៦៧ហិកតា ។ បច្ចុប្បន្ននេះ ដោយមានឧត្តមភាពអេកូឡូស៊ីដ៏វិសេសវិសាលនេះ ភូមិ Suoyifan បានសាងសង់អាងចិញ្ចឹមត្រី ស្រះដាំមើមឈូកនិងដាំស្រូវ ។ ក្រៅពីនេះ ភូមិ Suoyifan បានពឹងផ្អែកទៅលើធនធានអេកូឡូស៊ី អភិវឌ្ឍទេសចរណ៍ជនបទដោយពេញទំហឹង ដែលបង្កើតកម្មវិធីលក្ខណៈពិសេសនៃទេសចរណ៍ជនបទដូចជា ស្ទូចត្រី បេះផ្លែឈើនិងស្នាក់នៅក្នុងផ្ទះជនបទជាដើម ។ នៅឆ្នាំ២០២១ ភូមិ Suoyifan បានទទួលអ្នកទេសចរសរុបចំនួន២សែននាក់ ហើយចំណូលរបស់អ្នកភូមិគិតជាមធ្យមបានលើកកម្ពស់ពី៨ពាន់យាន់ប្រាក់ចិននៅឆ្នាំ២០១៦ដល់៣ម៉ឺនយាន់ប្រាក់ចិននៅឆ្នាំ២០២១ ។
“ចាំបាច់ត្រូវប្រកាន់ខ្ជាប់ការធានានិងកែសម្រួលជីវភាពរស់នៅរបស់ប្រជាជនក្នុងការអភិវឌ្ឍ លើកទឹកចិត្តការតស៊ូព្យាយាមជាមួយគ្នាដើម្បីបង្កើតជីវភាពដ៏ល្អបវរ និងបំពេញតាមបំណងប្រាថ្នារបស់ប្រជាជនដែលចង់ស្វែងរកជីវភាពរស់នៅដ៏ល្អបវរឥតឈប់ឈរ ។” លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្តោតសំខាន់លើភារកិច្ចគោលដៅនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ពោលគឺលើកឡើងនូវការរៀបចំចាត់ចែងដ៏សំខាន់ចំពោះការបង្កើនសុខសុភមង្គលនៃជីវភាពរស់នៅរបស់ប្រជាជននិងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ។
ពេលថ្មីៗកន្លងទៅនេះ ការិយាល័យក្រសួងកិច្ចការស៊ីវិលនិងការិយាល័យក្រសួងហិរញ្ញវត្ថុចិនបានរួមគ្នាចេញផ្សាយសេចក្តីជូនដំណឹង ដោយបានកំណត់ថា នឹងអនុវត្តគម្រោងប្រតិបត្តិការលើកកម្ពស់សេវាកម្មធានាជីវភាពមនុស្សចាស់ជរាជាមូលដ្ឋានក្នុងផ្ទះនិងសហគមន៍ឆ្នាំ២០២២នៅតំបន់ចំនួន៤២ដូចជាខណ្ឌ Xicheng ក្រុងប៉េកាំងជាដើម ។ គម្រោងនេះនឹងផ្តល់គ្រែសម្រាប់ថែទាំមនុស្សចាស់ជរាចំនួន១សែនដល់មនុស្សចាស់ជរាដែលបាត់បង់លទ្ធភាពពលកម្មកាយសម្បទាទាំងស្រុងនិងបាត់បង់លទ្ធភាពពលកម្មកាយសម្បទាមួយចំនួនដែលមានការលំបាកខាងសេដ្ឋកិច្ច ព្រមទាំងនឹងផ្តល់សេវាកម្មថែទាំមនុស្សចាស់ជរាក្នុងផ្ទះផ្ទាល់ចំនួន២សែននាក់ ។
ប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការចលនាសុខាភិបាលស្នេហាជាតិទូទាំងប្រទេសស្ថាប័នជាសមាជិកនានានៃគណៈកម្មាធិការជំរុញប្រតិបត្តិការប្រទេសចិនប្រកបដោយសុខភាពបានធ្វើសកម្មភាពជំរុញបរិយាកាសប្រកបដោយសុខភាពល្អយ៉ាងប្រាកដប្រជា ដើម្បីកែលម្អបរិយាកាសជំរុញការលើកកម្ពស់កម្រិតសុខភាពរបស់ប្រជាជន គុណភាពបរិយាកាសរបស់ទីក្រុងនិងជនបទត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ ហើយសន្ទស្សន៍បរិយាកាសសុខភាពគ្រប់ប្រភេទបានវិវឌ្ឍទៅរកភាពវិជ្ជមានជាបន្តបន្ទាប់ ។
ក្នុងរយៈពេល១០ឆ្នាំកន្លងមក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នាស្វែងរកជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជនជាគោលដៅតស៊ូព្យាយាម ដើម្បីអនុវត្តគំនិតអភិវឌ្ឍន៍ស្តីពីការតម្កល់ទុកប្រជាជនជាស្នូលឱ្យកាន់តែស៊ីជម្រៅ ។ ពីការដែលអាយុប៉ាន់ប្រមាណគិតជាមធ្យមរបស់ប្រជាជនត្រូវលើកកម្ពស់ដល់៧៨,២ឆ្នាំ ដល់ការដែលចំណូលប្រជាជនគិតជាមធ្យមកើនឡើងពី១៦៥០០យាន់ប្រាក់ចិនដល់៣៥១០០យាន់ប្រាក់ចិន ។ ពីការបន្ថែមឱកាសការងារនៅទីក្រុងនិងជនបទគិតជាមធ្យមលើសពី១៣លាននាក់ ដល់ការកសាងរួមនូវប្រព័ន្ធអប់រំ ប្រព័ន្ធបេឡាសន្ដិសុខសង្គមដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក ព្រមទាំងការធានារ៉ាប់រងផ្នែកជរាភាពជាមូលដ្ឋានគ្របដណ្តប់មនុស្ស១ពាន់៤០លាននាក់។ល។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ អារម្មណ៍ទទួលបានផលប្រយោជន៍ អារម្មណ៍សុភមង្គលនិងអារម្មណ៍ខាងសុវត្ថិភាពរបស់ប្រជាជនកាន់តែមានភាពរឹងមាំ កាន់តែមានការធានានិងកាន់តែប្រកបដោយនិរន្តរភាព ។
សម្លឹងមើលទៅរកអនាគត មានតែពឹងផ្អែកទៅលើប្រជាជនទើបអាចបង្កើតបុព្វហេតុដ៏មហិមាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ឱ្យតែប្រកាន់ខ្ជាប់ការចាត់ទុកការបំពេញតាមបំណងប្រាថ្នារបស់ប្រជាជនដែលចង់ស្វែងរកជីវភាពរស់នៅដ៏ល្អបវរជាគោលដៅនៃកិច្ចកសាងទំនើបកម្ម នាំឱ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពកាន់តែល្អបវរនិងប្រកបដោយសុភមង្គល នោះក៏មុខជានឹងប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លារបស់ប្រជាជនចំនួន១ពាន់៤រយលាននាក់ដែលសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែភ្លឺស្វាង ៕