ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកវិវឌ្ឍន៍ទៅមុខយ៉ាងល្អប្រសើរ គួរតែមានគំនិតឯកភាពរួមនិងប្រតិបត្តិការ
2022-11-15 19:15:12cri
Share with:

រសៀលថ្ងៃទី១៤ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ ក្រោមសំណើរបស់ភាគីអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញជួបសន្ទនាទល់មុខគ្នាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងរយៈពេលជាងបីម៉ោង ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅនិងស្មោះត្រង់អំពីបញ្ហាជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអាមេរិកព្រមទាំងបញ្ហាក្នុងតំបន់និងសកលសំខាន់ៗ ដោយទទួលបានគំនិតឯកភាពរួមជាច្រើន ។ មតិអន្តរជាតិបានវាយតម្លៃយ៉ាងវិជ្ជមានជាទូទៅ ។

នេះជាកិច្ចជំនួបទល់មុខគ្នាលើកដំបូងរវាងប្រមុខរដ្ឋចិននិងអាមេរិកក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ហើយក៏ជាកិច្ចជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំពីររូបបន្ទាប់ពីលោក Joe Biden ប្រធានាធិបតីអាមេរិកឡើងកាន់មុខតំណែងមក ក៏ដូចជាការប្រាស្រ័យទាក់ទងជាលើកដំបូងរវាងមេដឹកនាំកំពូលប្រទេសទាំងពីរបន្ទាប់ពីចិននិងអាមេរិកសម្រេចបាននូវរបៀបវារៈដ៏សំខាន់រៀងៗខ្លួនក្នុងឆ្នាំនេះផងដែរ ដែលទទួលការយកចិត្តទុកដាក់កម្រិតខ្ពស់ពីទូទាំងពិភពលោក ។ កាសែតFinancial Times របស់អង់គ្លេសបានសម្គាល់ថា មេដឹកនាំចិននិងអាមេរិកបានបង្ហាញពីបំណងកែលម្អទំនាក់ទំនងទ្វេភាគី ។

បច្ចុប្បន្ននេះ មូលហេតុដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកធ្លាក់ក្នុងភាពជាប់គាំងខ្លាំងបំផុតចាប់ពីបង្កើតទំនាក់ទំនងផ្លូវទូតមក គឺដោយមកពីការយល់ដឹងរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនមានបញ្ហាហើយ ។ ដូច្នេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ក្នុងកិច្ចជំនួបថា ភាគីទាំងពីរចិននិងអាមេរិកត្រូវកាន់អាកប្បកិរិយាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ចំពោះពិភពលោកនិងចំពោះប្រជាជន ពិភាក្សាអំពីវិធីរាប់អានគ្នាដ៏ត្រឹមត្រូវរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី ដើម្បីរកបានទិសដៅត្រឹមត្រូវនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយភាពនឹងនរនិងរឹងមាំវិញ ។

ព្រមពេលជាមួយគ្នានេះ លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើបទបង្ហាញអំពីសមិទ្ធផលសំខាន់និងអត្ថន័យពិសេសនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដោយគូសបញ្ជាក់ថា គោលនយោបាយទាំងក្នុងនិងក្រៅប្រទេសនៃបក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលចិនគឺបើកចំហនិងមានតម្លាភាព ចិនមិនដែលស្វែងរកការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់នោះទេ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាមេរិក និងគ្មានចេតនាបង្ករឿងហេតុនិងជំនួសសហរដ្ឋអាមេរិកនោះទេ ។ លោក Joe Biden ប្រធានាធិបតីអាមេរិកបានថ្លែងក្នុងកិច្ចជំនួបថា ប្រទេសចិនមួយដែលប្រកបដោយស្ថិរភាពនិងការអភិវឌ្ឍគឺសមស្របនឹងផលប្រយោជន៍របស់អាមេរិកនិងពិភពលោក ។ សហរដ្ឋអាមេរិកនិងចិនគួរតែបង្ហាញទៅកាន់ពិភពលោកថា ភាគីទាំងពីរអាចគ្រប់គ្រងបាននូវការខ្វែងគំនិត ដើម្បីចៀសវាងកុំឱ្យវិវឌ្ឍន៍ទៅរកការប៉ះទង្គិចនិងបដិបក្ខគ្នាដោយសារការវិនិច្ឆ័យខុសឆ្គងឬការប្រកួតប្រជែងយ៉ាងខ្លាំង ។

មួយរយៈពេលកន្លងទៅនេះ អ្នកនយោបាយអាមេរិកមួយចំនួនអះអាងថា នឹងដាក់ របងក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក ។ ក្នុងកិច្ចជំនួបលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ការគោរពតាមក្រឹត្យក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនិងសេចក្តីប្រកាសរួមចំនួនបីរវាងចិននិងអាមេរិក នេះជាគន្លឹះសម្រាប់ភាគីទាំងពីរគ្រប់គ្រងការខ្វែងគំនិតនិងបង្ការការបដិបក្ខនិងប៉ះទង្គិចគ្នា ហើយក៏ជារបងការពារសន្តិសុខដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។

ក្នុងកិច្ចជំនួបលើកនេះ ចិននិងអាមេរិកបានឈានដល់គំនិតឯកភាពរួមអំពីបញ្ហាមួយចំនួន ដូចជា ប្រមុខរដ្ឋនៃប្រទេសទាំងពីរឯកភាពគ្នាថា ក្រុមការទូតនិងក្រុមហិរញ្ញវត្ថុរបស់ភាគីទាំងពីររក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រនិងការសម្របសម្រួលតាមកិច្ចសន្ទនា ព្រមទាំងឯកភាពគ្នាថា នឹងរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌអំពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី២៧ទទួលជោគជ័យជាដើម ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅបានឯកភាពគ្នាថា នឹងបន្តរក្សាការប្រាស្រ័យទាក់ទងជាញឹកញាប់ផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស